​សៀមរាបៈ​​ អាជ្ញា​ធរ​ជាតិ​អប្សរា​​សហ​ការ​ជាមួយ​សា​កល​វិទ្យា​ល័យ​ហា​វ៉ៃ​ និង ​Flinders University បាន​ប្រើ​ឧបករណ៍​វាស់​ស្ទង់​រក​រចនា​សម្ព័ន្ធ​ឡ​ដុត​កុលាល​ភាជន៍​នៅ​ខ្លោង​ទ្វារ​ដី​ឆ្នាំង​នៃ​អង្គរ​ធំ ដោយ​បាន​រក​ឃើញ​មាន​ឡ​ដុត​កុលាល​ភាជន៍​ជាច្រើន​នៅ​ជ្រុង​ពាយព្យ​នា​ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក​នៃ​ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប​។


​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី ​១០ ខែ​កក្កដា បាន​ឱ្យដឹង​ថា បណ្តុំ​ក្រុម​ឡ​ដុត​កុលា​ល​ភាជន៍​ទាំង​នោះស្ថិត​នៅលើ​ទួល​ធំ​វែង​មួយ​កន្លែង​ដែល​លាត​សន្ធឹង​ពី​កើ​តទៅ​លិច​ប្រវែង​២៣០​ម៉ែត្រ​ និង​ទទឹង​មាន​ប្រវែង​៨៤​ម៉ែត្រ កម្ពស់​ប្រហែល​២,៧០​ម៉ែត្រ​។


​ទួល​នេះ​សន្ធឹង​ស្រប​គ្នា​នឹង​កំពែង​នៃ​ក​សិន្ធុ​ទឹក​ភាគ​ខាង​ជើង​ផ្នែក​ខាង​លិច​របស់​ខ្លោងទ្វា​រ​ដី​ឆ្នាំង​នៃ​អង្គរធំ​មាន​ចម្ងាយ​១២៣​ម៉ែត្រ​ពី​ខ្លោង​ទ្វារ​ដី​ឆ្នាំង​។​

​តាម​រយៈ​អាជ្ញា​ធរ​ជាតិ​អប្សរា​ អនុ​ប្រធាន​នាយ​កដ្ឋាន​ស្រាវជ្រា​វ បណ្តុះ​បណ្តាល និង​ផ្សព្វផ្សា​យ ​លោក ទិន​ ទីណា បាន​លើក​ឡើង​ថា ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ និង​ស្រង់​ទិន្ន​ន័យ​បុរា​ណវិទ្យា ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​នាយក​ដ្ឋាន​ស្រា​វជ្រាវ បណ្តុះ​បណ្តាល និង​ផ្សព្វ​ផ្សាយ​នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា ​បាន​រក​ឃើញថា ​​មាន​ទួល​ឡ​ដុត​កុលា​ល​ភាជន៍​មាន​ចំនួន​២៥​ដែល​ពុំទាន់​មានការ​ធ្វើ​កំណាយ​ស្រាវជ្រា​វដើម្បី​បញ្ជាក់ថា​ទីនេះ​ជា​អ្វី​ពិតប្រា​កដ​នៅ​ឡើយ​ទេ​។​


​លោ​ក​ថា​ ទួល​ឡ​ដុត​កុលា​ល​ភាន៍​នេះមិនទា​ន់មាន​ការធ្វើ​កំណាយ​ទេ ​ដោយ​គ្រាន់តែ​អ្នក​ស្រា​វជ្រាវ​មួយ​ចំនួន​បាន​រើស​យក​អំបែ​ងកុលាល​ភាជ​ន៍​យក​ទៅ​សិក្សា​តែ​ប៉ុណ្ណោះ​។

