ភ្នំពេញៈ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ស្ថាប័ន​ជំនាញ​បានធ្វើការ​ពិនិត្យ និង​ពិភាក្សា​លើ​កា​រព​ន្លឿ​ន​សេចក្ដីព្រាង​ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ក្នុង​កញ្ចប់​គ្រួសារ ដែលជា​បណ្តុំ​នៃ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ដែលមាន​ស្រាប់ និង​កម្មវិធី​ថ្មី​ក្នុង​លក្ខណៈ​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​


យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៩ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ដែល​ធ្វើឡើង​កាល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២៣​ដោយមាន​ការចូលរួម​ពី​សំណាក់​អនុប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម និង​ថ្នាក់ដឹកនាំ​ដែលជា​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​សេចក្តីប្រកាស​ព័​ត៌​នេះ​បានឱ្យដឹងថា​៖«​ស្ថាប័ន​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​បាន​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាង​ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ក្នុង​កញ្ចប់​គ្រួសារ ដែលជា​បណ្តុំ​នៃ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ដែលមាន​ស្រាប់ និង​កម្មវិធី​ថ្មី​បន្ថែម​ទៀ ដើម្បី​ឱ្យមាន​លក្ខណៈ​ច្បាស់លាស់ និង​កាន់តែ​ស៊ីជម្រៅ​ក្នុង​លក្ខណៈ​សមា​ហរ​ណ​»​។​


​ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា ជារួម​ក្របខ័ណ្ឌ​សេចក្ដីព្រាង ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ក្នុង​កញ្ចប់​គ្រួសារ​នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង ផ្តល់​អត្ថប្រយោជន៍​ជំនួយ​សង្គម​គ្រប់​ជ្រុងជ្រោយ ដល់​ក្រុមគ្រួសារ​គោលដៅ​ពង្រីក​វិសាលភាព និង​បង្កើន​លទ្ធភាព​នៃ​ការទទួលបាន​អត្ថប្រយោជន៍​ជំនួយ​សង្គម​។​

​ពង្រឹង​ក្របខ័ណ្ឌ​ស្ថាប័ន​អភិបាលកិច្ច និង​យន្ត​ការផ្ដល់​អត្ថប្រយោជន៍​ជំនួយ​សង្គម បង្កើត​មុខងារ​នៃ​ប្រព័ន្ធ​រួម ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​និង​ពង្រឹង​ទំនាក់ទំនង និង​ការបំពេញបន្ថែម ជាមួយ​សេវា​សង្គមកិច្ច និង​របប​សន្តិសុខ​សង្គម​ជាដើម​។​


​លោក​អូន ព័ន្ធមុនីរ័ត្ន មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម បានឱ្យដឹង​បន្ថែម​ដែរ​ថា ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ក៏បាន​ពិនិត្យ និង​ពិភាក្សា​អំពី​សេចក្ដីព្រាង​ក្របខ័ណ្ឌ​កិច្ច​គាំពារ​សង្គម ឆ្លើយតប​នឹង​គ្រោះអាសន្ន​ផងដែរ ដែល​នេះ​ជា​ឯកសារ​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការធ្វើ​ស្ថា​ប័​នូ​ប​នីយកម្ម​កិច្ច​គាំពារ​សង្គម ដើម្បី​ត្រៀមខ្លួន​ឆ្លើយតប​នឹង​គ្រោះអាសន្ន និង​វិបត្តិ​នានា​ជាយថាហេតុ​។

​លោក បាន​បញ្ជាក់ថា​៖ «​ក្របខ័ណ្ឌ​កិច្ច​គាំពារ​សង្គម​នេះ​នឹង​ក្លាយជា​យន្តការ ក្នុងការ​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​គាំពារ​សង្គម ឆ្លើយតប​នឹង​គ្រោះអាសន្ន ជាពិសេស​ការកំណត់​ឱ្យ​បាន​ច្បាស់​នូវ​ទំហំ​នៃ​ផលប៉ះពាល់ និង​ការដាក់ចេញ​នូវ​ឧបករណ៍​គោលនយោបាយ​នានា ឱ្យបាន​ទាន់ពេល​, មាន​ប្រសិទ្ធភាព ព្រមទាំង​ធានាបាន​នូវ​ការសម្របសម្រួល​យ៉ាង​ទូលំទូលាយ ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ត្រៀម​ឆ្លើយតប​នឹង​គ្រោះអាសន្ន ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​អាច​ទស្សន៍ទាយ​ជាមុន ទាំង​សម្រាប់​បច្ចុប្បន្ន និង​អនាគត​»​។​

