ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតជាង ១៣ លាន សន្លឹកនិងត្រៀមដឹកទៅតាមគោលដៅរាជធានី ខេត្តនៅថ្ងៃទី ១៨ ខែកក្កដា ខាងមុខនេះ សម្រាប់ប្រើប្រាស់ក្នុងការបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី ១០ ខែកក្កដា បានប្រាប់ឱ្យដឹងថា ការបោះពុម្ពសន្លឹកឆ្នោតជាង ១៣ លានសន្លឹកនេះត្រូវបានធ្វើតាមលំដាប់លំដោយ និងផែនការ ដោយធ្វើការបោះពុម្ពសម្រាប់ខេត្តដែលនៅឆ្ងាយៗជាមុន និងចុងក្រោយបង្អស់ គឺការបោះពុម្ពសម្រាប់រាជធានីភ្នំពេញហើយក៏ត្រូវបានបញ្ចប់ជាស្ថាពរផងដែរ។
លោកបន្តថា ក្រៅពីធ្វើកិច្ចសន្យាជាមួយរោងពុម្ពហើយ គ.ជ.ប ក៏បានបញ្ជូនមន្ត្រីរបស់ខ្លួនទៅពិនិត្យមើលដោយផ្ទាល់នូវសន្លឹកឆ្នោតទាំង ១៣ លានសន្លឹកនេះផងដែរ មុននឹងសម្រេចដឹកជញ្ជូនយកទៅរក្សាបម្រុងទុកខ្លះ ដែលមានចំនួន ១ លានសន្លឹក នៅតាមគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងពេលករណីចាំបាច់ និងប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោត នៅទូទាំងប្រទេស។
លោកមានប្រសាសន៍ថា៖ «សន្លឹកឆ្នោតដែលបានបោះពុម្ពជាង ១៣ លានសន្លឹកនេះ នឹងត្រូវដឹកជញ្ជូនទៅរក្សាទុកនៅតាមគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ សម្រាប់ត្រៀមដឹកជញ្ជូនបន្តទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត សម្រាប់ចែកចាយទៅការិយាល័យបោះឆ្នោតសម្រាប់ជូនប្រជាពលរដ្ឋបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣»។
លោកបន្តថា៖ «ការងារនេះ យើងបញ្ចប់កាលពីប៉ុន្មានថ្ងៃមុន នឹងត្រៀមដឹកទៅរាជធានីខេត្ត ជាមួយនឹងការការពារសុវត្ថិភាពយ៉ាងហ្មត់ចត់ និងល្អប្រសើរ ដើម្បីធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ»។
បើតាមការបញ្ជាក់ពីលោក ហង្ស ពុទ្ធា ក្នុងដំណាក់កាលនៃការបោះពុម្ពសន្លឹកឆ្នោត រហូតទល់ពេលបញ្ចប់ជាស្ថាពរ គឺមានកំហុសតិចតួបបំផុតហើយក៏ត្រូវបានកែតម្រូវ និងដោះស្រាយទាន់ពេលវេលាផងដែរ ជាមួយនឹងការធ្វើកំណត់ហេតុច្បាស់លាស់ ក្នុងការបង្ហាញពីភាពទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតរបស់ គ.ជ.ប។
ជាមួយគ្នានេះដែរនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា និចហ្វិក លោក សំ គន្ធាមី បានថ្លែងថា ការបោះពុម្ពសន្លឹកឆ្នោតបញ្ចប់មុនដំណើរការបោះឆ្នោតមកដល់នេះគឺជារឿងល្អ ព្រោះត្រូវដឹកជញ្ជូនទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ត្រៀមទុកសម្រាប់ថ្ងៃបោះឆ្នោតតែម្តង។
លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះ គ.ជ.ប ក៏នឹងបញ្ជូនហិបឆ្នោត បញ្ជីឈ្មោះបោះឆ្នោត ទឹកខ្មៅលុបមិនជ្រះ និងសម្ភារផ្សេងទៀតទៅជាមួយគ្នានៅពេលនោះផងដែរ។ទោះជាយ៉ាងណា លោក សំ គន្ធាមី បានស្នើឱ្យមន្ត្រី គ.ជ.ប យកចិត្តទុកដាក់ពីការថែរក្សាសុវត្ថិភាពទាំងនៅក្នុងពេលដឹកជញ្ជូនសន្លឹកឆ្នោត រួមទាំងរក្សាឱ្យបានល្អចៀសវាងការខូចខាតសម្ភារបោះឆ្នោត ព្រោះពេលនេះជារដូវភ្លៀងធ្លាក់ ខណៈតំបន់មួយចំនួន អាចមានករណីភ្លៀងខ្យល់ខ្លាំងជាពិសេសតំបន់ដាច់ស្រយាល និងព្រៃភ្នំជាដើម។
លោកថ្លែងថា៖ «ដូច្នេះ វាអាចជួបការលំបាកខ្លះហើយជាពិសេសនៅតាមការិយាល័យបោះឆ្នោតខ្លះដូចជាសាលារៀន មានការលិចទឹក ដែលករណីទាំងអស់នេះ ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់»។
សូមរំឭកដែរថា ការបោះពុម្ពសន្លឹកឆ្នោតជាង ១៣ លានសន្លឹកនេះ បានចំណាយថវិកាអស់ជាង ២ លានដុល្លារ ខណៈថវិកាសរុបសម្រាប់ចំណាយលើការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទាំងមូល មានចំនួនជាង ៥០ លានដុល្លារ៕