ភ្នំពេញៈ តាំងពី​ដឹងក្តី​ពេលណា​មក លោក ចាប តូ តែងតែ​គិតថា នឹង​មើល​អ្វីៗ​ឃើញ​ដូច​ក្មេង​ដទៃទៀត​ដែរ តែ​ភ្នែក​ទាំង​គូ​បែរជា​ងងឹត​ទៅវិញ​។ ទោះ​យ៉ាងណា ការរស់នៅ​ក្នុង​សភាព​ងងឹត​បែបនេះ​មិនបាន​ធ្វើឱ្យ​កុមារា​ ចាប តូ បាក់​ទឹកចិត្ត​ឡើយ​។ ផ្ទុយទៅវិញ កាន់តែ​ជំរុញ​ទឹក​ចិត្ត​លោក​ឱ្យ​តស៊ូ​រៀនសូត្រ​រហូត​ទទួលបាន​តំណែង​ជា​អនុរដ្ឋលេខាធិការ​មួយរូប​នាពេល​បច្ចុប្បន្ន​។


​ស្ថិតក្នុង​សភាព​អាវធំ​ពណ៌​ខ្មៅ​ជាមួយ​ក្រវាត់ក និង​ខោ​ពណ៌​ខ្មៅ​ដែល​ភ្នែក​ខាងស្តាំ​បិទ​ជិត​ហាក់​កម្រើក​មិនបាន ហើយ​ភ្នែក​ម្ខាង​ទៀត​អាច​ប៉ប្រិច​បាន​ក្នុង​កាយវិការ​កំពុង​ឱន​ធ្វើ​គារវ​កិច្ច​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​សម្តេច​ម៉ែ នោះ​ហើយ​គឺជា​រូបលោក ចាប តូ អាយុ​៣០​ឆ្នាំ​ដែល​បានបង្ហាញ​នៅក្នុង​រូបថត​ពេល​លោក​ចូលគាល់​សម្ដេច​ព្រះមហា​​ក្ស​ត្រី ន​រោ​ត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​។​

​លោក​គឺជា​ជនពិការភ្នែក​ម្នាក់ ហើយក៏​ជា​ជន​មាន​ពិការភាព​លើកដំបូង​គេ​នៅ​កម្ពុជា​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​តាមរយៈ​ការ​ក្រាបបង្គំ​ទូលថ្វាយ​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិសម្បទា​។​


​លោក​ ចាប តូ បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍ ​ដឹងថា លោក​មានស្រុក​កំណើត​នៅ​ភូមិ​ថ្មី សង្កាត់​ច្រក​​ម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង និង​មាន​បងប្អូន​ ៤ ​នាក់ ​(​ស្រី​ ២ ​នាក់​)​ ហើយ​លោក​ជា​កូន​ទី​៣ តែ​ក្នុងចំណោម​បងប្អូន​ទាំង​ ៤​ នាក់​គឺមាន​តែ​លោក​ម្នាក់​គត់​ដែល​ពិការភ្នែក​ទាំងសងខាង​ពី​កំណើត​។​

​លោក​ត្រូវបាន​ឪពុកម្តាយ​បញ្ជូន​ឱ្យ​រៀន​នៅ​សាលា​បឋម​សិក្សា​ព្រៃ​ទុប ក្នុង​សង្កាត់​ច្រក​ម្ទេស ក្រុង​ស្វាយរៀង​។ បន្ទាប់មក​លោក​ផ្លាស់​ទៅ​រៀន​នៅ​វិទ្យាល័យ​ជី​ភូ ក្រុង​បាវិត ខេត្ត​​ស្វាយរៀង​រហូត​ចប់​ថ្នាក់​ទី​១២ នៅ​អំឡុង​ឆ្នាំ​ ២០១២​។​


​លោក​បានឱ្យដឹងថា​៖ «​កាល​​ពី​ខ្ញុំ​នៅ​រៀន​ទាំង​នៅ​បឋមសិក្សា ទាំង​នៅ​វិទ្យាល័យ គឺ​ខ្ញុំ​ប្រើ​អក្សរ​ស្ទាប ហើយ​និង​ប្រើការ​ចងចាំ​ដោយ​ខួរក្បាល​ពេល​គ្រូ​ពន្យល់​។​អ៊ីចឹង​សម្រាប់​ខ្ញុំ​មិន​ពិបាក​ទេ​ក្នុង​ការរៀន ហើយ​ខ្ញុំ​ក៏​អាច​រៀន​បាន​ដូច​អ្នកមាន​ភ្នែក​ភ្លឺ​ដែរ​»​។​

