​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ និង​វៀតណាម​ បានបង្ហាញ​សុច្ឆន្ទៈ​រួម​ក្នុង​ការបន្ត​ពង្រឹង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំង ​២ នៅ​ចំពោះមុខ​ដំណឹង​នៃ​កា​រប​ង្ហោះដ្រូន ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក គ្មាន​ប្រភព​ចូលក្នុង​ដែនអាកាស​កម្ពុជា និង​ការ​ចល័ត​កងកម្លាំង​កម្ពុជា​ទៅ​ត្រៀម​បាញ់​ទម្លាក់ដ្រូន និង​បង្ការ​អំពើ​ភេរវកម្ម​ក្នុង​រយៈពេល​ប្រមាណ​ជា​ ១ ​សប្តាហ៍​មកនេះ​។​


​លោកស្រី កុយ ពិសី អនុ​ប្រធាន​លេខាធិការដ្ឋាន​អចិ​​ន្រៃ្ដ​យ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៥ ខែកក្កដា​ថា លោកស្រី​សាទរ​ចំពោះ​ភាគី​វៀតណាម ដែល​បានលើកឡើង​ពី​សុច្ឆន្ទៈ​ក្នុង​ការបន្ត​រឹតចំណង​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​នឹង​សន្តិសុខ​តាម​ព្រំដែន ខណៈ​ភាគី​ទាំង​ ២ តែងមាន​កិច្ច​សហ​ការល្អ​នឹង​គ្នា​ស្រាប់​។

លោកស្រី​ថ្លែង​ដូច្នេះ​ថា​៖ «​វា​ចាំបាច់​ណាស់​សម្រាប់​កម្ពុជា មិន​ចំពោះតែ​វៀតណាម​នោះទេ ទាំង​ឡាវ ទាំង​ថៃ ត្រូវតែ​សហ​ការ​នឹង​គ្នា សាមគ្គី​គ្នា សហ​ប្រតិ​ប​ត្តិ​ការ​គ្នា ដើម្បីឱ្យ​តំបន់​ព្រំដែន​ទៅជា​តំបន់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដើម្បីឱ្យ​ប្រជា​ពលរដ្ឋ​រស់នៅក្នុង​សុ​ខុ​ដុម​នីយកម្ម​ជាមួយគ្នា​»​។​


​លោកស្រី កុយ ពិសី បាន​បន្ថែមថា ភាគី​កម្ពុជា​វិញ​ក៏​ដូចគ្នា គឺ​តែងមាន​សុច្ឆន្ទៈ​រួម​សហ​ការ​ជាមួយ​ភាគី​វៀតណាម​ក្នុងការ​ពង្រឹង​សន្តិសុខ និង​ការ​អភិវឌ្ឍ​នៅ​តំបន់​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ផងដែរ​។​

​លោកស្រី​អះអាងថា កន្លង​មក​កម្ពុជា​និង​វៀតណាម បាន​សហការគ្នា​យ៉ាង​ល្អ និង​ស្អិត​ល្មួត​ណាស់ លើ​ការងារ​ព្រំដែន ដែល​ភាគី​ទាំង ​២ តែង​ជួយ​គ្នា​ទៅវិញទៅមក តួយ៉ាង​កិច្ចការ​បោះបង្គោល​ព្រំដែន​ជាដើម​។​


​ការលើកឡើង​របស់លោក​ស្រី​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​នាំ​​ពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​បាន​ឆ្លើយ​សំណួរ​អ្នក​សារ​ព័ត៌មាន​ជុំវិញ​ដំណឹង​ប្រទះ​ឃើ​ញ្រ​ដូន​ជាច្រើន​គ្រឿង​ហោះចូល​ទឹកដី​កម្ពុជា​នៅ​ខេត្តរតនគិរី​ជាប់​ព្រំ​ដែនកម្ពុជា​-​វៀតណាម​កន្លងទៅ​ថ្មីៗ​នេះ​។ នេះ​បើ​យោងតាម​ទី​ភ្នា​ក់​ងារ​ព័ត៌មាន​ជាតិ​វៀតណាម ​(VNA)​ នៅ​ថ្ងៃទី​ ៤ ខែកក្កដា​ដោយ​លោកស្រី Pham Thu Ha''ng អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ទេស​វៀតណាម បាន​លើកឡើងថា កម្ពុជា និង​វៀតណាម​តែង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​គ្រប់គ្រង និង​ការពារ​បន្ទាត់​ព្រំ​​ដែន ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់ និង​ប្រឆាំង​ឧក្រិដ្ឋកម្ម​នៅតាម​បណ្តោយ​ព្រំដែន​ផង​។​

