កំពង់ឆ្នាំងៈ ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់​ឆ្នាំង កំពុង​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត​បទល្មើស​ចូល​លួច​ឈូសឆាយ​ដីព្រៃ​លិច​ទឹក ក្នុង​តំបន់ ​៣ ប្រមាណ ៥០ ហិកតា​នៅ ចំណុច​យាយ​ភា​ជ ក្នុងភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។


​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១១ ខែកក្កដា​ថា បន្ទាប់ពី​បានទទួល​ព័ត៌មាន​ថា មានការ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​តំបន់ ​៣ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​បាន​ចុះ​ប្រតិបត្តិការ ទៅដល់​ទីតាំង​ពិនិត្យឃើញថា​មាន​ករណី​ឈូសឆាយ​ពិតប្រាកដ​មែន ប៉ុន្តែ​ពេល​មន្ត្រី​ជំនាញ​ទៅដល់ ជន​ប្រព្រឹត្តបទល្មើស​បាន​រត់គេចខ្លួន​អស់​។

​លោក​ថ្លែងថា​៖ «​យើង​បាន​ចុះទៅ​ដល់ទី​តាំង​ដើម្បី​តាម​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​នេះ ប៉ុន្តែ​យើង​ដេញ​មិនទាន់​។ ក្នុងព្រៃ​ធម្មតា​យើង​ពិបាក​ក្នុងការ​ទៅឱ្យ​ទាន់​ព្រោះ​ក្នុងព្រៃ​ពិបាក​ធ្វើដំណើរ ម៉ូតូ​ជិះ​មិនកើត ទៅតាម​កា​ណូត ហើយ​យើង​ថ្មើ​រជើង​។ ​ឥឡូវ​យើង​រក​អ្នកប្រព្រឹត្ត​អត់​ទាន់​ឃើញ​ទេ កំពុង​ស្រាវជ្រាវ​បន្ថែមទៀត​»​។


​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​ប្រាប់ថា ទីតាំង​ដែលមាន​ការ​ឈូសឆាយ​នោះ​មន្ត្រី​ជំនាញ​រដ្ឋបាល ជលផល​នឹង​ដំឡើង​ផែនទី​មើល​ឱ្យ​ច្បាស់លាស់​ពី​ទំហំ​ដី​ដែល​ត្រូវ​ឈូសឆាយ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ ករណីនេះ ប្រ​សិន​បើ​មានការ​ចូលមក​អាស្រ័យ​ផល ឬ​មក​ធ្វើ​សកម្មភាព​អ្វី​លើដី​ដែល​បាន​ឈូសឆាយ​ហើយ​នេះ នឹងត្រូវ​ចាត់វិធានការ​ភ្លាមៗ តាម​ជាក់ស្តែង​តែម្តង​។

​លោក លី ឡា បាន​បន្ថែមថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ ក្រុមការងារ​ជំនាញ​បាន​ដកហូត​ម៉ូតូ​ចំនួន​ ៣​ គ្រឿង ដែល​បន្សល់ទុក​នៅ​កន្លែងកើតហេតុ ដោយឡែក​គ្រឿងចក្រ​ដែល​បម្រើ​ដល់​ការ​ឈូសឆាយ​នេះ​ត្រូវបាន​បើកបរ​ចេញ​បាត់​មុន​សមត្ថកិច្ច​មកដល់​។ យ៉ាងណាក៏ដោយ​ចំពោះ​ម៉ូតូ ៣ ​គ្រឿង ដែល​កម្លាំង​ជំនាញ​បាន​ដកហូត​មក​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ចូលទៅ​ស្នើសុំ​មកវិញ​ដោយ​សំអាងថា ជា​ម៉ូតូ​របស់​ពួកគាត់​ទុក​នៅក្បែរនោះ​ហើយ​ពួកគាត់​បាន​ចុះ​ទៅតាម​ព្រែក​រកត្រី រក​ខ្ចៅ ខ្យង​ធ្វើ​ម្ហូប​។


