ភ្នំពេញៈលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចែករំលែកនូវទស្សនាទានទាំងឡាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំពារសុខុមាលភាពសង្គមប្រកបដោយតម្លាភាព និងការចង្អុលបង្ហាញចំពោះកិច្ចការគន្លឹះដែលត្រូវរៀបចំបន្ត ឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ ប.ស.ស និងបង្កើតយន្តការគាំពារសង្គម ចំពោះការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញឱ្យចូលទៅក្នុងប្រព័ន្ធ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពេលធ្វើជាអធិបតីពិធីបើកសម្ពោធអគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កាលពីថ្ងៃទី៦កក្កដា។
បើយោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងទៀតថា បន្ថែមពីនេះ ត្រូវពង្រីកវិសាលភាពគ្របដណ្តប់ការថែទាំសុខភាពទៅកាន់គ្រួសាររបស់សមាជិក ប.ស.ស. ទាំងវិស័យសាធារណៈ និងឯកជន។
ពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដល់កម្មករនិយោជិតជាស្រ្តីទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ បន្តអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។
ជាមួយគ្នានេះលោក អូន ព័ន្ធមុនីរ័ត្ន បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រដល់ ប.ស.ស. ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមានស័ក្តិសិទ្ធភាព ចីរភាព សមធម៌ និងបរិយាប័ន្ន៕