មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ បានប្រកាស​ច្រានចោល​នូវ​ការចេញ​ផ្សព្វផ្សាយ​របស់​ម្ចាស់​គណនី Facebook មួយរូប ដែល​បាន​បង្ហោះ​រូបភាព ពាក់ព័ន្ធ​ការបំផ្លិចបំផ្លាញ​រូបចម្លាក់​ថ្មីៗ​នៅ​ជញ្ជាំង​ប្រាសាទ​បន្ទាយ​ក្នុង ខណៈ​មន្ទីរ​បាន​បញ្ជាក់ថា​ការបាក់បែក​នោះ​មាន​តាំងពី​ទសវត្សរ៍ទី ៩០ មកម្ល៉េះ។


ក្នុង​លិខិត​បដិសេធ​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហា ចុះ​ថ្ងៃទី ៦ ខែ​កក្កដា បាន​ធ្វើការ​ច្រានចោល​នូវ​ការចេញ​ផ្សព្វផ្សាយ​របស់​ម្ចាស់ Account Facebook ឈ្មោះ Sisowath Sithiden ដោយបាន​បង្ហោះ​ពាក់ព័ន្ធ​ការបំផ្លិចបំផ្លាញ​រូបចម្លាក់​ថ្មីៗ​នៅ​ជញ្ជាំង​ប្រាសាទ​បន្ទាយ​ក្នុង នៅក្នុង​តំបន់​ប្រាសាទ​បាកាន (ព្រះខ័ន) ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តាសែង ឃុំ​រណសិរ្ស ស្រុក​សង្គមថ្មី ខេត្តព្រះវិហារ។

ប្រភព​ដដែល​បញ្ជាក់ថា​៖ «​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ សូម​ធ្វើការ​ច្រានចោល​ទាំងស្រុង​ជុំវិញ​ព័ត៌មាន​ដែលថា​មានការ​បំផ្លិចបំផ្លាញ​រូបចម្លាក់​ថ្មីៗ​នៅ​ជញ្ជាំង​ប្រាសាទ​បន្ទាយ​ក្នុង នៅក្នុង​តំបន់​ប្រាសាទ​បាកាន (ព្រះខ័ន) ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ដែលជា​ហេតុ​ធ្វើឱ្យ​មហាជន​ទូទាំង​ប្រទេស​មាការ​យល់​ច្រឡំ»។​


ជាមួយគ្នានេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បញ្ជាក់ថា រូបចម្លាក់​ដែល​ម្ចាស់ Account Facebook ខាងលើ​បាន​យកទៅ​ផ្សព្វផ្សាយ​នោះ​គឺ ជា​រូបភាព​ដែល​បាន​ដាប់​បំផ្លាញ​តាំងពី​ទសវត្សរ៍ទី ៩០ មកម្ល៉េះ មិនមែន​ជាការ​ដាប់​បំផ្លាញ​នាពេល​ថ្មីៗ​នេះទេ។

មន្ទីរ​វប្បធម៌ ឱ្យដឹងទៀតថា នាពេល​បច្ចុប្បន្ននេះ តំបន់​ប្រាសាទ​បាកាន (ព្រះខ័ន) ត្រូវបាន​ទទួល​ការ​គាំពារ និង​អភិរក្ស ដោយមាន​កម្លាំង​អភិរក្ស និង​ប៉ូលិស​បេតិកភណ្ឌ ដែល​ឈរជើង​ប្រចាំការ​នៅ​ទីនោះ មិន​ក្រោម​ពី ៣០ នាក់​ឡើយ។


គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី ៦ ខែកក្កដា​នេះ គណនី​ហ្វេសប៊ុក​ឈ្មោះ Sisowath Sithiden បាន​បង្ហោះសារ​ដោយ​ភ្ជាប់​ជាមួយ​រូបចម្លាក់​បាក់បែក​ថា៖ «​សម័យ​នេះហើយ​នៅមាន​អ្នក​លួច​គាស់​យក​រូបចម្លាក់​យកទៅ​ទៀត ឱ​ខ្មែរ​អើយ​ខ្មែរ​ហេតុអ្វី​ក៏​វេទនា​យ៉ាងនេះ គ្រាន់តែ​ខ្ញុំ​ឃើញ​រូបនេះ​ហើយ​ស្លុតចិត្ត​ខ្លាំងណាស់ (​រូបចម្លាក់​នៅ​ប្រាសាទ​បាកាន ព្រះខ័ន​កំពង់ស្វាយ​) ពាក្យ​ចចាមអារ៉ាម​ថា​មានការ​បំផ្លាញ​កាន់តែ​ច្រើន​ទៅៗ​ហើយ។ សូម​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​ជួយ​បកស្រាយ​បំភ្លឺ​ផង ក្នុងនាម​ខ្ញុំជា​ប្រជាពលរដ្ឋ​ពិតជា​ព្រួយបារម្ភ​ខ្លាំងណាស់​ដែលជា​កេរដំណែល​មរតក​ដូនតា»៕​