​ភ្នំពេញៈ នាឱកាស​អបអរ​ទិវា​មច្ឆជាតិ លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជា​នេសាទ​ឱ្យចូល​រួម​អនុវត្ត​ច្បាប់​ឱ្យបាន​គ្រប់ៗ​គ្នា ការ​ពារ និង​អភិរក្ស​ប្រភេទ​ត្រី​កម្រៗ​នៅ​កម្ពុជា​ខណៈដែល​រដូវ​នេះ​ជា​រដូវ​បិទ​នេសាទ​ផង​នោះ និង​មិន​ត្រូវធ្វើ​នេសាទ​ដែល​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ត្រី​ពង​កូន​ឡើយ​។​


​លោក នេត្រ ភក្ត្រា បាន​ថ្លែង​នៅ​ថ្ងៃទី​ ៤ ខែកក្កដា​ថា កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមជាមួយ​ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ​នានា បានធ្វើ​ការរួម​គ្នាច្រើន លើ​ការងារ​ការពារ និង​អភិរក្ស​មច្ឆជាតិ​នេះ ដោយបាន​លែង​ប្រភេទ​ត្រី​កម្រៗ​មួយចំនួន ចូលទៅ​ទន្លេមេគង្គ ដើម្បី​រក្សា​ត្រី​កម្រ និង​ឱ្យ​វា​បន្ត​ពូជ​បង្កើត​កូនចៅ រួម​នឹង​ការអភិរក្ស​ជីវចម្រុះ​ផ្សេងទៀត​ឱ្យមាន​និរន្តរ​ភាព​ផងដែរ​។

​លោក​ថ្លែងថា​៖ «​កន្លងទៅ​ប្រភេទ​ត្រី​កម្រ យើង​បាន​លែង​ត្រី​គល់រាំង ត្រី​រាជ ដើម្បីឱ្យ​វា​បន្ត​ពូជ និង​បង្កើតកូន​បន្តទៀត ពេលនោះ​បរិស្ថាន​ត្រី​កម្រៗ​ក្នុង​ធម្មជាតិ នឹងមាន​កំណើន​ឡើងវិញ​»​។ ជាមួយគ្នានេះ លោក​ នេត្រ ភក្ត្រា ក៏បាន​អំពាវនាវ​ផង​​ដែរ ដល់​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​ថែរក្សា និង​អភិរក្ស​ព្រៃ​លិច​ទឹក ដើម្បី​ជា​ជម្រក​ដល់​ត្រី​សម្រាប់​ពង​កូន​ហើយ​សម្រាប់ ប្រជាពលរដ្ឋ​ដែល​បរិភោគ​ត្រី សូមកុំ​ទិញ​ត្រី​ដែលជា​ប្រភេទ​ត្រី​កម្រ ដោយ​ត្រូវ​ចូលរួម​ការពារ​អភិរក្ស​សត្វ​ត្រី​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​


​ជាមួយគ្នា​នោះដែរ លោក ម៉ក់​សុធា​រិ​ទ្ធ អ្នកស្រាវជ្រាវ នៃ​ម​ជ្ឈ​មណ្ឌល​ត្រី​ពិភពលោក​បាន​ថ្លែងថា ត្រី​ជា​អាហារ​សំខាន់​ណាស់​សម្រាប់​មនុស្សជាតិ ជាពិសេស​ពលរដ្ឋ​កម្ពុជា ដែល​និយម​ការ​ទទួលទាន​ត្រី​ស្ទើរ​គ្រប់គ្នា ប៉ុន្តែ​នៅពេលដែល​មានតែ​ការទទួល​ទាន​ត្រី​តែ​មិនមាន​ការថែទាំ​ធន​ធាន​នោះ​ជា​រឿង​គួរឱ្យ​ព្រួយបារម្ភ​។​

