សៀមរាបៈ ក្រុមការងារ​ព្រៃឈើ នៃនាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និងហេដ្ឋារចនា​សម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​កាត់ក្រី​មែក និងព្យាបាល​ដើម​និងឫស​ដើមស្ពង់​ចំណាស់​មួយ​ដើម នៅ​ជ្រុង​ខាងកើត​ប្រាសាទតា​ព្រហ្ម។


លោក គង់ សុវណ្ណារិទ្ធ មន្រ្តី​បច្ចេកទេស​នៃនាយកដ្ឋាន​គ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនា​សម្ពន្ធ បានលើកឡើង​ថា ដើមស្ពង់​ចំណាស់​ដែលក្រុមការងារ​លោក​កំពុង​កាត់ក្រី និងព្យាបាល​នេះ មាន​សភាព​ទ្រុឌទ្រោម និងត្រូវការ​ការថែទាំ ព្យាបាល ដើម្បី​ទប់ស្កាត់​ហានិភ័យ។ នេះបើ​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា។

លោកបន្ត​ថា ប្រសិន​កង្វះខាត​ការថែទាំ​ដិតដល់ ដើម​ឈើ​នេះ​អាចនឹង​ប្រឈម​ឆាប់​ងាប់ និងបង្ក​គ្រោះថ្នាក់​ដល់​ប្រាសាទ​ដូចគ្នា ព្រោះ​តួ​ដើម និងឫស​របស់​វា​ដុះជាប់​យ៉ាងជិតស្និទ្ធ​ជាមួយ​ប្រាសាទ។ បន្ថែម​ពីនេះ ក៏អាច​នឹងបាត់បង់​សោភ័ណភាព ដែលទីតាំង​នេះ​ជាកន្លែង​ទាក់ទាញ​ទេសចរ ដែល​តែង​ឈរ​ថត​ជានិច្ច​នៅពេល​បានមក​ដល់​ទីនេះ។


ក្រៅពី​ប្រយោជន៍​ដូច​ជម្រាប​ខាងលើ​ហើយ ព្រៃឈើ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក៏ជា​របាំង​សម្រាប់​ការពារ​ខ្យល់​បាំង​ប្រាសាទ ជាម្លប់ និងជាសោភ័ណភាព​ទាក់ទាញ​ទេសចរ​មួយ​ផ្នែក​ធំ​ផងដែរ។ តួយ៉ាង ​ដើមស្ពង់​ដែល​កំពុង​ព្យាបាល​ខាងលើ គឺកម្រ​ត្រូវបាន​ទេសចរ​មើល​រំលង​ណាស់។

អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង​ថា ចំពោះ​ការព្យាបាល និងថែទាំ ក្រុមការងារ​ព្រៃឈើ​បានដំឡើង​រន្ទាឡើង​កាត់មែក​ផ្នែក​ខាងចុង ដែល​ពុកផុយ ចំណែក​នៅផ្នែក​ឫស គេបាន​ចាំង​និងចោះ​សាច់​ស្អុយ​ឬពុកផុយ​ចេញ បន្ទាប់​មកគេ​ព្យាបាល​វាដោយ​ប្រើ​ជ័រ​ទឹក​លាយ​ជាមួយ​ខ្លាញ់​គោ និងដី​ដំបូក​បិទ​ផ្ចិត​រន្ធ។ ធ្វើ​ដូច្នេះ គេអាច​ទប់ស្កាត់​ការពុក​ផុយ​បន្ត​ទៀត និងអាច​ធ្វើ​ឱ្យ​សាច់​ដើម​ឈើ​ដុះ​គ្រប​ឡើង​វិញ​ផងដែរ។


គ្រឹះប្រាសាទ​នៅតំបន់​រមណីយដ្ឋាន​អង្គរ មានទំនាក់ទំនង​ខ្លាំង​ជាមួយ​ទឹក​ក្រោមដី ហើយ​តំបន់​ដែលមាន​ទឹក​ក្រោមដី​ច្រើន ជាតំបន់​ដែល​សម្បូរ​ដើម​ឈើ​ដូចគ្នា។ ដូច្នេះ​ហើយ ទើប​ការអភិរក្ស​ប្រាសាទ​នៅតំបន់​រមណីយដ្ឋាន​អង្គរ ក៏ត្រូវការ​ចាំបាច់​នូវដើម​ឈើ និងទឹក​ដូចគ្នា។

លោក សុវណ្ណារិទ្ធ បន្ថែម​ថា៖«ប្រាសាទ​ត្រូវការ​សំខាន់​ប្រព័ន្ធ​ទឹក​ក្រោមដី ហើយ​ដើមឈើ​មាន​មុខងារ​សំខាន់​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ដែល ជួយ​ទាក់ទាញ​ទឹក​ភ្លៀង ទប់​ទឹកភ្លៀង និង​ជួយ​ទឹក​ជ្រាប​ក្រោមដី​ល្អ​បំផុត ធៀបនឹង​តំបន់​ទីវាល តំបន់​មាន​ដើម​ឈើ​មាន​ទឹក​យូរ​ជាង មិន​ងាយ​ខ្សោះ​ទឹក​ដូច​នៅតំបន់​ទីវាល​ទេ»៕

ក្រុមការងារ​ព្រៃឈើ​កំពុង​កាត់ក្រី និងព្យាបាល​ជំងឺ​ដើមស្ពង់​ចំណាស់​នៅ​ប្រាសាទ​តាព្រហ្ម។ រូបថត អាជ្ញា​ធរ​ជាតិ​អប្សរា