រតនគិរីៈ USAID មរតកបៃតង បានកំពុងបន្តធ្វើការរួមគ្នាជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាធ្វើការល្បាតដើម្បីការពារព្រៃឈើ និងសត្វព្រៃ នៅសហគមន៍តំបន់ការពារធម្មជាតិចំនួនបីគឺអូរគគីរ វាលកំបោរ និងអូររ៉ៃ ព្រមទាំងក្រុមអភិរក្សជីវៈចម្រុះមួយក្រុមទៀតដើម្បីល្បាតតំបន់ការពារធម្មជាតិរបស់ពួកគេក្នុងដែនជម្រកសត្វព្រៃលំផាត់។
តាមហ្វេសប៊ុក USAID មរតកបៃតង ផ្សាយនៅល្ងាចថ្ងៃទី ៧ ខែកក្កដាបានឱ្យដឹងថា ការល្បាតព្រៃធ្វើឱ្យការត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសព្រៃឈើ និងធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព ស្របពេលនិងការពិនិត្យតាមដាន និងកត់ត្រាជីវៈចម្រុះ ព្រមទាំងជម្រកសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ។
ប្រភពបន្តថា សកម្មភាពល្បាតជាធម្មតាត្រូវចំណាយពេលច្រើនយប់ច្រើនថ្ងៃដោយជិះម៉ូតូ និងដោយថ្មើរជើងដើម្បីអាចធ្វើការល្បាតតំបន់ព្រៃទាំងមូលបាន។ ក្រុមល្បាតរួមមានសមាជិក សហគមន៍ មន្ត្រីឧទ្យានុរក្ស និងអ្នកស្ម័គ្រចិត្ត។
ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ មក USAID មរតកបៃតង បានកំពុងធ្វើការរួមគ្នា ជាមួយដៃគូអភិរក្សអង្គការជីវិតធម្មជាតិនៅកម្ពុជា ដើម្បីជួយដល់គណៈកម្មការនៃសហគមន៍តំបន់ការពារធម្មជាតិចំនួនបីគឺអូរគគីរ វាលកំបោរ និងអូររ៉ែ ព្រមទាំងក្រុមអភិរក្សជីវៈចម្រុះមួយក្រុមទៀតដើម្បីល្បាតតំបន់ការពារធម្មជាតិរបស់ពួកគេក្នុងដែនជម្រកសត្វព្រៃលំផាត់។
គោលបំណងនៃការចុះល្បាតនេះទី១គឺដើម្បី ត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសព្រៃឈើ/ធនធានធម្មជាតិ។ ទី២ ពិនិត្យតាមដាន និងកត់ត្រាជីវៈចម្រុះ និងជម្រកសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមការគ្រប់គ្រង
របស់សហគមន៍។
ក្រុមល្បាតដែលចូលរួមមាន សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍មូលដ្ឋាន មន្ត្រីឧទ្យានុរក្ស និងអ្នកស្ម័គ្រចិត្ត តែងធ្វើសកម្មភាពល្បាតដោយជិះម៉ូតូ និងដោយថ្មើរជើងដើម្បីអាចធ្វើការល្បាតតំបន់ព្រៃទាំងមូលបាន។ ក្នុងពេលចុះល្បាត ក្រុមទាំងមូលបានជួបប្រទះនូវប្រភេទសកម្មភាព ខុសច្បាប់ផ្សេងៗគ្នាក្នុងតំបន់ការពារធម្មជាតិដែលរួមមាន៖ ការកាប់ឈើខុសច្បាប់ ការបរបាញ់ និងការបោះជំរំលួចកាប់ឈើខុសច្បាប់ ការដាក់អន្ទាក់ និងវិធីសាស្ត្របរបាញ់ខុសច្បាប់ផ្សេងៗទៀតរួមទាំងករណីទន្ទ្រានយកដី និងការបំពុលសត្វព្រៃផងដែរ។
ប្រភពបញ្ជាក់ថា៖«ករណីខុសច្បាប់ទាំងអស់ត្រូវបានកត់ត្រា និងរាយការណ៍ជូនអាជ្ញាធរ ដែនជម្រកសត្វព្រៃលំផាត់ដើម្បីចាត់វិធានការបន្ត ខណៈករណីតូចៗមួយចំនួន ត្រូវបានដោះស្រាយដោយក្រុមល្បាតផ្ទាល់បានយ៉ាងជោគជ័យ ដូចជាការដកអន្ទាក់សត្វព្រៃ និងអន្ទាក់សម្បុកសត្វស្លាបជាដើម»៕