កំពង់ធំៈ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក បានរៀបចំ​ពិធី​ប្រុង​ពលី​ដើម្បី​អបអរសាទរ​ខួប​ ៦​ ឆ្នាំ នៃ​ការដាក់ «​តំបន់​ប្រាសាទសំបូរព្រៃគុក​» ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​រសៀល​ថ្ងៃទី​ ៧ ខែកក្កដា ឆ្នាំ​ ២០២៣​។


​ពិធី​ប្រុង​ពលី​ដើម្បី​អបអរសាទរ​នេះ​ធ្វើឡើង ក្រោម​វត្តមាន​លោក ផាន់ ណា​ឌី អគ្គនាយក​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី មន្ត្រី​ជាប់កិច្ចសន្យា​គ្រប់រូប​របស់​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក នៅ​បរិវេណ​ក្រុម​ប្រាសាទ​យាយ​ព័ន្ធ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ក៏ដូចជា​ការ​រំឭក​នូវ​គុណូបការៈ​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ដ៏​ល្អ​ឯក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ផ្សាយ​ថា ប្រាសាទសំបូរព្រៃគុក គឺជា​សំណង់​ប្រាសាទ​រាង​ប្រាំបី​ជ្រុង​ដែល​សាង​អំពី​ឥដ្ឋ​នៅ​សតវត្សរ៍​ទី​៧ ហើយ​នៅ​ខាងលិច​តំបន់​ប្រាសាទ ក៏មាន​នៅសល់​ស្លាកស្នាម​ទីក្រុង​បុរាណ​មួយ​ដែល​គេ​ស្គាល់​ថា "​ឦសាន​បុ​រៈ​"​។


​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ក្រា​កូវ ប្រទេស​ប៉ូឡូញ​៕