​ភ្នំពេញៈ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា រយៈពេល​ ៥ ​ឆ្នាំ​មកនេះ ប្រព័ន្ធ​ចម្រោះ​ទឹក​ ១២ ​កន្លែង និង​ទីលាន​ចាក់សំរាម​ចំនួន ៧ តាម​ទីក្រុង​ធំៗ ត្រូវបាន​កសាងឡើង​នៅ​ទូទាំងប្រទេស ខណៈ​ប្រព័ន្ធ​ទឹក​ចម្រោះ និង​ទីលាន​ចាក់សំរាម​ថ្មីៗ​នឹងត្រូវ​សាង​​សង់​ឡើងជា​បន្តបន្ទាប់​ទៀត​។​


​តាមរយៈ​វីដេអូ​នៃ​កិច្ចសម្ភាសន៍ និង​ត្រូវបាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ​ក្រសួង​សាធារណការ នា​ថ្ងៃទី​ ៩ ខែកក្កដា លោក ​ស៊ុន​ ចាន់ថុល បាន​លើកឡើងថា បណ្តាញ​លូ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​មានការ​រីកចម្រើន ក្នុង​រយៈ​ ៥​ ឆ្នាំ​ចុងក្រោយ​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្ថាបនា ស្តារ និង​ជួស​ជុល​ឱ្យប្រើ​ប្រាស់​ឡើងវិញ​។​

​លោក​បញ្ជាក់ថា​៖ «​យើង​ធ្វើ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ យើង​ធ្វើ​លូ យើង​ធ្វើ​ទីលាន​ចាក់សំរាម ក្នុង​រយៈពេល ​៥​ ឆ្នាំ​មកនេះ​។ ដោយ​ទីលាន​ចាក់សំរាម យើង​ធ្វើបាន​ ៧ ​កន្លែង​ហើយ នៅតាម​ទីក្រុង​ធំៗ ហើយ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​យើង​ធ្វើបាន​ ១២ ​កន្លែង នៅ​ ១១ ​ខេត្ត​។ សរសៃឈាម​យើង យើង​ធ្វើ ប៉ុន្តែ​ទាល់តែ​ឈាម​នោះ​វា​ស្អាត​ដែរ ដូច្នេះ​មានន័យថា យើង​ត្រូវមាន​ប្រព័ន្ធ​ចម្រោះ​នេះឯង​»​។​


​លោក​ ស៊ុន ចាន់ថុល បាន​បន្ថែមថា សម្រាប់​ក្រុងព្រះសីហនុ​មួយ មាន​ផ្ទៃដី ​១៦​ ហិកតា ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​មាន​សមត្ថ​ភាព​ចម្រោះ​បានតែ​ ៧ ០០០ ​ម៉ែត្រគុប​ទេ ក្នុង​ ១ ​ថ្ងៃ តែ​ដោយ​សារ​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​រហ័ស​របស់​ក្រុង​នេះ បាន​តម្រូវ​មានការ​រៀបចំ​ប្រព័ន្ធ​ចម្រោះ​នេះ​ឱ្យបាន​ច្រើន​ថែមទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា ៖ «​យើង​បាន​កែច្នៃ​នូវ​អ្វីដែល​យើង​មាន​ស្រាប់ ហើយ​យើង​បាន​សិក្សា​ផែនការមេ ដើម្បី​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ក្រុងព្រះសីហនុ​ដែលជា​ជំនួយឥតសំណង​របស់​មិត្ត​ចិន ដោយមាន​ការឯកភាព ហើយ​កំពុង​សិក្សា​លម្អិត និង​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់ ដោយ​ជំហាន​ទី​ ១ បាន​ ៤ ​ម៉ឺន​ម៉ែត្រគុប ក្នុង​ ១​ ថ្ងៃ​,​ជំហាន​ទី​ ២ ​បាន​ ៤ ​ម៉ឺន​ម៉ែត្រគុប​ទៀត​ក្នុង​ ១ ​ថ្ងៃ នោះ​នឹង​អាចធ្វើ​ដល់ ​១៦ ​ម៉ឺន​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ នៅពេល​ក្រុងព្រះសីហនុ​មាន​ភាព​រីក​ចម្រើន​»​។​


​ដោយឡែក​សម្រាប់​ប្រព័ន្ធ​លូ​វិញ លោក​បានឱ្យដឹងថា ខាង​ក្រសួង​ធ្វើបាន​ច្រើន​នៅ​ខេត្ត​សៀមរាប ដោយបាន​ដាក់លូ​ទឹកភ្លៀង ដាក់លូ​ទឹកស្អុយ ញែក​ចេញពី​គ្នា បន្ទាប់ពី​កន្លងទៅ​ប្រព័ន្ធ​លូ​ទាំង​ ២​ នេះ ដាក់​តែមួយ ហើយ​ពាក់ព័ន្ធ​នឹង​ការងារ​ទាំង​នេះ មានការ​គាំទ្រ និង​សហការ​ពី​ដៃគូ​អភិវឌ្ឍន៍​ដូចជា ធនាគារ​ពិភពលោក (World Bank), ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB), រីឯ​ប្រទេស​កូរ៉េ​ជួយ​ខាង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​តាខ្មៅ និង​សៀមរាប​។​

​ជុំវិញ​ការសាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នេះ លោក នូ សុវណ្ណ នាយក​ប្រតិបត្តិ អង្គការ​សម្អាត​ទន្លេ​​សមុទ្រ បាន​ថ្លែង​នៅ​ថ្ងៃទី​ ៩ ខែកក្កដា​ថា លោក​ពិតជា​បាន​មើលឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​សាធារណការ និង​​ដឹកជញ្ជូន​លើ​ការងារ​នេះ ក៏ដូចជា​ទីលាន​ចាក់សំរាម​ផង​ដែរ ដែល​ឃើញថា មាន​ភាព​ល្អប្រសើរ​ជាង​មុន​។​

​លោក​បាន​ថ្លែងថា​៖ «​ជាក់ស្តែង​យើង​ឃើញថា ទីលាន​ចាក់សំរាម​នៅ​ក្រុងកែប មាន​ទីលាន​ចាក់​សំរាម​ទំនើប ​១ ហើយ​យើង​យល់ថា បើសិន​បើ​យើង​មាន​ទីលាន​ចាក់សំរាម​បែបនេះ នៅ​ទូទាំងប្រទេស វា​អាច​នឹង​ជួយ​គ្រប់គ្រង​កាកសំណល់​នៅតាម​បណ្តា​ខេត្ត​ទាំងនោះ​បានល្អ​ប្រសើរ​។ ដោយ​ឡែក​ការរៀបចំ​ឱ្យ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅតាម​ទីក្រុង​នានា នៅ​កម្ពុជា គឺជា​រឿង​មួយ​ចាំបាច់​ណាស់​ក្នុងការ​បញ្ចៀស​ការបង្ហូ​រ​ទឹក​កខ្វក់​ទៅក្នុង​ទន្លេ សមុទ្រ បឹង ស្ទឹង​ជាដើម ដែលនាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​»​។​

​លោក​បាន​បន្ថែមថា នៅពេលដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ទាក់ទង​នឹង​ការ​ចម្រោះ​ទឹក​កខ្វក់ និង​ទីលាន​ចាក់សំរាម​បាន​កាន់តែច្រើន ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​មិនបាន​ចូលរួម​ថែរក្សា និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ ច្បាស់​ណាស់ ការដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​និង​សំរាម​ក៏​មិនអាច​ទទួលបាន​លទ្ធផល​ល្អ​ដែរ​៕