ភ្នំពេញៈ ​អង្គការ iDE កម្ពុជា បាន​ដឹកនាំ​ការសាកល្បង​លើ​សកម្មភាព​ប្រមូល​ដប​ប្លា​ស្ទិ​កនៅ​តាមសាលារៀនក្នុង​តំបន់​បឹង​ទន្លេសាប ដើម្បី​ការពារ​មិនឱ្យ​មានការ​បោះចោល​ដប​ប្លា​ស្ទិ​ក​ទៅក្នុង​បរិស្ថាន ហើយក៏បាន​អំពា​វនាវឱ្យមាន​ការចូលរួម​ពី​សាធារ​ណ​ជន ជាពិសេស​អ្នករស់នៅ​លើទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​។​


​ការសាកល្បង​នេះ ត្រូវបានធ្វើឡើងបន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​អង្គការ Save the Children Cambodia និង​ទទួលបាន​មូលនិធិ​ពី​សហភាព​អឺរ៉ុបតាមរយៈ​ការងារ​គ្រប់គ្រង​សំណល់​រឹង និង​ការរួមចំណែក​លុបបំបាត់​ការបំ​ពុល​​បរិស្ថាន​ដោយ​ប្លា​ស្ទិ​ក ដែលជា​ផ្នែក​មួយ​នៃ​គម្រោង បង្កើត​បរិស្ថាន​ដែលមាន​ភាពស៊ាំ និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ​កិច្ច​សង្គម​នៅ​តំបន់​ភាគ​ខាងកើត​បឹង​ទន្លេសាប (GREEN)​។

​អង្គការ iDE កម្ពុជា បានឱ្យដឹងថា ការប្រមូល​ដប​ប្លា​ស្ទិ​កនៅ​តាមសាលារៀន គឺជា​សកម្មភាព​សហគម​ន៍​ ក្នុង​គោល​បំណងដើម្បី​ការពារ​មិនឱ្យ​មានការ​បោះចោល​ដប​ប្លា​ស្ទិ​ក​ទៅក្នុង​បរិស្ថាន និង​ការពារ​ដប​ប្លា​ស្ទិ​ក​មិនឱ្យ​ហូរ​ចូលទៅ​បឹង​ទន្លេសាប​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​មនុស្ស​ទាំងអស់គ្នា​។ អង្គការ​នេះ បានឱ្យដឹងបន្តថា ការសាកល្បង​នេះ ក៏បាន​ផ្តល់ឱ្យ​សាលារៀន​នូវ​មធ្យោបាយ​រក​ចំណូល​ខ្លះ​តាមរយៈ​ការលក់​ដប​ប្លា​ស្ទិ​ក​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន​ផងដែរ។


​អង្គការ iDE កម្ពុជា បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ការសាកល្បង​រយៈពេល​៦សប្តាហ៍​មក ក្រុមការងារ​របស់​យើង​​​បាន​ជួប​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់ រួមទាំង​នាយក​សាលា លោកគ្រូ អ្នកគ្រូ មេភូមិ ឪពុកម្តាយ​សិស្ស និង​សិស្ស ដើម្បី​ស្វែងយល់​ពី​ទស្សនៈ​របស់​ពួកគេ​ទៅលើ​គំនិត​ផ្តួចផ្តើម​នេះ ការរំពឹងទុក​របស់​ពួកគេ អ្វីដែល​បានកើត​ឡើង​ជាក់ស្តែង អ្វីដែល​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ផ្នែក​ដែល​គួរ​មានការ​កែលម្អ​បន្ថែម ខណៈ​យើង​កំពុងធ្វើការ​ដើម្បី​ពង្រីក​សកម្មភាព​នេះ​ទៅកាន់ ភូមិ​បណ្តែត​ទឹក​ផ្សេងៗ​ទៀត​ជុំវិញ​បឹង​ទន្លេសាប​»​។​

