​ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​បើក ​«​យុទ្ធ​​នា​ការគាំទ្រ​ការអប់រំ​ឌីជីថល សម្រាប់​សិស្សានុសិស្ស​នៅ​គ្រឹះ​ស្ថាន​មធ្យមសិក្សា រាជធានី​ភ្នំ​ពេញ​»​ ចាប់ពី​ថ្ងៃទី​ ១៣ ដល់​ថ្ងៃទី​ ២០ កក្កដា នៅតាម​វិទ្យាល័យ​​រដ្ឋ​ទាំងអស់​នៅ​ភ្នំពេញ​។​


​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ចេញផ្សាយ​ថ្ងៃទី​ ៤ កក្កដា​ឱ្យដឹងថា យុទ្ធនាការ​នេះ​ធ្វើឡើង ក្នុង​គោលដៅ​លើកកម្ពស់​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​ឱ្យបាន​កាន់តែ​ប្រសើរ និង​ប្រកប​ដោយ​គុណភាព​ក្នុង​យុគសម័យ​ឌីជីថល​។ យុទ្ធនាការ​នេះ​នឹងត្រូវ​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការអប់រំ​ឌីជីថល និង​ការអប់រំ​ពី​ចម្ងាយ ដោយមាន​កិច្ចសហការ​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ និង​មន្ទីរអប់រំ រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​តាមរយៈ​យុទ្ធនាការ​នេះ គរុ​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ និង​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​គរុ​កោ​ស​ល្យ រាជធានី​ភ្នំពេញ នឹង​ផ្ដល់ជូន​ដល់​សិស្សានុសិស្ស​ពី​ថ្នាក់​ទី១០ ដល់​ថ្នាក់​ទី​១២ ដោយ​ផ្តល់​ការបណ្តុះបណ្តាល​នៅតាម​ថ្នាក់​រៀន​នីមួយៗ​ដោយផ្ទាល់ លើ​ប្រធានបទ​ចំនួន​៦»​។ ប្រធានបទ​សំខាន់​ទាំង​ ៦​ នោះ​រួមមាន​ទី​១ ការ​ស្វែងយល់​ពី​វិធីសាស្ត្រ​រៀន ទី​២ ការរៀន​ដោយ​ស៊ីជម្រៅ ដោយ​ប្រើប្រាស់​ធនធាន​សិក្សា​ចម្រុះ​។​


​ទី​៣ ការរៀន​តាមបែប​ព​ន្លឿ​ន សម្រាប់​សិស្ស​ដែល​រៀន​យឺត​ឬ​ពុំ​សូវ​យល់ច្បាស់​លើ​មេរៀន​។ ទី​៤ ការបង្កើត​ក្លិប​សិក្សា​សម្រាប់​សិស្ស​រៀន​យឺត ទី​៥ ការ​បំប៉ន​សមត្ថភាព​ត្រៀមប្រឡង​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ទី​៦ ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ Duraseksa ដោយ​សិស្ស​អាច​ទទួលបាន​ធនធាន​សិក្សា ដែលមាន​លក្ខណៈ​ពេញលេញ ចម្រុះ និង​សម្បូរបែប​។

​លោក​ ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ រាជធានី​ភ្នំពេញ​ឱ្យដឹងថា យុទ្ធនាការ​នេះ​នឹងត្រូវ​អនុវត្ត​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា​រដ្ឋ​ចំនួន ​៣៨ នៅ​ភ្នំពេញ​ហើយ​សិស្ស​ជាង​ ៤០​ ពាន់​នាក់ ដែល​កំពុង​សិក្សា​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ នឹង​ទទួល​ការបណ្តុះ​បណ្តាល​ដោយ​គរុ​និស្សិត និង​គរុ​សិស្ស​ស្ម័គ្រចិត្ត​ចំនួន ៣៦៧​ នាក់ ដែល​ត្រូវ​ចុះ​ផ្ទាល់​ទៅកាន់​ថ្នាក់រៀន ជិត ​១ ០០០​ បន្ទប់​។


​លោក​ថា បន្ទាប់ពី​ទទួលបាន​លិខិត​ប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ លោក​បាន​ផ្ញើ​បន្ត​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ទៅ​មន្ត្រី​ដើម្បី​ផ្សព្វ​ផ្សាយ​ទៅ​គ្រឹះស្ថាន​មធ្យមសិក្សា ទាំង​រដ្ឋ និង​ឯកជន​។ «​ឥឡូវ​យើង​ឱ្យ​តាម​សាលា​គាត់​ត្រៀម​សហ​​ការ ត្រៀម​អនុវត្ត​។ នៅ​ថ្ងៃ​ ១១ កក្កដា ទើប​យើង​អញ្ជើញ​ពួកគាត់​មក​ប្រជុំ ហើយ​មាន​ក្រុមការងារ​ជំនាញ​ដែលមាន​គ្រូ មាន​គរុ​និស្សិត និង​មន្ត្រី​ជំនាញ​ចុះទៅ​ជា​មួយ​ចាប់ពី​ថ្ងៃទី​ ១៣ ​កក្កដា​»៕