ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បាននិងកំពុងពន្លឿនការរៀបចំយុទ្ធសាស្ត្រថ្មីរួមគ្នា សម្រាប់វិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជា សំដៅអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរថែមទៀត ពិសេសទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំអន្តរក្រសួងនេះបានរៀបចំឡើងពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ ក្រោមវត្តមានលោក វង្សី វិសុទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោកស្រី Jyotsana Varma នាយកនៃស្ថានតំណាង ADB ប្រចាំនៅកម្ពុជា, លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធច្រើនរូបទៀត។
នាឱកាសនោះ លោក ចាន់ ស៊ីណាត បានលើកឡើងថា កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីដាក់ចេញការអនុវត្តឱ្យកាន់តែសកម្មលើបេសកកម្មការងារគ្រប់គ្រងទឹក ប្រើប្រាស់ទឹក បញ្ជាទឹក និងការងារព្យាករឧតុនិយមឱ្យកាន់តែល្អច្បាស់លាស់ថែមទៀត។
លោកបានបន្តថា៖ «កិច្ចប្រជុំរវាងអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធនាពេលនេះពិតជានឹងជួយជំរុញដល់ចក្ខុវិស័យដ៏យូរអង្វែងប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ មាននិរន្តរភាព និងសម្រេចបានលទ្ធផលក្នុងប្រសិទ្ធភាពខ្ពស់លើការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក បញ្ជាទឹក សំដៅបម្រើឱ្យគ្រប់វិស័យ និងធានាឱ្យខាងតែបានសន្តិសុខទឹកសម្រាប់ប្រទេសកម្ពុជាទាំងមូល»។
លោកចាន់ ស៊ីណាត បានឱ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រជុំនេះគឺមានការគូសវាសគ្រោងប្លង់លម្អិតក្នុងយុទ្ធសាស្ត្រគ្រប់គ្រងទឹក បញ្ជាទឹក ប្រើប្រាស់ទឹក និងវិស័យឧតុនិយមពីក្រសួងធនធានទឹក ពិសេសដោយមានការគាំទ្រពេញទំហឹងពីក្រសួងសេដ្ឋកិច្ច បានធ្វើឱ្យធនាគារ ADB យល់ព្រមបោះទុនវិនិយោគដ៏ច្រើនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រសម្រាប់ធ្វើទំនើបកម្មវិស្វកម្មលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជា និងលើវិស័យពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ជុំវិញការសម្រេចបោះទុនវិនិយោគដ៏ច្រើន និងជំនួយឥតសំណងពីសំណាក់ធនាគារ ADB នេះ លោក ចាន់ ស៊ីណាត បានចាត់ទុកថា នេះគឺការសម្រេចជោគជ័យដ៏ធំ ដើម្បីកែលម្អផែនការការងារវិនិយោគរយៈពេលវែងក្នុងការធ្វើទំនើបកម្មវិស្វកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម ដែលមានលក្ខណៈធន់ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដីជាអតិបរមា និងការទប់ស្កាត់នឹងគ្រោះមហន្តរាយនានាដែលកើតឡើងដោយសារទឹក។
សូមរំឭកថា នៅក្នុងកិច្ចចរចារួមគ្នារវាងក្រសួងធនធានទឹកជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ ADB បានឱ្យដឹងថា ខ្លួនបានត្រៀមកញ្ចប់ថវិកាថ្មីចំនួន ២០០ លានដុល្លាររួចរាល់ហើយដើម្បីចូលរួមវិនិយោគរយៈពេលវែងលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅទូទាំងប្រទេសកម្ពុជា។
ក្នុងនោះ ADB បានយល់ព្រមតាមសំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងដំណើរការកិច្ចអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ក្នុងនិយាមធ្វើទំនើបកម្មវិស្វកម្មតំបន់សេដ្ឋកិច្ចប៉ូលទី ៤ របស់ភូមិភាគពាយព្យនៃប្រទេសកម្ពុជា គិតចាប់ពីអនុតំបន់ ៥ អនុតំបន់ទំនប់តាម៉ុក និងទំនប់ថ្មី ពីអនុតំបន់ទន្លេល្ពៅរបស់ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ ពីអនុតំបន់រវៀង អនុតំបន់សង្គមថ្មី អនុតំបន់ទំនប់បាដាកនៃខេត្តព្រះវិហារជាប់នឹងភ្នំដែករបស់ខេត្តកំពង់ធំដល់អនុតំបន់ ៣០ កញ្ញា អនុតំបន់អន្សាក្រង ផ្ទះឌុច រហូតដល់តំបន់បឹងជាដើម។
លើសពីនេះ ADB ក៏បានអះអាងថា គ្រប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹក និងឧតុនិយម ត្រូវតែធានាឱ្យខាងតែបាននូវការទប់ទល់នឹងការប្រែប្រួលអាកាសធាតុគ្រប់ពេលទាំងអស់ឱ្យមានភាពធន់ ច្បាស់លាស់ក្នុងការទប់ទល់នឹងបាតុភូតធម្មជាតិគ្រប់ប្រភេទ និងការឡើងកម្តៅជាអតិបរមានៃភពផែនដី៕