​លោក​បន្ថែមថា ការថែទាំ​តំបន់​ជម្រក​ត្រី​ពង​កូន ជា​រឿង​ចាំបាច់ ដោយ​ត្រូវការ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ខណៈដែល​កន្លងទៅ​មន្ត្រី​ជំនាញ​របស់​រដ្ឋា​ភិ​បាល ធ្វើ​បានល្អ​ច្រើន​ហើយ លើ​ការងារ​នេះ ប៉ុន្តែ​ទាមទារ​ឱ្យមាន​កិច្ចសហការ​ល្អ​ពី​ប្រជា​នេ​សាទ​ផងដែរ ទើប​ការងារ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​។​


​លោក​ថា​៖ «​បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា​ធនធាន​ត្រី​របស់​យើង​ហាក់​ថមថយ​បន្តិច​ដោយ​សារ​តែ​ការយល់ដឹង​របស់​ពល​រដ្ឋ​ដែលជា​អ្នកនេសាទ​និង​អ្នក​បរិ​ភោគ​នៅមានកម្រិត​។ យើង​ត្រូវ​ចូលរួម​បន្តទៀត​ក្នុងការ​ថែរក្សា ទន្លេ ស្ទឹង បឹងបួ ធម្មជាតិ​នានា ឱ្យបាន​ល្អ ទាំង​ការអភិរក្ស​ព្រៃ​លិច​ទឹក និង​កុំ​នេសាទ​នៅ​រដូវ​បិទ​នេ​សាទ​ជាដើម​»​។

​លោក​បន្តថា​តួអង្គ​សំខាន់​ជាងគេ ក្នុងការ​ថែរក្សា អភិរក្ស​ត្រី​កម្រ និង​ធនធាន​ជីវ​ចម្រុះ​នេះ គឺ​សហគមន៍​នេសាទ និង​សហគមន៍​ការពារ ជា​អ្នក​ដែល​នៅ​កៀក​នឹង​ជីវចម្រុះ​ក៏ដូចជា​ត្រី​ទាំងនោះ ដែលជា​រឿង​សំខាន់​ណាស់ ដែល​រាជរដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នានា គួរ មានការ​លើកទឹកចិត្ត​បន្ថែម តាមរយៈ​ការរៀបចំ​ច្បាប់​យន្តការ​នានា ការបណ្តុះបណ្តាល និង​ផ្តល់ជំនួយ​គាំទ្រ​ជាដើម ដើម្បីឱ្យ​ការងារ​នេះ​កាន់តែ​រលូន​។​

​គួរ​រំឭក​ដែរ​ថា នៅ​ដើមឆ្នាំ ​២០២៣ រដ្ឋាភិបាល និង​គម្រោង​អច្ឆរិយ​មេគង្គ បាន​លែង​ត្រី​ប្រភេទ​កម្រ ចូលក្នុង​ទន្លេមេគង្គ និង​ទន្លេសាប​ជាង​ ៥ ពាន់​ក្បាល ដើម្បី​ទុកឱ្យ​វា​បាន​បន្ត​ពូជ​និង​អាច​បង្កើន​ចំនួន​ត្រី​កម្រ​។ ត្រី​ប្រភេទ​កម្រ​ជាច្រើន​ប្រភេទ​ដែល​ត្រូវបាន​លែង​នោះ​រួមមាន ត្រី​រាជ​ធំ​ ២ ​ក្បាល ត្រី​គល់រាំង និង​ត្រី​ប្រា​ធំ សរុប​ចំនួន ៥ ០០២ ក្បាល​។​

​សូមជម្រាបថា ប្រភេទ​ត្រី​ធំៗ​ទាំងនោះ​មានដូចជា ត្រី​រាជ ត្រី​គល់រាំង ត្រី​ប្រា​ធំ ពោ​ព្រុយ និង​ត្រី​ត្រសក់​ដែលជា​ប្រភេទ​ត្រី​ជិត​ផុត​ពូជ បានចាប់ផ្តើម​បំ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប នា​ចុង​ខែតុលា​រហូតដល់​ខែធ្នូ ដោយ​ឆ្លង​កាត់​ទន្លេសាប រួច​ឆ្ពោះទៅកាន់​អន្លង់​ជ្រៅៗ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តកំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង​៕