​មន្ត្រី​ជំនាញ និង​អង្គការ​អភិរក្ស​ធម្មជាតិ បាន​កត់ត្រា​កូន​ផ្សោត​ថ្មី​មួយទៀត​នៅ​អន្លង់​កាំ​ពី​នៃ​ខេត្តក្រចេះ ដែលជា​ដំណឹង​ដ៏​រីករាយ​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ក្រុមការងារ​ដែល​អភិរក្ស​នៅ​តំបន់​នោះ​ប្រកបដោយ​ប្រសិទ្ធភាព​។​


​ក្រុម​ស្រាវជ្រាវ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង រដ្ឋបាល​ជលផល និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​(WWF) ដែល​ធ្វើ​លើ​កិច្ចការ​នេះ បាន​កត់ត្រា​កូន​ផ្សោត​ថ្មី​មួយទៀត នៅ​អន្លង់​កាំ​ពី ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

​តាម​ការចុះផ្សាយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា ក្រុមការងារ​បានទទួល​ព័ត៌មាន​ពី​ក្រុម​សហគមន៍​អ្នកចម្លង​ទូក​ទេសចរណ៍ និង​ក្រុម​ឆ្នាំ​ទន្លេ​ប្រចាំ​អន្លង់​កាំ​ពី បាន​ចុះ​ថត​បានកូន​ផ្សោត​នៅ​ម៉ោង​១១:៣០​នាទី​ព្រឹក នា​ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​​ ២០២៣​ នេះ នៅ​ចំណុច​អន្ទង់​វៀន នៃ អន្លង់​កាំ​ពី​។


​តាម​ការអង្កេត កូន​ផ្សោត​ទើប​កើត​ថ្មី​នេះ​មាន​អាយុប្រមាណ​១០​ថ្ងៃ​កំពុង​ហែល​ជាមួយ​ផ្សោត​ពេញវ័យ​ចំនួន ៩​ក្បាល​ទៀត​។ ការកត់ត្រា​កូន​ផ្សោត​ថ្មី​នេះ ជា​កូន​ផ្សោ​តទី​៥​ហើយ កត់ត្រា​ចាប់តាំងពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២៣ ។​

​ជុំវិញ​កំណត់ត្រា​កូន​ផ្សោត​ថ្មី​នេះ អង្គការ WWF-Cambodia បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយបាន​ចូលរួម​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​រដ្ឋបាល​ជល​ផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ WWF-​កម្ពុជា សម្រាប់​កំណត់ត្រា​ដ៏​សំខាន់​នៃ​កូន​ផ្សោត​ដែល​ទើបនឹង​កើត​នេះ​។


WWF បន្តថា ក្រុម​ស្រាវជ្រាវ​របស់​រដ្ឋបាល​ជលផល និង​អង្គការ WWF កំពុង​តាមដាន​ចំនួន​សត្វ​ផ្សោត​នៅតាម​ទីជម្រក​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង ដែល​ពួកគេ​បានធ្វើ​ការអង្កេត​ផងដែរ ដើម្បី​ប៉ាន់ប្រមាណ​ចំនួន​ផ្សោត​ដែល​កំពុង​រស់នៅ​សម្រាប់​ឆ្នាំ ២០២៣​។

​សូមជម្រាបថា នៅ​ឆ្នាំ​២០២២ ក្រុមការងារ​បាន​កត់​ត្រា​កូន​ផ្សោត​បាន​ចំនួន​០៦​ក្បាល និង​នៅ​ឆ្នាំ​២០២១ ក្រុមការងារ​បាន​កត់​ត្រា​កូន​ផ្សោត​បាន​ចំនួន​០៦​ក្បាល​៕​