​លោក​បាន​បន្តថា បន្ទាប់ពី​រៀន​ចប់​ថ្នាក់​ទី​១២ លោក​បានមក​រាជធានី​ភ្នំពេញ​ដោយបាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដោយ​ទទួលបាន​បរិញ្ញាបត្ររ​ង​ផ្នែក​ឯកទេស​គ្រប់គ្រង​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​ ២០១៣ និង​បន្ត​យក​បរិញ្ញាបត្រ​គ្រប់គ្រង​ពាណិជ្ជកម្ម​ដែល​បញ្ចប់​នៅ​ឆ្នាំ​ ២០១៦​ ក្នុង​សាកលវិទ្យាល័យ​ដដែល​។​នៅ​ចន្លោះ​ឆ្នាំ ​២០២១ ដល់​ឆ្នាំ​ ២០២២​ លោក​បាន​ចូល​សិក្សា​ក្នុង​វគ្គប​ណ្តុះ​​បណ្តាល​ខ្លីៗ​ចំនួន​ ៨ ​វគ្គ​។ ពាក់ព័ន្ធ​នឹង​វិស័យ​តន្ដ្រី​វិញ លោក​ត្រូវបាន​ជ្រើសតាំង​ឱ្យធ្វើជា​ប្រធាន​សមាគម​តន្ត្រី​សំនៀង​ជនពិការភ្នែក​នៅក្នុង​ឆ្នាំ ​២០១២ ​ដែល​គិត​មកទល់ពេលនេះ​មាន​សមាជិក​ជា​ជនពិការភ្នែក និង​កាយសម្បទា​ចំនួន ​៧០០​ នាក់​។​

​បើតាម​លោក ចាប តូ ការងារ​នៅក្នុង​សមាគម គឺ​លោក​មាន​តួនាទី​ចាត់ចែង​ដឹកនាំ​បងប្អូន​ដែលជា​ជនពិការ​ភាព​ទាំង​ ៧០០ នាក់​នោះ ដោយបាន​បើក​វគ្គ​-​បណ្តុះបណ្តាល​ជំនាញ​ដល់​ពួកគាត់​ដើម្បី​ជា​ទុន​ក្នុងការ​ស្វែង​​រកមុខ​របរ ឬ​រក​ការងារ​ធ្វើ​។​

​ជាមួយគ្នានេះ​សមាគម​ក៏មាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​រដ្ឋបាល គ្រប់គ្រង ហើយ​លោក​ក៏មាន​នាទី​ជា​អ្នកស្វែងរក​ម្ចាស់ជំនួយ​សម្រាប់​ឧបត្ថម្ភ​ដល់​បង​ប្អូន​ជនពិការ​នៅក្នុង​សមាគម​ផងដែរ ពោលគឺ​រាល់​កិច្ចការ​អ្វីៗ​ដែល​អ្នក​ភ្នែក​ភ្លឺ​ធ្វើបាន គឺ​ជន​​ពិការ​ក៏​ធ្វើបាន​ដូចគ្នា​។ ក្រៅពីនេះ លោក​ក៏​ជា​សមាជិក​ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ​ថ្នាក់ជាតិ​ផងដែរ​។​

​លោក​បាន​ឱ្យដឹងទៀតថា ដោយ​ទទួល​បានការ​អាណិត​សន្ដោស​ប្រណី​ពី​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរព សមាគម​លោក​ទទួលបាន​ការប្រទាន និង​ផ្តល់​ដី​សាងសង់​អគារ​សម្រាប់​បងប្អូន​មាន​ពិការភាព​ស្នាក់នៅ​។