​លោក​បញ្ជាក់ថា​៖«​ម៉ូតូ​យើង​ឃើញ​នៅ​ទីតាំង​ជាក់ស្តែង​យើង​យកមក​សិន ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​យកទៅ​វិញ គាត់​ថា គាត់​គ្រាន់តែ​ជា​អ្នក​មករក​ខ្យង​ខ្ចៅ​អី​នៅក្បែរ​តំបន់​ហ្នឹង គាត់​ទុក​ម៉ូតូ​នៅ​ទី​ហ្នឹងហើយ​គាត់​ចុះទៅ​ទន្លេ​ទៅ​ព្រែក​ទៅ ដល់ពេល​មកវិញ​បាត់​ម៉ូតូ ដោយសារ​យើង​យកមក អ៊ីចឹង​យើង​គិតថា វត្ថុតាង​នេះ​មិន​ពាក់ព័ន្ធ​ការ​ឈូសឆាយ​ទេ​»​។

​លោក សំ ចាន់​គា អ្នកសម្របសម្រួល​សមា​គម​អាដហុក​ប្រចាំខេត្ត​កំពង់ឆ្នាំង និង​ពោធិ៍សាត់​ថ្លែង​នៅ​ថ្ងៃទី១១ ខែកក្កដា​ថា ចំពោះ​បញ្ហា​នេះ​មន្ត្រី​ជំនាញ​គួរ​សហការ​ឱ្យបាន​ល្អជា​មួយ​អាជ្ញាធរ​ក្នង​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដើម្បីឱ្យ​ពួកគាត់​ជួយ​ឃ្លាំមើល និង​រាយការណ៍​ពី​សកម្មភាព​ល្មើស​ដែល​កើតមានឡើង​។ លោក​ថា បើសិនជា មន្ត្រី​ជំនាញ​មិនមាន​ទំនាក់ទំនង​ល្អ មិនមាន​ការផ្តល់​សេចក្តីទុកចិត្ត​ដល់​ពលរដ្ឋ​ទេ នឹងមាន​ការពិបាក​ក្នុងការ​ទប់ស្កាត់​បទល្មើស​នេះ ព្រោះ​មន្ត្រី​ជំនាញ​មិនមាន​គ្នាច្រើន និង​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ចុះ​ល្បាត​ជាប់លាប់​ដើម្បី​ការពារ​នោះទេ​។​

​លោក​ថ្លែងថា​៖«​យើង​ឃើញថា ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​បទល្មើស​នេះ​កន្លងមក​បាន​ជោគជ័យ​ហើយ អ៊ីចឹង យើង​ស្នើ​សុំឱ្យ​ទាំង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​បន្ត​ទប់ស្កាត់​កុំឱ្យ​បទល្មើស​នេះ​កើតឡើង​ត្រឡប់មកវិញ​»​។

​ការដកហូត​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ នៅក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​មាន​ចំនួន​ជាង ៦ ម៉ឺន​ហិកតា ដែលមាន​ប្រជាពលរដ្ឋ​ជិត ១ ម៉ឺន ៥ ពាន់​គ្រួ​សារបាន​ចូលខ្លួន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ទាំងនេះ​ឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ ហើយ​ដី​នោះ​មាន​ការដាំដុះ ឫស្សី ដើមត្នោត និង​ដើមឈើ​ឡើងវិញ ក្នុង​តំបន់​ទាំងនោះ​។ នេះ​បើតាម លោក អុឺង ទ្រី អនុប្រធាន​រដ្ឋបាល​ជ​ល​ផល​។

​ចំពោះ​ផ្ទៃដី​ព្រៃ​លិច​ទឹក​ដែល​បាន​ដកហូត​ទាំងនេះ គឺ​អាជ្ញាធរ​ទាំង ៦ ខេត្ត បានធ្វើ​ការដាំដុះ​ព្រៃ​លិច​ទឹក និង​ដើមត្នោត​សរុប​ជាង ៣០ ម៉ឺន​ដើម និង​គ្រាប់ ក្នុងនោះ​ដើម​ឫស្សី​ចំនួន ៩ ៧៩៩ ដើម ដើមត្នោត​បាន ៣៣៩ ដើម​ចំណែក​គ្រាប់ត្នោត​បាន​ចំនួន ២៧ ១១៣៥ គ្រាប់ និង​ព្រៃ​លិច​ទឹក​គ្រប់​ប្រភេទ​សរុប​បាន​ចំនួន ៤៤ ៤៣៥ ដើម​។ ខេត្ត​ដែល​បាន​ដាំ​ដើមឈើ​នៅ​តំបន់​លិច​ទឹក​នេះ​ឡើងវិញ​បាន​ច្រើនជាងគេ​គឺ​ខេត្តកំពង់ឆ្នាំង ដែលមាន​ចំនួន​សរុប​ជាង ៣៥ ០០០ ដើម និង​គ្រាប់​៕