សៀមរាបៈ​ យ៉ាង​ហោច​ណាស់​មាន​សត្វ​ព្រៃ​កម្រៗ​ ៧៨ ​ក្បាល ​ស្មើនឹង​ ១១ ​ប្រភេទ​ ត្រូវ​បាន​ដោះ​លែង​ចូល​ក្នុង​ព្រៃ​ធម្ម​ជាតិ​នៃ​ឧទ្យាន​អង្គរ​ គិត​ចាប់​ពី​ឆ្នាំ​ ២០១៣​ ដល់​ឆ្នាំ​ ២០២៣ ​នេះ​តាម​រយៈ​គម្រោង​ដោះ​លែង​សត្វ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​ ដែល​អនុវត្ត​ដោយអាជ្ញាធរ​ជាតិ​អប្សរា ​សហ​ការ​ជា​មួយ​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​អង្គការ​សម្ព័ន្ធ​មិ​ត្ដ​សត្វព្រៃ​។​នេះ​បើ​តាម​ការ​ផ្សាយ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​។​


​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​អាជ្ញា​ធរ​ជាតិ​អប្សរា​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​ ១០ ​ខែ​កក្កដា​ បាន​ឱ្យ​ដឹង​ថា ​សត្វព្រៃ​៧៨​ក្បាល​ដែល​គម្រោង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ដោះ​លែង​ចូល​ក្នុងព្រៃ​ធម្ម​ជាតិ​នៃ​ឧទ្យាន​អង្គរ​ មាន​ដូច​ជា សត្វ​ទោច​មកុដ​ចំនួន​១៥​ក្បាល​(​កើត​កូន​បាន​ចំនួន​៧​ក្បាល​) សត្វ​ឈ្លូស​ចំនួន​៦​ក្បាល សត្វ​ស្វា​ព្រាម​ចំនួន​១២​ក្បាល​ សត្វ​សំពោច​ក្រអូប​ចំនួន​៥​ក្បាល ​សត្វ​ភេ​ខ្លួន​រលោង ចំនួន​៨​ក្បាល​(​កើត​កូន​បាន​ចំនួន​៥​ក្បាល​) សត្វ​ឆ្មា​ដាវ​ចំនួន​ ២ ​ក្បាល​ កេង​កង​តូច​ចំនួន​៧​ក្បាល ​កេង​កង​ធំ​ចំនួន​៦​ក្បាល​ ព្វាំ​ង ចំនួន​៧​ក្បាល សត្វ​ក្ងោក​ចំនួន​៩​ក្បាល និង​សត្វ​អ​ន្ស​ងចំនួន​១​ក្បាល។

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​សត្វ​ទាំង​នេះ​នៅមា​ន​សត្វ​ផ្សេងៗ​មួយ​ចំនួ​នទៀត ​ត្រូវបាន​ដោះ​លែង​ផ​ងដែរ​ដែល​មក​ដល់​ឥឡូវ​សត្វ​ទាំង​អស់​នេះ​នៅតែមា​ន​វត្ត​មាន​នៅ​ទីនោះ​នៅ​ឡើយ​ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ និង​ថែទាំ​ជា​ប្រចាំ​ពី​ក្រុម​ការងារ​។


​បើតាម​អាជ្ញា​ធរ​ជាតិ​អប្សរា​ មាន​សត្វ​សំពោច​ក្រអូប​១គូ​ត្រូវ​បាន​អាជ្ញា​ធរ​ជាតិ​អប្សរា​ រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គកា​រ Wildlife Alliance ដឹក​ជញ្ជូន​ពី​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ​យក​មក​ផ្សាំង​ក្នុង​ទ្រុង​ហើយ​ក្រុម​ការងារ​គម្រោង​នឹង​ដោះ​លែង​ចូល​ទៅ​ក្នុង​ព្រៃ​ធម្ម​ជាតិ​នៃ​ឧទ្យាន​អង្គរ​នៅ​ពេល​ខាង​មុខ​បន្ថែម​ទៀត​។ សត្វ​សំពោច​១​គូ​នោះ​បាន​ដឹក​ទៅ​ដល់​ឧទ្យាន​អង្គរ​ ថ្ងៃទី៧​ ខែកក្កដា ឆ្នាំ​២០២៣​ ហើយ​គម្រោង​ដោះ​លែង​សត្វ​ព្រៃ​នេះ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​សត្វ​ព្រៃ​ទាំង​អស់​បន្ត​វត្ត​មាន​នៅ​ក្នុង​ព្រៃ​ធម្ម​ជាតិ​នៃ​ឧទ្យាន​អង្គរ និង​បង្កើន​ចំនួន​បន្ថែម​ទៀត​។

​អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា​៖«​អាជ្ញា​ធរ​ជាតិ​អប្សរា​ និង​ដោះ​លែង​សត្វព្រៃ​នេះ​ក្នុង​ឧទ្យាន​អង្គរ​។ សូម​អំពាវនា​វ​ជូន​សា​ធារ​ណជន​ ភ្ញៀវ​ជាតិ ​អន្តរ​ជាតិ ​ជាពិសេស​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ចូល​រួម​ថែរក្សា​សត្វ​ព្រៃ​ទាំង​នោះ​ទាំង​អស់​គ្នាចៀ​សវាង​ពេល​ប្រទះ​ឃើញ​មាន​បំណង​មិន​ល្អ ​និង​សូម​បញ្ឈប់​ការ​ដាក់​អន្ទាក់​សត្វ​គ្រប់​ប្រភេទ​ និង​មេត្តា​កុំ​ផ្តល់​ចំណី​ឱ្យ​សត្វ​ទាំង​នោះ​»​។​


​លោក​សុខ ​វិជ្ជា អ្នកស្រា​វជ្រាវ​ជី​វចម្រុះ​នៅ​កម្ពុជា​បាន​ថ្លែងថា​ ការ​ដោះ​លែង​សត្វ​ព្រៃ​ចូលក្នុង​​តំបន់​ឧ​ទ្យា​នអង្គរ​មិន​មាន​ផ​លប៉ះពាល់​អ្វី​ទេ​ ដោយ​សារ​កា​រអភិរក្ស​ព្រៃឈើ​នៅ​តំបន់​ជុំវិញ​រមណីយដ្ឋា​ន​អង្គរ​អាជ្ញាធរ​អប្សរា​ធ្វើ​បានល្អ​។ លោក​បន្ត​ថា ការដោះ​លែង​សត្វព្រៃ​​នេះដែ​រប្រៀប​ដូចជា​ការស្តារ​​ប្រព័ន្ធ​អេកូឡូស៊ី​​ ជីវ​ចម្រុះ​នៅ​តំបន់​នេះ​ឡើងវិ​ញ​ឱ្យបាន​ល្អ​ប្រសើរ ​និង​រក្សា​បាន​ប្រភេទ​សត្វ​ព្រៃ​ចម្រុះ​នៅ​ទីនោះ ​ដែល​ជា​ប្រយោ​ជន៍​អាច​បម្រើ​ទៅ​ដល់​ការទា​ក់ទា​ញ​ភ្ញៀវទេ​សចរ​ជាតិ និង​អន្តរ​ជាតិទៅ​កម្សាន្ត​ផង​ដែរ​។