​លោកស្រី​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​យើង​សង្ឃឹមថា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​ការពង្រឹង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែងថា ការលើកឡើង​របស់​ភា​គី​វៀត​ណា​ម ជា​រឿង​សមស្រប​មួយ ខណៈ​ភាគី​ទាំង ​២ តែង​ប្តេជ្ញាចិត្ត​រៀងៗ​ខ្លួន​ក្នុងការ​ថែរក្សា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តាម​បណ្តោយ​ព្រំដែន ដើម្បី​ទទួលបាន​សន្តិភាព និង​ការអភិវឌ្ឍ​។​

​លោក​ថា​៖ «​កន្លងមក​ភាគី​ទាំង​ ២ ​បាន​សហការគ្នា​យ៉ាង​ល្អ​ដែរ​ទាក់ទង​ការពង្រឹង​សន្តិ​សុខ​ព្រំដែន​ទោះបី​កន្លងមក​មានរឿង​ប្រទាំង​ប្រទើស​នឹង​គ្នា​បន្តិចបន្តួច​ក្តី​»​។

​សម្រាប់​លោក​ ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​ម​ជ្ឈ​មណ្ឌល​មេគង្គ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុ​វិ​ស័​យ​អាស៊ី ​(AVI)​ យល់ថា ការ​លើកឡើង​របស់​ភាគី​វៀតណាម ជាការ​បង្ហាញ​កង្វល់ និង​ការយក​ចិត្ត​ទុកដាក់​លើ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម ខណៈ​កម្ពុជា​ត្រូវ​ខ្វាយខ្វល់​ពី​សន្តិសុខ​ជាតិ​ខ្លួន ជាពិសេស​ចៀសវាង​អំពើ​ភេរវកម្ម​លើទឹក​ដី​នៃ​ប្រទេស​ទាំង​ ២​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ទាំង​កម្ពុជា​និង​វៀតណាម​ពុំទាន់​ដឹង​ច្បាស់​ថាដ្រូននោះ​ជា​របស់​នរណា និង​មានបំណង​យ៉ាងណាទេ​តែ​សកម្មភាព​នេះ​គឺ​បង្ហាញ​ពី​ការឈ្លានពាន​ដែន​អធិបតេយ្យ​កម្ពុជា​និង​ប៉ះពាល់​ដល់​សន្តិសុខ​កម្ពុ​ជា​។ កម្ពុជា​និង​វៀតណាម​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្នា និង​ចែករំលែក​ព័ត៌មាន​គ្នា ក្នុងការ​ស្វែងរក​ជន​នៅ​ពីក្រោយ​ខ្នង​ការ​បង្ហោះដ្រូននេះ​»​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់ចេញ​បទបញ្ជា​ឱ្យ​កងកម្លាំង និង​ស្ថាប័ន​សន្តិសុខ​ជាតិ​កំពូលៗ ពិសេស​បាន​បញ្ជា​ឱ្យ​អង្គភាព​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ក្រោមបង្គាប់​លោក​មេបញ្ជាការ ហ៊ីង​ ប៊ុន​ហៀ​ង ដឹកនាំ​កងកម្លាំង និង​អាវុធ​សម្រាប់​ប្រតិបត្តិ​ការបាញ់​ទម្លាក់ដ្រូន ដែល​ត្រូវបាន​គេ​បង្ហោះ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ជាពិសេស​នៅ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី​រតនគិរី និង​ខេត្តក្រចេះ​ក្រោយ​លេច​ឮថា មានដ្រូន​មួយចំនួន​ហោះចូល​ដែនអាកាស​កម្ពុជា​ដោយ​គ្មាន​ប្រភព ខណៈ​ភាគី​វៀតណាម​បញ្ជាក់ថា មិនមែនជា​របស់ខ្លួន ស្របពេល​មាន​ដំណឹង​ពី​ការបង្ក្រាប​ក្រុម​អ្នកបះបោរ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​នៅជាប់​ជាយដែន​កម្ពុជា​។​

​កាលពី​ថ្ងៃទី ​៣ ខែកក្កដា រដ្ឋ​មន្ត្រី​ការពារជាតិ​លោក​ ទៀ បាញ់ ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ពីស​ភាព​​ការណ៍​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​លោក​ថា មាន​លក្ខណៈ​ស្ងប់ស្ងាត់​ល្អ ខណៈ​កងកម្លាំង​ខ្លះ​ដែល​កំពុង​ដាក់ពង្រាយ​អាច​នឹង​ចល័ត​ទៅ​អង្គភាព​ដើម​វិញ​ដោយ​ទុក​កងកម្លាំង​មួយចំនួន​ឱ្យនៅ​ឃ្លាំ​​មើល​សភាពការណ៍​បន្ត​៕