​ភ្នំពេញៈ ក្នុង​ដើម​សប្ដាហ៍​ទី​១ ខែកក្កដា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុ​ជាប​ង្ក្រា​ប​បាន​រថយន្ត​ដឹកទំនិញ​គេចពន្ធ​ចំនួន ១១ គ្រឿង ដែលមាន​ទម្ងន់​ជិត​ ៧ ​ម៉ឺន​គីឡូក្រាម​។


​អគ្គនាយកដ្ឋាន​គយ​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ៧ ខែកក្កដា ថា អគ្គនាយកដ្ឋាន​នេះ​បាន និង​កំពុង​អនុវត្ត​យ៉ាងសកម្ម​នូវ​បទបញ្ជា​ឆ្នាំ​ ២០២២ របស់​រាជរដ្ឋាភិបាល​ស្ដីពី​វិធានការ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ដើម្បី​បង្កើន​បរិយាកាស​ឱ្យមាន​ការប្រកួតប្រជែង​ដោយ​ស្មើភាព​ក្នុង​អាជីវកម្ម ការ​កៀរគរ​ចំណូល​ចូល​ថវិកាជាតិ និង​ការពារ​សង្គម​។

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​ជាក់ស្ដែង កាលពីដើម​សប្ដាហ៍​ទី​១​ នៃ​ខែកក្កដា អង្គភាព​គ្រប់គ្រង​ហានិភ័យ និង​សវនកម្ម​គយ សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ពិសេស​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទំនិញ​គេចពន្ធ​នៅតាម​គោលដៅ​មួយចំនួន ដោយ​បង្ក្រាបបាន​រថយន្ត​ដឹកទំនិញ​គេចពន្ធ​ចំនួន ១១ គ្រឿង ដែលមាន​ទម្ងន់​សរុប​៦៩ ៥២០​គីឡូក្រាម និង​មាន​ប្រាក់​ពន្ធ និង​អាករ​ប៉ាន់ស្មាន រួមទាំង​ពិន័យ​បទល្មើស​នឹង​ច្បាប់​ស្ដីពី​គយ​មាន​ប្រមាណ​ជាង​ ៤០០ លាន​រៀល [​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក​]»​។​


​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា កាលពី​យប់​ថ្ងៃទី​១ ខែកក្កដា នៅ​ភូមិសាស្ត្រ​ស្រុក​ទ្រាំង ខេត្តតាកែវ ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ មាន​ឧបទ្ទវហេតុ​ប្រឈម​មួយ ដោយមាន​ជនប្រដាប់អាវុធ​មួយក្រុម​ប្រើប្រាស់​រថយន្ដ​ចំនួន ៣​គ្រឿង មករា​រាំង និង​បាន​ផ្ទុះអាវុធ​ចំនួន​៥ គ្រាប់ សំដៅលើ​សមត្ថកិច្ច​គយ​ដើម្បី​រំដោះ​រថយន្ដ ១​គ្រឿង​ដឹកទំនិញ​គេចពន្ធ (​អាចជា​សាច់​បង្កក​) ពី​សមត្ថកិច្ច​គយ​។

​ប្រភព​ដដែល​បន្តថា ដោយពេល​យប់​ងងឹត និង​ដើម្បី​សុវត្ថិភាព សមត្ថកិច្ច​គយ​បាន​ផ្អាក​ការ​ប្រដេញ​រថយន្ត​នោះ ហើយ​ជនប្រដាប់អាវុធ​ទាំង​នោះបាន​រំដោះ និង​នាំយក​រថយន្ត​ដឹកទំនិញ​គេចពន្ធ​នោះ​ទៅ​បាត់​។​


​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​ដោយ​ការរារាំង​សមត្ថកិច្ច​គយ និង​ជាពិសេស​ការផ្ទុះអាវុធ​មកលើ​សមត្ថកិច្ច​គយ​កំពុង​អនុវត្ត​ច្បាប់ ជា​បទល្មើស​ធ្ងន់ធ្ងរ មន្ត្រី​គយ​បានដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញា​ធរមាន​សម្ថ​កិច្ច​ខេត្តតាកែវ ហើយដោយ​មានការ​គាំទ្រ និង​យកចិត្តទុកដាក់​ពី​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជនបង្ក​ហេតុ​ផ្ទុះអាវុធ​មកលើ​សមត្ថកិច្ច​គយ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​តុលាការ​ខេត្តតាកែវ​ចាប់ឃុំខ្លួន និង​កំពុង​ចាត់ការ​បន្ដ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​»​។​

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា អំពាវនាវ​ដល់​អាជីវករ និង​ពាណិជ្ជករ បំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ​តាមច្បាប់​។

​អគ្គនាយកដ្ឋាន​គយ​បញ្ជាក់ថា​នឹង​បន្ត​អនុវត្ត​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់គេច និង​បន្លំ​ពន្ធ ដូច​ភ្លៀងរលឹម​ស្របតាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល រយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល​៕