​អ្នក​ស្រាវ​ជ្រាវ​ជីវ​ចម្រុះ​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​សត្វ​សំពោច​ក្រអូ​ប ជា​ប្រភេទ​ថនិក​សត្វដែ​លស​ម្បូរ​រស់់នៅ​តំបន់​ Indo-Malayan Realm និង​តំបន់ Palearctic​។ វា​ជាស​ត្វ​ចូល​ចិត្ត​រស់នៅ​ដាច់​ពី​គេ ជា​សព្វា​សី​សត្វ​(​ដែល​ស៊ី​អាហារ​គ្រប់​ប្រភេទ មា​ន​សាច់ រុក្ខ​ជាតិ​។​ល​។​) រកស៊ី​នៅ​ពេល​យប់​។ សត្វ​នីមួយៗ​ អាច​រស់​នៅ​បាន​រហូត​ដល់​ជាង​២៤​ឆ្នាំ អាយុ​ពេញ​វ័យ​បន្ត​ពូជ (​សត្វ​ញី​) ១១ ទៅ​១២​ខែ ចំណែក ​អាយុ​ពេញ​វ័យ​បន្ត​ពូជ (​សត្វ​ឈ្មោល​)ពី ៩ ទៅ​ ១១​ខែ ដោយ​រដូវ​បន្ត​ពូជ​មាន​ពេញ​១ឆ្នាំ​។ រយៈ​ពេល​ផើម ៦០​ថ្ងៃ​ ចំនួន​កូន​មាន​ចន្លោះ​២-៥​ក្បាល​។

​លោក​ថ្លែង​ថា​៖«​សំពោច​ជា​ប្រភេទ​ថនិក​សត្វ​ វា​រស់​នៅតា​ម​ដើមឈើ​ធំៗ តាម​តំបន់​ព្រៃធំៗ​ ហើយ​ខ្ញុំ​គិត​ថា ​ការលែង​សត្វ​ក្នុង​តំបន់​ព្រៃ​ឧទ្យាន​អង្គរ​នេះ​គេ​បាន​សិក្សា​អំពី​តំបន់​រស់នៅ​ដើម​របស់​វា​ហើយ ​ទើប​គេ​យក​មក​លែង ​ហេតុ​នេះ​ការ​ដោះលែ​ង​នេះ​មិន​មាន​បញ្ហា​អី​ទេ​»​។

​ក្នុង​យុទ្ធ​នា​ការ​អន្ទាក់​សូន្យ​នៅ​ខេត្ត​សៀម​រាប​កាល​ពី​ថ្ងៃទី២ ​ខែមិថុនា ​២០២៣​ លោក ជូ រ៉ា​ឌី​ណា ​អនុ​ប្រធា​ននាយក​ដ្ឋាន​គ្រប់​គ្រង​ទឹក​ ព្រៃ​ឈើ និង​ហេដ្ឋារ​ចនា​សម្ព័​ន្ធនៃ​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​ឱ្យដឹង​ថា តាម​រយៈ​គម្រោង​ដោះ​លែង​សត្វ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​ដែល​ចាប់​ផ្តើម​ពី​ឆ្នាំ​២០១៣ ​មក​បាន​ធ្វើ​ការ​ដោះលែ​ង​សត្វ​ព្រៃ​ប្រភេទ​កម្រ​ជា​ច្រើន​ប្រភេទ​។

​លោក​បន្ត​ថា ក្រុ​មការងារ​​គ្រោង​នឹង​រក​ប្រភេទ​សត្វ​ព្រៃ​ផ្សេងៗ​មួយ​ចំនួន​ទៀត​យក​មក​ដោះលែ​ង​ក្នុង​ឧទ្យាន​អង្គរ​ ប៉ុន្តែ​ដោយ​សារ​តំបន់​នេះ​ជា​តំបន់​ទេស​ចរណ៍ ​ការ​ជ្រើស​រើស​ប្រភេទ​សត្វ​មក​ដោះ​លែង ​ត្រូវការ​ពិនិត្យ​ពិច័យ​ឱ្យ​បាន​ច្បាស់លា​ស់​ធ្វើ​យ៉ាងណា​​កុំឱ្យ​មានការ​ប៉ះ​ពាល់​ដល់​សុវត្ថិភា​ព​ភ្ញៀវ​ទេស​ចរ​។លោក​បញ្ជាក់​ថា ស​ត្វ​ប្រើស​ជា​ប្រភេទ​សត្វ​ដែល​នឹងត្រូវ​យក​មក​​ដោះ​លែង​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​៕