​ឆ្លៀតឱកាស​នោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ណែនាំ​ដល់​អង្គប្រជុំ ឱ្យធ្វើ​ការគិតគូរ​អំពី​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នូវ​គោលនយោបាយ​នានា ដែល​ត្រូវបាន​ប្រកាស​ដាក់ចេញ​ដោយ​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន នាពេល​កន្លងមក​ថែមទៀត​។​

​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា នៅ​ថ្ងៃទី​៦ ខែកក្កដា បាន​ថ្លែង​គាំទ្រ​ចំពោះ​ការបង្កើត​ជំនួយ​សង្គម​ដល់​គ្រួសារ​ពលរដ្ឋ​កម្ពុជា ខណៈ​លោក​ថា ការគិតគូរ​ពី​រឿងនេះ​គឺ​ពិតជា​សំខាន់ និង​ចាំបាច់​បំផុត សម្រាប់​គ្របដណ្តប់​ដល់​សមាជិក​គ្រួសារ​។​

​លោក​បន្តថា​៖« បើ​យើង​ពិនិត្យមើល ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង​១៦​លាន​នាក់ អ្នក​ដែលមាន​បណ្ណ ប​.​ស​.​ស មានតែ​ប្រមាណ ២​លាន​នាក់ ហើយ​អ្នក​ដែលមាន​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​មាន​ប្រមាណ ២,៨​លាន​នាក់ ក្នុងចំណោម​ពលរដ្ឋ​ជាង​៧០​ម៉ឺន​គ្រួសារ​។ ខណៈ​នៅក្នុង នោះដែរ​គឺ​នៅមាន​ប្រជាពលរដ្ឋ ១០​លាន​នាក់​ទៀត អត់​មាន​បណ្ណ ប​.​ស​.​ស អ៊ីចឹង​ឃើញថា​នៅមាន​គម្លាត​ឆ្ងាយ​នៅឡើយ ហេតុនេះ​ការគិត​គួរ លើ​ជំនួយ​គ្រួសារ​គឺ​ចាំបាច់​ត្រូវតែ​ធ្វើ ខណៈ​បណ្តា​ប្រទេស​ដទៃ​គេ​បានចាប់ផ្តើម​រួចមកហើយ​»​។​

​លោក អាត់ ធន់ បាន​ថ្លែង ជំរុញ​ដល់​ស្ថាប័ន​ជំនាញ គួរ​ពង្រីក​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យបាន​លឿន និង​រៀបចំ​ចុះបញ្ជី​ក្រុមហ៊ុន​ដែល​នៅក្នុង​ប្រព័ន្ធ​ដែល​គ្រប់​ដណ្តប់​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្តល់​អត្ថប្រយោជន៍ ដល់​ពលរដ្ឋ​ពី​ជំនួយ​សង្គម​បាន​កាន់តែ​ឆាប់រហ័ស​ថែមទៀត​។​

​គួរ​បញ្ជាក់ដែរថា ក្រៅពី​ព​ន្លឿ​ន​កិច្ចពិភាក្សា​ល​លើ​សេចក្ដីព្រាង ក្របខ័ណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​ហើយ​នោះ ក្នុង​កិច្ចប្រជុំ​នោះដែរ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ក៏​បាននិងកំពុង​គិតគូរ​អំពី​យន្តការ​នៃ​ការពង្រីក​ការ​គ្របដណ្ដប់ ការថែទាំ​សុខភាព ស្របតាម​គោលនយោបាយ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​ផងដែរ​។​ក្នុងនោះ ស្ថាប័ន​ជំនាញ​បានធ្វើការ​ពិភាក្សា​លម្អិត​អំពី​យន្តការ និង​នីតិវិធី​ក្នុងការ​ពង្រីក​របប​ថែទាំ​សុខភាព​តាមរយៈ​មូលនិធិ​សមធម៌​សុខាភិបាល និង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម បន្ថែម​លើ​ការដាក់ឱ្យ​អនុវត្ត​រប​ប​ថែទាំ​សុខភាព​តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល ដល់​បុគ្គល​បម្រើការ​ក្នុង​សេវា​កម្សាន្ត​ទេសចរណ៍​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នាពេល​ថ្មីៗ​នេះ​ផងដែរ​៕