​ក្នុងនោះ​ក៏មាន​ការជួសជុល​ផ្លូវ​ចូល​មណ្ឌល​ស្នាក់នៅ និង​បង្រៀន​ជំនាញ​ផ្សេងៗ ឧបត្ថម្ភ​ជា​សម្ភារ​ឧបករណ៍​តន្ត្រី ស្បៀងអាហារ​ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​រាជធានី ខេត្ត ព្រមទាំង​សប្បុរសជន​ជាច្រើន​ផងដែរ​។

​លោក​បាន​បញ្ជាក់ថា លើសពីនេះ​ទៀត កាលពីពេល​ថ្មីៗ​នេះ លោក​ក៏​ត្រូវបាន​ព្រះមហា​​ក្សត្រ​តែងតាំង​ជា​អនុ​រដ្ឋ​លេ​​ខា​ធិ​ការ​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​ស​ម្ប​ទា​។ ការតែងតាំង​នេះ​តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ២៧ ខែ​មិថុនា ឆ្នាំ​ ២០២៣​។ តំណែង​នេះ​សម្រាប់​លោក​ពិត​ជាមាន​សេចក្តី​រីករាយ និង​មាន​មោទនភាព​យ៉ាង​ក្រែ​លែង ពីព្រោះថា​តំណែង​ថ្មី​នេះ​វា​មិនមែនជា​រឿង​ធម្មតា​ទេ ហើយ​សម្រាប់​បងប្អូន​ដែលមាន​ពិការភាព​ភ្នែក​គឺជា​មនុស្ស​ទី​ ១ ​នៅ​កម្ពុជា​ដែល​បានទទួល​តំណែង​នេះ​ហើយក៏​មិនមែនជា​រឿង​ងាយស្រួល​ដែរ​។​

​លោក​បាន​សង្កត់ធ្ងន់ថា លោក​ពិត​ជាមាន​មោទនភាព​ណាស់​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ទំនុកចិត្ត​ដល់​រូបលោក​ជា​អនុរដ្ឋលេខាធិការ តំណាងឱ្យ​បងប្អូន​ដែលមាន​ពិការភាព​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្វីដែល​សំខាន់​នោះ​គឺ​លោក​ចង់បង្ហាញ​ដល់​វិស័យ​ឯកជន និង​វិស័យ​រដ្ឋ​បន្ថែមទៀត​ដើម្បីឱ្យ​ពួកគាត់​គិតគូរ​អំពី​បញ្ហា​របស់​ជន​ដែលមាន​ពិការភាព​ឱ្យ​ពួកគាត់​ទទួលបាន​ឱកាស​ការងារ ជាពិសេស​លើ​វិស័យ​ឯកជន​ឱ្យ​គាត់​ទទួលយក​​បងប្អូន​ដែលមាន​ពិការភាព​បាន​ចូល​បម្រើ​ការងារ​តាម​អត្រា ១​ ភាគរយ​នៃ​ច្បាប់​ស្តីអំពី​កិច្ច​ការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព​។​

​បើតាម​លោក ចាប តូ តាម​ការស្រាវជ្រាវ នេះ​គឺជា​ប្រវត្តិ​សាស្ត្រ​លើក​ទី​ ១​ ហើយ​ដែល​ប្រទេស​កម្ពុ​ជាមាន​ជនពិការភ្នែក​ធ្វើជា​អនុរដ្ឋលេខាធិការ​។​ លោក​គិតថា ប្រហែលជា​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​អាច​នៅ​មិនទាន់មាន​ដូច​នៅ​ប្រទេស​កម្ពុជា​ទេ​។​

​លោក​បាន​ថ្លែងថា ការណ៍​នេះ បានបង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​របស់​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​ចំពោះ​បងប្អូន​ដែលមាន​ពិការភាព​។​ទន្ទឹមនឹង​នេះដែរ លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ដែលមាន​ពិការភាព​នៅ​កម្ពុជា​ទាំងអស់​សូមមេត្តា​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ ឬ​វគ្គ​សិក្សា​ផ្សេងៗ​ទៀត​ដើម្បី​ទទួលបាន​ចំណេះដឹង​ជា​មូលដ្ឋាន ពីព្រោះថា បើ​យើង​មានចំណេះដឹង​ហើយ​នោះ កន្លែង​ណា​ក៏​គេ​អាច​ទទួលយក​យើង​ឱ្យធ្វើ​ការ​ដែរ​៕