ភ្នំពេញៈ អង្គការភ្លែនអន្តរជាតិកម្ពុជា អនុវត្តគម្រោង «សម្រេចបានការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ» ដើម្បីលើកកម្ពស់សុខភាព និងបរិស្ថានរស់នៅរបស់ក្មេងស្រី ក្មេងប្រុស និងឪពុកម្តាយរបស់ពួកគេឱ្យទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងស្មើភាពគ្នានៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
លោក យី គឹនថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែកក្កដាថា គម្រោងនេះ ចាប់ផ្តើមអនុវត្តចាប់ពីពេលនេះរហូតដល់ខែធ្នូ ឆ្នាំ ២០២៥ ដោយធ្វើការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូជាមួយអង្គការវឌ្ឍនភាព ដែលជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តទាំង ២។
លោក បានបញ្ជាក់ថា៖«យើងរួមគ្នាធ្វើដើម្បីបំបែកដែនកំណត់នៃការទទួលបាន និងប្រើប្រាស់ការកែលម្អការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅក្នុងភូមិគោលដៅចំនួន៣៤ នៃឃុំចំនួន៦ក្នុងស្រុកចំនួន៤ ដែលនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន៤ ៣៤០ គ្រួសារ ក្នុងនោះកុមារចំនួន១៤ ៧៦០ នាក់ (ស្រី ៧ ៥០០ នាក់) និងផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់គ្រួសារចំនួន១ ០២៤»។
លោក យី គឹមថាន បានអះអាងថា គម្រោងនេះ នឹងនាំយកប្រព័ន្ធផ្គត់ផ្គង់ទឹកតាមសហគមន៍ដែលធន់ទៅនឹងអាកាសធាតុ ជាមួយនឹងរចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍ដែលមានលក្ខណៈច្នៃប្រឌិតសម្រាប់ប្រព័ន្ធចែកចាយទឹក និងការសាងសងអាងត្រងទឹកភ្លៀងតាមគ្រួសារដែលមានភាពស៊ាំនឹងអាកាសធាតុ ទៅកាន់តំបន់គោលដៅទាំងអស់។
លោក អះអាងទៀតថា៖«លើសពីនេះ ការផ្លាស់ប្តូរឥរិយាបថ និងការយល់ដឹងអំពីអនាម័យ រួមចំណែកយ៉ាងសំខាន់ដល់ការកែលម្អស្ថានភាពសុខភាពទូទៅរបស់សហគមន៍ ដែលគម្រោងនឹងធ្វើការរួមគ្នា និងពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចបាននូវការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលផងដែរ»។
ការស្ទង់មតិប្រជាសាស្ត្រ និងសុខភាពរបស់ប្រទេសកម្ពុជាឆ្នាំ ២០២១-២០២២ បង្ហាញថា១៥ភាគរយនៃគ្រួសារនៅជនបទមិនមានលទ្ធភាពទទួលបានសេវាទឹកស្អាតជាមូលដ្ឋានក្នុងរដូវប្រាំងហើយមានតែ៦៦ភាគរយប៉ុណ្ណោះ ប្រើប្រាស់វិធីកែលម្អទឹកសមស្រប ស្របពេល១៥ភាគរយនៃគ្រួសារនៅតាមជនបទ បន្តអនុវត្តការបន្ទោបង់ពាសវាលពាសកាល។
ការស្ទង់មតិនេះ ក៏បានរកឃើញដែរថា ការបន្ទោបង់ពាសវាលពាសកាលនៅតែកើតមានជាទូទៅក្នុងខេត្តរតនគិរី ដែលមាន៤៨ភាគរយក្នុងចំណោមប្រជាជនសរុប ខណៈខេត្តស្ទឹងត្រែងមាន៤២ ភាគរយ ហើយប្រភពទឹកកែលម្អភាគច្រើនដែលប្រជាជនប្រើប្រាស់នៅក្នុងខេត្តទាំង២នេះ គឺជាទឹកបណ្តាញ ទឹកក្បាលម៉ាស៊ីនសាធារណៈ ទឹកអណ្តូងស្នប់ ឬអណ្តូងខួង ទឹកអណ្តូងជីកមានគ្របការពារ ទឹកចេញក្រោមដី (មានការការពារ) ទឹកភ្លៀង ទឹកឡានស៊ីទែន ទឹកធុងរទេះ និងទឹកដប។
លោកឡាំ ម៉ៅ អនុប្រធានភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលជាភូមិគោលដៅមួយក្នុងគម្រោងនេះ បាននិយាយថា អ្នកភូមិរបស់លោក ប្រើប្រាស់បង្គន់អនាម័យមិនដល់ពាក់កណ្តាលផង ព្រោះពលរដ្ឋភាគច្រើនតែងតែបន្ទោបង់ពាសវាសពាសកាល ស្របពេលប្រភពទឹកស្អាតនៅក្នុងភូមិ គឺមិនមាននោះដែរ។
លោក បានថ្លែងថា៖«ការបត់ជើងពាសវាលពាសកាល ខ្វះអនាម័យណាស់ ដែលបណ្តាលឱ្យកើតជាជំងឺ។ យើងបានណែនាំរហូតហ្នឹងអំពីបញ្ហានេះ ប៉ុន្តែជួនកាលពួកគាត់ធ្វើតាមតែមួយភ្លែតហ្នឹង បន្ទាប់ពីយើងបន្តណែនាំ ហើយផុតតែពីហ្នឹង១០ថ្ងៃ ទៅ២០ថ្ងៃ គាត់នៅតែដដែល»៕