​លោក​ទិន ​ទីណា ​បា​ន​បញ្ជាក់​ថា ៖ «​កាលពី​ឆ្នាំ​២០២០ ​និង​ឆ្នាំ​២០២២ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​ធ្វើ​កំណាយ​លើ​ទួល​ឡ​នោះ​ចំនួន​២​ដើម្បី​ប្រមូល​ទិន្នន័យ​ដែល​អាច​ឱ្យ​អ្នកជំ​នាញ​បញ្ជាក់​ថា​ ទីតាំង​នេះ​ជា​អ្វី​ឱ្យ​ពិត​ប្រាកដ​»​។​

​យោង​តាម​លទ្ធ​ផល​ដែល​ទទួលបាន​ពី​ការធ្វើ​កំណាយ​ទាំង​២លើក​កន្ល​ងមក បាន​បញ្ជាក់​ថា ​ទីតាំង​នេះ​ជា​ឡ​ដុត​កុលាល​ភាជន៍​នៅក្នុង​តំបន់​អង្គរ​ ដែល​ចាប់ដំ​ណើរកា​រ​តាំងពី​ពាក់​កណ្តាល​សតវត្សរ៍​ទី​១២ និង​ឈប់​ដំណើរ​ការ​នៅ​ដើម​សត​វត្សរ៍​ទី​១៥​នៃ​គ្រិស្ត​សករា​ជ​។ នេះ​បើ​តាម​ការ​លោក​ ទិន ទីណា ​បន្ថែម​។​

​អ្នក​នាំពាក្យ​អាជ្ញា​ធរ​ជាតិ​អប្សរា ​លោក ​ឡុង កុសល មិន​អាច​ទាក់​ទង​សុំ​ព័ត៌មាន​បន្ថែម​បា​នទេ ​កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ​ឆ្នាំ​២០២៣​។​

​អាជ្ញាធរ​ជាតិ​អប្សរាបា​ន​បញ្ជាក់ដែ​រថា​ ក្រុម​អ្នក​ស្រាវជ្រាវ​មាន​គោលបំ​ណង​ពង្រីក​ការស្រាវ​ជ្រាវ​ពី​បណ្តុំ​ឡ​ដុត​កុលាល​ភាជ​ន៍​នេះ​ឱ្យ​បាន​វែង​ឆ្ងាយ​ទៅ​ទៀតដោយ​ថ្មីៗ​នេះអ្ន​កស្រា​វជ្រាវ​​នៃ​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ បណ្តុះ​បណ្តាល​និង​ផ្សព្វ​ផ្សាយ​អាជ្ញា​ធរ​ជាតិ​អប្សរាបាន​សហ​ការ​ជាមួ​យ​សាកល​វិទ្យាល័​យ​ហា​វ៉ៃ និង Flinders U​niversity បាន​ប្រើ​ឧបក​រណ៍​វិទ្យា​សាស្ត្រ​ទំនើប​។​

​ការប្រើប្រាស់​​ឧបក​រណ៍​ទំនើប​នេះ ដើម្បី​វាស់​ស្ទង់​រក​រច​នាសម្ព័ន្ធ​ឡ​ដុត​កុលាល​ភាជន៍​នៅ​តំបន់​ទ្វារ​ដី​ឆ្នាំង​នៃ​អង្គរធំ​នេះ ​ដោយ​ប្រើ​ឧបករណ៍ M​agn​etometer ដើម្បី​ស្វែងរ​ក​សញ្ញាណ​ម៉ាញេ​ទិក​នៃ​រចនា​សម្ព័ន្ធ​ឡ​។

​ប្រភព​ដដែល​បា​នបន្តថា ក្រុម​អ្ន​កស្រា​វជ្រាវ​បាន​ចាត់​ទុកថា​ទិន្នន័​យ​ដែល​ទទួល​បាន​ពី​ការវា​ស់ស្ទង់​នេះ ​គឺមាន​សារៈ​សំខាន់​សម្រាប់​អ្នកជំ​នាញ​យក​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ធ្វើ​កំណាយ​ស្រាវ​ជ្រាវ​ឡ​ដុត​កុ​លាល​ភាជន៍​នៅ​តំបន់​នេះ​តទៅ​ថ្ងៃមុខ​ទៀត​៕