​អង្គការ iDE កម្ពុជា ក៏​ប្រកាស​អំពាវនាវ​សុំ​ការចូលរួម​ពីសា​ធារណ​ជន ដើម្បី​គាំទ្រ​ដល់​សកម្មភាព​សហគម​ន៍​បែប​នេះ និង​ធ្វើឱ្យ​មានការ​ប្រសើរឡើង​ទាំងអស់គ្នា ដែល​អាច​រួមគ្នា​បង្កើត​អនាគត​កាន់តែ​ស្អាត និង​បៃតង​សម្រាប់​ភូមិ​បណ្តែត​ទឹក និង​នៅ​តំបន់​ផ្សេងៗ​ទៀត​។​


​លោក សាត សុខា នាយក​សាលាបឋមសិក្សា​ជលសា ដែលជា​សាលា​មួយ​ស្ថិតក្នុង​តំបន់​បឹង​ទន្លេសាបបាន​និ​យាយថា សាលារៀន​លោក កំពុង​ប្រកាន់​ជំហរ​ប្រឆាំង នឹង​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​កនៅ​ក្នុងភូមិ​បណ្តែត​ទឹក​នៃ​បឹង​ទន្លេសាប​។ លោក បន្តថា សម្រាប់​សកម្មភាព​ប្រមូល​ដប​ប្លា​ស្ទិ​ក​របស់​សាលា គឺសិស្ស​ត្រូវ​បាន​​​លើកទឹកចិត្ត​ឱ្យ​ប្រមូល​ដប​ទឹក​ប្លា​ស្ទិ​ក​ទាំងនោះ​ពី​ផ្ទះ​របស់​ពួកគេ ហើយ​យក​វា​ទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ​។

​លោកបាន​បញ្ជាក់ថា​៖​​«​ឥឡូវនេះ​សាលារៀន គឺជា​កន្លែង​ប្រមូល និង​ទុកដាក់​ដប​ទឹក​ប្លា​ស្ទិ​ក​ទាំងនោះ​ ហើយ អ្នកទិញ​អេតចាយ និង​មក​ប្រមូល​ដប​ប្លា​ស្ទិ​ក​នេះ​ពីសា​លា​។ កិច្ចសហការ​រវាង​សាលា និង​អ្នកទិញ​អេតចាយ ក៏ត្រូវ​បានរៀបចំ​រួចរាល់​ផងដែរ​។ យើង​បាន​រួមគ្នា​កាត់បន្ថយ​ដប​ប្លា​ស្ទិ​ក​យ៉ាងច្រើន​មិនឱ្យ​ហូរ​ចូល​បឹង​ទន្លេសាប ការពារ​ទឹក និង​សុខភាព​ទាំង​មនុស្ស និង​សត្វ​ក្នុង​ទឹក​»​។​

​ដើម្បី​ទប់ស្កាត់​សំរាម​ប្លា​ស្ទិ​ក និង​កាកសំណល់​មួយចំនួន មិនឱ្យ​ហូរ​ចូលទៅក្នុង​បឹង​ទន្លេសាប និង​បង្កើត​បរិយា​កាស​អំណោយ​ផល​សម្រាប់​ការប្រមូល​ប្លា​ស្ទិ​ក​ប្រកបដោយ​និរន្តរភាព អង្គការ iDE និង​ដៃគូ​សហការ បាននិង​កំពុង​អនុវត្ត​សកម្មភាព​ជាច្រើន ដូចជាច្នៃ​ឧបករណ៍​ប្រមូល​សំរាម​អណ្តែត​ទឹក ដែលមាន​តម្លៃ​ទាប ហៅថា "Biobars" សម្រាប់​ស្ទាក់​រារាំង​សំរាម​អណ្តែត​ទឹក​ផ្សេងៗ​។

​អង្គការ​នេះ ក៏កំពុង​បណ្តុះបណ្តាល​អ្នកប្រមូល​សំរាម លើកកម្ពស់​ចំណេះដឹង​ផ្នែក​អាជីវកម្ម និង​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​ប្រមូល​សំរាម​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន ពី​សំណាក់​គ្រួសារ​នានា​ឱ្យបាន​កាន់តែ​ប្រសើរ​ ខណៈការ​អនុវត្ត​​យុទ្ធនាការ​ផ្លាស់ប្តូរ​ឥរិយាបថ តោះ​យើង​សម្អាត​បឹង​ទន្លេសាប ក៏កំពុងដំណើរការផងដែរ​៕