ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ក្រើន​រំឭកថា ការបើកបរ​បញ្ច្រាសទិស​ចរាចរណ៍ ជាការ​បំពាន​ច្បាប់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ និង​ថែមទាំង​ជាការ​ប្រមាថ​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ​ទៀតផង ខណៈ​ការស្លាប់​និង​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​នៅតែ​បន្ត​កើត​ឡើងជា​រៀងរាល់ថ្ងៃ​គួរឱ្យ​ព្រួយបារម្ភ។​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជម្រាប​ប្រាប់​ប្រជាពលរដ្ឋ​ថា នៅ​គ្រប់​ស្ថានភាព​ផ្លូវ យានយន្ត​គ្រប់​ប្រភេទ មិនត្រូវ​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍​ជាដាច់ខាត ហើយ​បើ​យោងតាម​មាត្រា ៤៣ ជំពូកទី ៧ នៃ​ច្បាប់​ស្ដីពី​ផ្លូវថ្នល់ ឆ្នាំ ២០១៤ ការបើកបរ​បញ្ច្រាសទិស​ចរាចរណ៍ នឹង​ត្រូវ​កាត់ ៤ ពិន្ទុ ពី​បណ្ណ​បើកបរ។​

ទន្ទឹមនឹងនេះ ក្រសួង​បាន​សំណូមពរ​យ៉ាងទទូច ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចៀសវាង​ការប្រព្រឹត្ត​ល្មើស​នានា ដើម្បី​សុវត្ថិភាព​ពេលធ្វើ​ដំណើរ និង​រក្សាបាន​សណ្តាប់ធ្នាប់​ក្នុង​ទីសាធារណៈ​ដោយ «​សូម​បើកបរ​ដោយ​ស្មារតី​ទទួល​ខុសត្រូវ»។​


ជាមួយគ្នានេះ កាលពី​ថ្ងៃទី ៦ កក្កដា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ២ នាក់ រងរបួស​ធ្ងន់ ៩ នាក់ និង​ស្រាល ១០ នាក់។​

បើតាម​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ២១ នាក់ នៅ​ថ្ងៃទី ៦ កក្កដា​នេះ គឺ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ៨ លើក មាន​កត្តា​ល្បឿន ៣ លើក មិន​គោរព​សិទ្ធិ ១ លើក បត់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ១ លើក មិន​ប្រកាន់​ស្តាំ ១ លើក ស្រវឹង ១ លើក និង​កត្តា​យានយន្ត ១ លើក៕​