ព្រះ​វិហារៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ បានរៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​ទី​១៥​ ឆ្នាំ នៃ​ការចុះ​ប្រាសាទព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្រោម​វត្តមាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃទី​ ៧ ខែកក្កដា ឆ្នាំ​២០២៣​នេះ​។


​តាម​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បានឱ្យដឹងថា ពិធី​នេះ​មានការ​ចូលរួម ពី​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ អភិបាលខេត្ត​ព្រះវិហារ​, តំណាង​ព្រះបរមរាជវាំង​, តំណាង​អង្គការ​យូណេស្កូ​, បណ្តា​អង្គទូត​ឥណ្ឌា អាមេរិក ចិន ជប៉ុន បារាំង ដែលជា​សមាជិក (ICC PREAH VIHEAR), អាជ្ញាធរ​ជាតិ​អប្សរា​, មន្ត្រីជាន់ខ្ពស់​ថ្នាក់ជាតិ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ សរុប​ប្រមាណ​ជាង​១ ២០០​នាក់​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍​រំឭក​ពី​អតីតកាល កាលពី​១៥​ឆ្នាំមុន ដែលជា​ការចងចាំ​ជា​ប្រវត្តិសាស្ត្រ​របស់​ជាតិខ្មែរ ដែល​អង្គការ​យូណេស្កូ បានសម្រេច​ដាក់បញ្ចូល​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨​។​


​លោកស្រី​បាន​បន្ថែមថា​៖«​លទ្ធផល​ជោគជ័យ​ដ៏​ធំធេង​នេះ គឺជា​កិច្ច​ខំប្រឹងប្រែង​ជាច្រើន​ឆ្នាំ ទាំងយប់ ទាំង​ថ្ងៃ ទាំង​កម្លាំងកាយ កម្លាំង​ប្រាជ្ញា ប្រើប្រាស់​ផ្នែក​ការទូត​យ៉ាង​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

​ជាមួយនេះ លោក កុល ប៊ុនលី រដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង បាន​អាន​ព្រះរាជសារ របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អបអរសាទរ​ខួប​ទី​១៥​ឆ្នាំ នៃ​ការចុះ​ប្រាសាទព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។


​នៅ​ថ្ងៃ​ដដែល​នោះ ក៏មាន​ការរៀបចំ​ពិធី​ដាំ​កូនឈើ​នៅ​ជើងភ្នំ​ប្រាសាទព្រះវិហារ និង​ធ្វើ​ពិធី​លែង​ព្រាប បង្ហោះ​ប៉ោងៗ ដើម្បី​អបអរសាទរ ខួប​ទី​១៥​ឆ្នាំ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ពិធីរាប់បាត្រ និង​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​ចំនួន ៨៩​អង្គ​។ បន្ទាប់មក​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក៏បាន​រៀបចំ​អាហារ​ថ្ងៃត្រង់​ជូន​គណៈអធិបតី​ជាតិ និង​អន្តរជាតិ​ប្រកបដោយ​ភាពស្និទ្ធស្នាល នៅ​សាលប្រជុំ​ព្រះវិហារ នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ផងដែរ​៕