ភ្នំពេញៈ គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គជប) នៅតែបន្តរក្សាការប្រើទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន Mysore Paints & Varnish Ltd. នៃប្រទេសឥណ្ឌាសម្រាប់ការបោះឆ្នោតអាណត្តិទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ដោយទឹកខ្មៅនេះ ត្រូវបានចំណាយថវិកាជាង ៩៦ ម៉ឺនដុល្លារអាមេរិក ក្នុងការបញ្ជាផលិតពីក្រុមហ៊ុនមួយនេះ។
លោក ប្រាជ្ញ ចន្ទ ប្រធាន គជប បានថ្លែងថា៖ «ទឹកខ្មៅលុបមិនជ្រះដែលប្រើប្រាស់ក្នុងការបោះឆ្នោតនេះ ត្រូវបញ្ជាផលិតដោយចំណាយថវិកាសរុបចំនួន ៩៦៣ ៣១០ ដុល្លារ។ ក្នុងនោះ ១ ដប ស្មើនឹង ១៧,៦៣ ដុល្លារសរុបជាទឹកប្រាក់ចំនួន ៩១៦ ៧៦០ ដុល្លារ។ តម្លៃសេវាដឹកជញ្ជូន និងធានារ៉ាប់រង ៤៦ ៥៥០ ដុល្លារ»។
លោកថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះ ប្រើប្រាស់ក្នុងការបោះឆ្នោត និងការសាកល្បងគុណភាពទឹកខ្មៅកាលពីថ្ងៃទី ៦ ខែកក្កដា។
លោក ប្រាជ្ញ ចន្ទ ថ្លែងថា៖ «ដូច្នេះមិនខុសពីការបោះឆ្នោតនីតិកាលមុនៗ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន Mysore Paints & Varnish Ltd. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេស ក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោតដែលអាចធានាបានពីគុណភាព និងសុវត្ថិភាពជូនដល់អ្នកបោះឆ្នោត»។
លោកបន្តថា មានប្រទេសជាង ៣០ នៅលើសកលលោកបានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុននេះ ដែលមានដូចជា ឥណ្ឌាខ្លួនឯង កម្ពុជា ម៉ាឡេស៊ី នេប៉ាល់ អ្រាហ្វិកខាងត្បូង ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ជាដើម។
លោកប្រធាន គជប បន្តថា មុននឹងធ្វើការបញ្ជាផលិតជាផ្លូវការនៅចុងខែធ្នូ ឆ្នាំ ២០២២ គ.ជ.ប បានស្នើសុំគំរូទឹកខ្មៅលុបមិនជ្រះដើម្បីសាកល្បងគុណភាពជាមុនពីក្រុមហ៊ុនមានចំនួន ៤ កម្រិត គឺកម្រិតសូលុយស្យុងប្រាក់នីត្រាត ២៥ ភាគរយ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០ ភាគរយ កម្រិតសូលុយស្យុងប្រាក់នីត្រាត ១៨ ភាគរយ និងកម្រិតសូលុយស្យុងប្រាក់នីត្រាត ១៥ ភាគរយ។
លោក ប្រាជ្ញ ចន្ទ ថ្លែងថា៖ «មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានធ្វើការសាកល្បង គំរូទឹកខ្មៅលុបមិនជ្រះដែលក្រុមហ៊ុនបានផ្តល់ជូនចំនួន ៤ កម្រិតនេះឃើញថា ទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០ ភាគរយ មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿនក្នុងបរិយាកាសមិនអាចលុបជ្រះភ្លាមៗបានឡើយ ហើយគុណភាពនេះប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែល គ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមកដែលអាចធានាបានទាំងគុណភាពប្រើប្រាស់ និងអាចធានាបានទាំងសុខភាពរបស់អ្នកប្រើប្រាស់»។
បន្ទាប់ពីសាកល្បងគុណភាពរួចនៅខែកុម្ភៈឆ្នាំ ២០២៣ គ.ជ.ប បានធ្វើការបញ្ជាផលិតជាផ្លូវការទៅក្រុមហ៊ុន Mysore Paints &Varnish Ltd នៃប្រទេសឥណ្ឌា នូវទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០ ភាគរយចំនួន ៥២ ០០០ ដបក្នុង ១ ដបចំណុះ ៧០ មិល្លីលីត្រ ដោយដបនីមួយៗរចនារាងខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដបដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការជ្រលក់ម្រាមដៃ។
លោកប្រាជ្ញចន្ទបញ្ជាក់ថា៖ «ទឹកខ្មៅលុបមិនជ្រះនេះមានសុពលភាព ៦ ខែ គិតបន្ទាប់ពីការផលិត (កាលបរិច្ឆេទប្រើចុងក្រោយ ខែវិច្ឆិកា ឆ្នាំ ២០២៣) »។
គជប នឹងធ្វើការបែងចែកទឹកខ្មៅលុបមិនជ្រះនេះតាមគោលដៅប្រើប្រាស់ ដោយផ្តល់ជូនក្នុង១ការិយាល័យបោះឆ្នោតចំនួន ២ ដប បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតចំនួន ៨០០ ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និងរក្សាទុកនៅគ.ជ.បមួយចំនួន។
លោក ទេព នីថា អគ្គលេខាធិការ គជប ថ្លែងក្នុងពិធីនេះថា ពុំមានគម្រោងផលិតទឹកខ្មៅនេះនៅក្នុងប្រទេសកម្ពុជាទេ។ គជប បានប្រើប្រាស់ទឹកខ្មៅនេះ មានប្រសិទ្ធភាពតាំងពីឆ្នាំ ១៩៩៨។
លោកបន្ថែមថា៖ «កាលនោះ UNDP អ្នកជួយយើង ហើយទិញពីប្រទេសឥណ្ឌាឬទិញពីក្រុមហ៊ុនដដែលនេះ ហើយការប្រើប្រាស់របស់យើងគឺមានប្រសិទ្ធភាពល្អ»។ លោកបន្តថា ក្នុងរយៈពេលដែលប្រើកន្លងមកនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាក្នុងការទិញ ទឹកថ្នាំនេះ លើកលែងតែនៅក្នុងឆ្នាំ ២០០៣ និង ២០១៣ ដែលរដ្ឋាភិបាលឥណ្ឌាបានឧបត្ថម្ភទឹកថ្នាំនេះសម្រាប់កម្ពុជាប្រើប្រាស់ក្នុងការបោះឆ្នោត។
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានថ្លែងក្រោយពីបានជ្រលក់ទឹកខ្មៅនេះថា៖ «សុំបញ្ជាក់ថា ទឹកថ្នាំនេះគឺខ្ញុំបានជ្រលក់អម្បាញ់មិញហ្នឹង ហើយឃើញថា មានគុណភាពល្អ អត់មានការផ្លាស់ប្តូរ មានតែពណ៌រឹតតែខ្មៅឡើង។ អ៊ីចឹងទេ ខ្ញុំសូមគាំទ្រលើចំណាត់ការទាំងអស់នេះ ហើយក៏សុំឱ្យ គជប រក្សាទឹកថ្នាំនេះរហូតទៅដល់ចប់ការបោះឆ្នោត»។
លោក ប្រាជ្ញ ចន្ទ បានថ្លែងបិទបញ្ចប់ពិធីនេះថា៖ «អម្បាញ់មិញយើងបានសាកល្បងជ្រលក់ ២៥ នាក់នូវទឹកខ្មៅលុបមិនជ្រះ ហើយតាមការបញ្ចេញមតិបង្ហាញថា គុណភាពទឹកខ្មៅនេះបានធានាគុណភាព មិនអាចលុបជ្រះមែន»៕