ភ្នំពេញៈ អនុប្រធានទី១ អាជ្ញាធរមីន លោកលី ធុជ បានចាត់ទុកកាណាដាថា ជាប្រទេសមួយដែលបានរួមចំណែកដ៏សំខាន់ក្នុងការជួយដល់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ខណៈប្រទេសទាំង ២ ក៏នឹងបន្តពង្រីកកិច្ចសហការគ្នាបន្ថែមទៀតដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥ ផងដែរ។
ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ បែបនេះធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជាកាលពីថ្ងៃទី ៤ ខែកក្កដា។
លោកបានថ្លែងថា រយៈពេលជិត ៧០ ឆ្នាំមកនេះ កម្ពុជា និងកាណាដាបានកសាងទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។ ក្នុងនោះប្រទេសកាណាដាបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់សម្រាប់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
លោកលី ធុជ មានប្រសាសន៍ថា៖ «កាណាដា បានផ្តល់ការគាំទ្រដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន ការរក្សាសន្តិភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាច្រើន ហើយកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា-កាណាដា នឹងបន្តរីកចម្រើនទាំងក្នុងវិស័យទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំង ២ នាពេលអនាគតថែមទៀត»។
ឆ្លៀតនៅក្នុងឱកាសនោះដែរ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលនិងជាប្រធានអាជ្ញាធរមីន លោក លី ធុជ ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសកាណាដាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងជាប្រវត្តិសាស្ត្រតាមរយៈកម្មវិធីរួមគ្នារបស់អាជ្ញាធរមីន និងអង្គការ UNDP ព្រមទាំងបានប្តេជ្ញាគាំទ្រការងារបោសសម្អាតមីនឱ្យកម្ពុជាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥។
លោកបានបញ្ជាក់ថា៖«ទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសកាណាដា ពិតជាបានចូលរួមជួយសង្គ្រោះជីវិតមនុស្សជាច្រើន កាត់បន្ថយចំនួនអ្នកស្លាប់ និងបានប្រែក្លាយតំបន់មានមីនទៅជាតំបន់ផលិតភាពសម្រាប់ការកសាងលំនៅឋាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន កសិកម្ម និងគោលបំណងផ្សេងទៀត»។
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជា ក៏បានបង្ហាញក្តីសង្ឃឹមដែរថា ការពង្រីកកិច្ចសហការរវាងកម្ពុជា និងកាណាដា ជាពិសេសការបន្តជំនួយ និងការរួមចំណែកពីប្រទេសកាណាដាជាមួយនឹងប្រទេសជាមិត្តដទៃទៀត កម្ពុជាគឺកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចបានគោលដៅ «កម្ពុជាគ្មានមីននៅឆ្នាំ ២០២៥»។
យោងតាមរបាយការណ៍ពីអាជ្ញាធរមីនបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំនេះមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ២១ នាក់។ តួលេខនេះបានថយចុះ ៤៨ ភាគរយ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២ ដែលមានជនរងគ្រោះចំនួន ៤០ នាក់។
ប្រភពដដែលបានបន្តថា ជាមួយគ្នានេះ ក្នុងចំណោមជនរងគ្រោះចំនួន ២១ នាក់ រួមមាន ជនរងគ្រោះដោយសារមីន ចំនួន ៨ នាក់ និងជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១៣ នាក់,ជនរងគ្រោះស្លាប់ចំនួន ៣ នាក់ របួសចំនួន ១២ នាក់ និងពិការអវយវៈចំនួន ៦ នាក់,ជនរងគ្រោះជាបុរសមានចំនួន ១៦ នាក់, ក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំ ចំនួន ៤ នាក់ និងស្ត្រីចំនួន ១ នាក់។
សូមបញ្ជាក់ថា តាមរយៈខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងកម្ពុជានេះត្រូវបានភាគីកម្ពុជា-កាណាដា អះអាងថា គឺពិតជាបានបង្ហាញពីសម្ទុះថ្មីមួយទៀតនៃការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី ការងើបឡើងវិញនៃភ្ញៀវទេសចរកាណាដាមកកម្ពុជាពិសេសបានផ្តល់ជាកម្លាំងជំរុញថ្មីក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងថែមទៀត៕