ភ្នំពេញៈព្រឹទ្ធសភាកម្ពុជា បញ្ជាក់ថា អង្គការអន្តរជាតិប្រើភាសាបារាំង (OIF) នឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនចំនួន ៤ នាក់ មកសង្កេតការណ៍បោះឆ្នោតជាតិនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា។


លោក ជា ជេដ្ឋ ប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា បានចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ដែលធ្វើឡើងក្រោមអធិបតីភាពលោក Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃ APF និងជាសមាជិកព្រឹទ្ធសភារបស់ប្រទេសបារាំង នៅប្រទេសហ្សកហ្ស៊ី (Géorgie) ដែលមានប្រទេសចំនួន ២៩ បានចូលរួម។ នេះបើយោងតាមទំព័រហ្វេសប៊ុកព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៧ ខែកក្កដា។

ហ្វេសប៊ុកព្រឹទ្ធសភាកម្ពុជាបញ្ជាក់ថា៖ «ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានថ្លែងអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅកម្ពុជា ដែលក្នុងនោះអង្គការអន្តរជាតិប្រើភាសាបារាំង (OIF) បានជូនព័ត៌មានដល់អង្គប្រជុំអំពីសមាសភាពគណៈប្រតិភូដែលនឹងអញ្ជើញចូលរួមសង្កេតការណ៍បោះឆ្នោតជាតិនៅកម្ពុជា ដែលក្នុងនោះមាន ៤ រូប ហើយ APF នឹងបញ្ជូនតែងតាំងសមាជិកសភា ១ រូបមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ»៕