ភ្នំពេញៈ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ នា​ថ្ងៃទី ៧ កក្កដា នេះ​បាន​បង្ហោះ​សារ​អបអរសាទរ​ខួប​លើកទី ១៥ ឆ្នាំ នៃការ​ដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​លោក​បាន​លើកឡើង​ថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការស្នើ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ចូលជា​សម្បត្តិ​បេតិកណ្ឌ​ពិភពលោក។​


លោក​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖ «​អបអរសាទរ​ខួប​លើក​ទី ១ ឆ្នាំ នៃ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៣)។ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​មោះមុត​ស្វិតស្វាញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការស្នើ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ចូលជា​សម្បត្តិ​បេតិកណ្ឌ​ពិភពលោក»។

លោក ហ៊ុន ម៉ា​នី ដែលជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) បញ្ជាក់ថា ក្រោម «ម្លប់​នៃ​សុខសន្តិភាព» មរតក​វប្បធម៌​ច្រើន​អនេក​ដែល​ស្ទើរតែ​បាត់បង់​ក្នុង​សម័យ​សង្គ្រាម បាន​រស់រាន​មានជីវិត​ឡើងវិញ និង​កំពុង​ត្រូវបាន​លើកស្ទួយ ឈាន​ទៅដល់​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក និង​មនុស្សជាតិ។


លោក​សរសេរថា​៖ «​ថែរក្សា​ការពារ​សន្តិភាព ប្រៀប​បីដូច​យើង​បាន​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌​ដូនតា​ដូច្នេះ​ដែរ»៕​