ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា លើកឡើងថា ការដាក់សម្បត្តិវប្បធម៌ជាតិចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ចាំបាច់ត្រូវគោរពតាមលក្ខខណ្ឌដែលយូណេស្កូដាក់ចេញ និងទាមទារឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលរួមថែរក្សា ការពារ ពិសេសប្រជាសហគមន៍ក្នុងតំបន់អភិរក្សដើម្បីថែរក្សាទុកជាកេរដំណែលគង់វង្សសម្រាប់អ្នកជំនាន់ក្រោយ។
រដ្ឋមន្ត្រីវប្បធម៌ថ្លែងក្នុងពិធីខួបលើកទី៦ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីតាំងប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៣ ថា កាថែរក្សាតំបន់មួយមិនអាចត្រឹមពឹងផ្អែកតែលើអាជ្ញាធរដែនដី និងរដ្ឋាភិបាលមួយមុខទេ តែត្រូវមានសាមគ្គីភាពរួមគ្នា ពិសេសពីរង្វង់ប្រជាពលរដ្ឋ ដើម្បីគោរពតាមគោលការណ៍ជាស្តង់ដាអន្តរជាតិ តួយ៉ាងការការពារដែនអធិបតេយ្យភាព បូរណភាពតំបន់អភិរក្ស ដោយមិនអាចមានការសង់សំណង់ផ្តេសផ្តាស ការតាំងទីផ្តេសផ្តាស។
លោកស្រីថា ប្រជាជនជាម្ចាស់ស្រុកក្នុងតំបន់អភិរក្សត្រូវការទទួលបានការការពារ និងអាចទទួលផលបានប្រយោជន៍ផងពីការចុះបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាការជួយជ្រោមជ្រែងពីភាគីពាក់ព័ន្ធតាមរយៈការបង្កើតមុខរបរ ការងារ ជាដើម។
លោកស្រីថ្លែងថា៖ «បើមានការកាប់បំផ្លាញ ការរំលោភបំពានកន្លែងអភិរក្ស គាស់កកាយ ធ្វើឱ្យបាត់ដាន ដល់ថ្ងៃណាមួយយើងមករក រកអត់ឃើញ យើងបាត់ដានប្រវត្តិសាស្ត្ររបស់យើង។ ចំណុចនេះមួយ គឺអាចពួកគាត់ [ប្រជាជន] អត់ដឹង។ ការថែរក្សា មិនចេះតែវាតទីគ្រប់កន្លែងទេ យើងដឹងតម្រូវការដែរ ទាល់តែកន្លែងហ្នឹងសំខាន់ ត្រូវតែថែរក្សាការពារ»។
លោកស្រីថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋនានាចូលរួមសិក្សាស្វែងយល់ពីសារៈសំខាន់នៃការការពារតំបន់ប្រវត្តិសាស្ត្ររបស់ជាតិ ដើម្បីទុកជាកេរសម្រាប់ក្មេងជំនាន់ក្រោយ ព្រោះកាលណាបាត់បង់ហើយ មិនអាចស្តារឡើងវិញបានឡើយ។
ជាក់ស្តែងក្នុងរយៈពេល ៦ ឆ្នាំ បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីអំឡុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧ អាជ្ញាធរជាតិសំបូរព្រៃគុក និងរដ្ឋាភិបាលកម្ពុជា បានខិតខំសង្គ្រោះប្រាសាទនានាដែលស្ថិតក្នុងហានិភ័យ ចេញពីការខូចខាត ជាពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ការអប់រំប្រជាមូលដ្ឋានទៅតាមគោលការណ៍របស់យូណេស្កូ។ នេះយោងតាមលោកស្រីភឿង សកុណា។
លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា វប្បធម៌រូបិយ និងអរូបិយ ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ សិល្បករ រដ្ឋាភិបាល សិក្សាស្វែងយល់៕