ភ្នំពេញៈ លោកស្រី យី សុខ​វួ​ច ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​ ៥ ខែកក្កដា ឆ្នាំ​ ២០២៣ សម្រេច​ផ្ដន្ទាទោស​អតីតមន្ត្រី​ក្រសួង​សង្គមកិច្ច​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០០ ​លាន​រៀល ព្រមទាំង​រឹបអូស​ទ្រព្យសម្បត្តិ​មួយចំនួន​ពីបទ ​«​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់ និង​សម្អាត​ប្រាក់​»​។ យោងតាម​ការប្រកាស​សាល​​ក្រម​របស់​ចៅក្រម​ជំនុំជម្រះ​។​


​សាលក្រម​នេះ​បាន​បញ្ជាក់ថា លោក​ឡាយ សំណាង អាយុ ​៥៣ ​ឆ្នាំ អតីត​អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់​​ផ្គង់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិសម្បទា បាន​កិបកេង​ថវិការដ្ឋ​ជាង ៣៨ ​ម៉ឺន​ដុល្លារ​។

​លោក​ ​ប៉ិច ពិសី នាយក​ប្រតិ​ប​ត្តិ​អង្គការ​តម្លាភាព​កម្ពុជា ថ្លែងថា ការកាត់ទោស​មន្ត្រី​រដ្ឋា​ភិ​បាល​ដែល​កេងប្រវ័ញ្ច​ថវិការដ្ឋ​នេះ បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ ជា​​ពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​


​លោក​ ប៉ិច ពិសី ថ្លែងថា​៖ «​ការដាក់ទោស​ទណ្ឌ​ទៅលើ​មន្ត្រី​រូបនេះ គឺជា​សារ​មួយ​ដ៏​សំខាន់​ចំពោះ​មន្ត្រី​ផ្សេងទៀត​ដែល​អាចមាន​ជាប់​ពាក់ព័ន្ធ ឬ​មានបំណង​ចង់​ប្រព្រឹត្ត​អំពើពុករលួយ​ហ្នឹង គាត់​អាចមាន​ការបារម្ភ និង​ភ័យ​ខ្លាច​ដោយសារ​មាន​គំរូ​ហើយ​ថា បើ​មាន​ភ័ស្តុតាង​អំពើ​រលួយ គាត់​អាច​មានទោស​។ ដូច្នេះ នេះ​ជា​ករណី​មួយ​ដែល​អាចជា​គំរូ​សម្រាប់​មន្ត្រី​ដទៃទៀត​»​។​

​លោក​ថ្លែង​គាំទ្រ​ដល់​អាជ្ញា​ធរ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បន្ត​កិច្ចការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ សម្រាប់​ករណី​ផ្សេងៗ​ទៀត​ដែល​កំពុងមាន​តម្រុយ​ដែល​លេចឮ​តាម​សារព័ត៌មាន ឬ​មតិសាធារណៈ ត្រូវ​មានការ​ស៊ើប​​អង្កេត​ជាក់លាក់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​អំពើពុករលួយ​ពី​រង្វង់​មន្ត្រី​​សាធារណៈ​។​


​សាលក្រម​នេះ​បានប្រកាស​ធ្វើ​ឡើងជា​សាធារណៈ ព្រម​ទាំង​បើកផ្លូវ​ទុក​សិទ្ធិ​ឱ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​មិន​សុខចិត្ត​ចំពោះ​សេចក្តីសម្រេច និង​ការ​កាត់សេចក្តី​នេះ​។​

​កាលពី​ថ្ងៃទី​ ១១ ខែមករា ឆ្នាំ​ ២០២៣ លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញារង តំណាង​​អយ្យការ បាន​បើក​ការ​ស៊ើប​សួរ​លើ លោក​ឡាយ សំណាង ពាក់ព័ន្ធ​សំណុំរឿង​អំពើ​ពុក​​រលួយ​បាន​បិទ​បញ្ចប់​ក្រោយពី​បាន​ស៊ើបអង្កេត​ជាង​ ១៣ ​ខែ​ពី ACU​។ បន្ទាប់មក តំណាង​​អយ្យការ​ក៏បាន​សម្រេច​ចោទ​លោក សំណាង ពី​ពុករលួយ តាម​មាត្រា​ ៥៩៧ និង​មាត្រា​ ៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ​៣២ នៃ​ច្បាប់​ស្តីពី​ការ​​ប្រឆាំង​អំពើពុករលួយ និង​មាត្រា​៣៨ នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​លោក​ឡាយ សំណាង ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​ការ​​កិបកេង​ថវិការដ្ឋ​ជាង​ ១ ៥០០​ លាន​រៀល ស្មើនឹង​ជាង​ ៣៨ ​ម៉ឺន​ដុល្លារ​អាមេរិក​។ ក្រៅពីនោះ លោក​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​ប្រាក់​របប​គោល​​នយោបាយ​របស់​រដ្ឋ​ជូន​ជន​ពិការ​ក្រីក្រ​នៅតាម​សហគមន៍​ចំនួន​ជិត ​៤​ ពាន់​នាក់ និង​ក៏​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​សម្អាត​ប្រាក់​ផងដែរ​។​

​លោក​ ឡាយ សំណាង បាន​បម្រើការ​ជា​ប្រធានការិយាល័យ​អភិវឌ្ឍន៍​ស្រុក​បាភ្នំ នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង ចាប់ពី​ឆ្នាំ ​១៩៩៣ រហូតដល់​ឆ្នាំ ២០០២​។ ពី​ឆ្នាំ​ ២០០២ ដល់​ឆ្នាំ​ ២០០៧ លោក​បាន​បម្រើការ​ជា​មន្ត្រី​សម្របសម្រួល​នៃ​កម្មវិធី​កំណែទម្រង់​ថ្នាក់​​ក្រោម​ជាតិ ប្រចាំខេត្ត​ព្រៃវែង​។ ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​ ២០១៣ ជា​មន្ត្រី​នៃ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់​នៃ​ក្រសួង​សង្គមកិច្ច​។ បន្ទាប់មក នៅ​ឆ្នាំ​ ២០១៤ លោក​ក្លាយជា​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ រហូតដល់​ការព្យួរ​តួ​នា​ទី​នៅ​ខែឧសភា ឆ្នាំ​ ២០២១ ក្រោយ​មានការ​សង្ស័យ​លើ​បញ្ហា​កិបកេង​ថវិការដ្ឋ​៕