ភ្នំពេញៈ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើការងារជាមួយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវាអុីនធឺណិត បានផ្តល់សេវានៅបុរីប៉េងហួតដែលមានប្រជាជនរស់នៅប្រហែល ៧ពាន់គ្រួសារមានសេវាទូរស័ព្ទ និងសេវាអុីនធឺណិតល្អសម្រាប់ប្រើប្រាស់ ចំណែក ៦៨បុរី ផ្សេងទៀតក្រុមការងារកំពុងសម្រួលការផ្តល់សេវា។
នេះជាការថ្លែងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល ដើម្បីធានាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញដែលធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៦ ខែកក្កដា។
លោករដ្ឋមន្ត្រីបានលើកឡើងថា នៅមានប្រជាពលរដ្ឋក្នុងបុរីប៉េងហួតចំនួន ៨០០ គ្រួសារទៀត មិនយល់ព្រមឱ្យសាងសង់បង្គោលអង់តែនទូរស័ព្ទដោយមូលហេតុខ្លាចប៉ះពាល់ដល់សុខភាព។ ក្រៅពីបុរីប៉េងហួតក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះធ្វើការសិក្សានៅបុរីចំនួន១០០ ដើម្បីដំឡើងអង់តែនផ្តល់សេវា ដែលក្នុងចំណោម១០០ បុរីនោះក្រុមការងារបានកំណត់យក ៦៨ បុរី សម្រាប់ដំឡើងអង់តែន។
លោកបញ្ជាក់ថា បុរីចំនួន ៦៨ នោះ ក្រុមការងារបានដុំឡើងអង់តែន ចំនួន ៧២បង្គោល ដែលក្នុង១បង្គោលមាន៣ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ។
លោកថ្លែងថា៖ «បុរី ១០០ហ្នឹង យើងយកបុរីដែលមាន ៣០០ គ្រួសារឡើងទៅ គឺយើងបានកំណត់យកបានចំនួន ៦៨។ ក្នុងចំណោមបុរីទាំង៦៨ នេះយើងបានសាងសង់បង្គោល ៧២ ប៉ុន្តែ ៧២បង្គោលនេះស្មើនឹងជាង ២០០ បង្គោល ព្រោះកាលពីមុនបង្គោល៣ ក្រុមហ៊ុន៣ តែឥឡូវនេះបង្គោល១សម្រាប់ក្រុមហ៊ុន៣»។
លោក ជា វ៉ាន់ដេត លើកឡើងថា បញ្ហាដែលនាំឱ្យសេវាទូរស័ព្ទ និងអុីនធឺណិត មិនដំណើរការទៅរលូនសម្រាប់ពលរដ្ឋប្រើប្រាស់ គឺការប្រើឧបករណ៍ Router សម្រាប់ស្រូបសំឡេង។ ឧបករណ៍នេះប្រឆាំងជាមួយការរត់សេវា ហេតុនេះក្រសួងអំពាវនាវឱ្យពលរដ្ឋ ដែលប្រើប្រាស់ឧបករណ៍នេះរុះរើចេញវិញ ដើម្បីទទួលបានសេវាល្អដែលផ្សាយចេញពីអង់តែននៅក្នុងបុរីដែលបានដំឡើង។
លោកថ្លែងថា៖«ដោយសារឥឡូវយើងជាប់រវល់រឿងការងារបោះឆ្នោត ប៉ុន្តែពេលបោះឆ្នោតហើយក្រុមការងារទាំង៨ ដែលទទួលខុសត្រូវនៅក្នុងបុរីនឹងដើរអំពាវនាវឱ្យប្រជាពលរដ្ឋរុះរើ router ចេញ។ ជាបទពិសោធន៍ការរុះ router ចេញនេះពលរដ្ឋមិនសូវសហការទេ ហេតុនេះក្រសួងត្រូវបើឧបករណ៍ស្វែងរកតាមដំបូលផ្ទះដើម្បីដោះចេញ ដែលការងារនេះត្រូវចំណាយពេលច្រើន»។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីលើកឡើងថា ក្រោយរុះរើចេញអស់នូវ ឧបករណ៍ Router បូករួមជាមួយការសាងសង់អង់តែនគ្រប់គ្រាន់ សេវាទូរស័ព្ទ និងអ៊ីនធឺណិតនៅរាជធានីភ្នំពេញនឹងដំណើរការល្អ ងាយស្រួលដល់ការប្រើប្រាស់។
លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានលើកឡើងថា មានហេតុផលមួយចំនួនដែលធ្វើឱ្យសេវាទូរស័ព្ទ និងសេវាអុីនធឺណិតមិនដំណើរការស្រួល ក្នុងនោះមានដូចជា មិនមានកន្លែងសាងសង់អង់តែន ករណីខ្លះផ្ទះប្រជាពលរដ្ឋព្រមជួលឱ្យក្រុមហ៊ុនដើម្បីសាងសង់អង់តែនទូរស័ព្ទ ប៉ុន្តែបែរជាអ្នកជិតខាងមិនយល់ព្រមដោយសំអាងថា ប៉ះពាល់សុខភាព។
ចំណែកករណីខ្លះទៀត ប្រជាពលរដ្ឋទិញសេវាអុីនធឺណិត ដាក់នៅផ្ទះ មិនសមស្របទៅនឹងការប្រើប្រាស់ជាក់ស្តែង មានន័យថា ក្នុងផ្ទះត្រូវការប្រើ ល្បឿន៥០Mbps ប៉ុន្តែបែរជាទិញ ៣០Mbps។ រីឯករណីខ្លះទៀត ក្រុមហ៊ុនផ្គត់ផ្គង់ផ្ទុយពីអ្វីដែលអតិថិជនទិញយកទៅប្រើប្រាស់៕