​ភ្នំពេញៈ កញ្ញា អ៊ឹ​ម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ឱ្យដឹងថា ក្រសួង​កំពុង​ពិភាក្សា​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ ដើម្បី​បន្ត​រៀបចំ​ផែន​ការពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ ចំនួន ១ ៦០០​ នាក់​ ក្នុង​បេស​ក​កម្ម​ធ្វើ​ការបម្រើ​កសិករ ១,៦ លាន​គ្រួសារ ឬ​ស្មើនឹង​ចំនួន​ប្រជាជន ៧,៥​ លាន​នាក់ នៅ​គ្រប់​ភូមិ ឃុំ​ទូទាំងប្រទេស ចាប់​ពី​ឆ្នាំ​ ២០២៣ ដល់​ឆ្នាំ ​២០២៨​។​


​កញ្ញា អ៊ឹ​ម រចនា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១១ ខែកក្កដា​ថា ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​ចំនួន ១ ៦០០ ​នាក់​ក្នុង​បេសកកម្ម​ធ្វើការ​បម្រើ​កសិករ ៧,៥ ​លាន​នាក់​នេះ គឺជា​គោល​​នយោបាយ​សំខាន់​របស់​ក្រសួង​កសិកម្ម​សម្រាប់​អាណត្តិ​ក្រោយនេះ បើសិនជា​រាជរដ្ឋាភិបាល​ថ្មី នី​តី​កាល​ទី​ ៧ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​កញ្ញា​បាន​ថ្លែងថា៖ «​គម្រោង​នេះ ត្រូវបាន​អនុម័ត​ដោយ​មហា​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​មាន​គម្រោង​នឹង ទម្លាក់​ថវិកា​ ១០០​ លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​ទ្រទ្រង់ និង​គាំទ្រ​គម្រោង​នេះ​។ កន្លងទៅ​ក្រសួង​បានដាក់​ពង្រាយ​មន្ត្រី​កសិកម្ម ក្នុង​គម្រោង​សាកល្បង​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រួចមកហើយ​»​។ មន្ត្រី​កសិកម្មដែល​នឹងត្រូវ​ដាក់ពង្រាយ​នៅតាម​ឃុំ​ទូទាំងប្រទេស មាន​តួនាទី​ក្នុង​ការជួយ​គាំទ្រ​លើ​ការងារ​​បច្ចេកទេស ទាំង​បច្ចេកទេស​កសិកម្ម និង​បច្ចេកទេស​គ្រប់គ្រង​ហិរញ្ញវត្ថុ ជាពិសេស ការណែនាំ ពី​របៀប​ប្រើប្រាស់​ទឹក ដើម្បីឱ្យ​សមស្រប​នឹង​ប្រភេទ​ដំណាំ​ដែល​កសិករ​បាន​ដាំ​ដុះ​។


​កញ្ញា រចនា បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖ «​ការងារ​អាទិ​ភាព​ដ៏​ធំ​បំផុត និង​ជា​ការយក​ចិត្ត​ទុកដាក់​របស់​ក្រសួង​ដែរនោះ គឺ​មន្ត្រី​កសិកម្ម​ឃុំ​ទាំងអស់ ត្រូវ​ជួយ​ធ្វើយ៉ាងណា ឱ្យ​ដំណាំ​ដែល​កសិករ​បាន​ដាំ​ដុះ​ហើយ មាន​ទីផ្សារ មានន័យថា ណែនាំ​ដល់​កសិករ​ឱ្យ​យល់​ពី​ទីផ្សារ ដើម្បី​ផលិត​ឱ្យបាន​តាម​ចំនួន​តម្រូវការ​ទីផ្សារ ចៀសវាង​ការ​ផលិត​លើស​ឬ​ខ្វះ​តម្រូវការ​»​។

បើតាម​កញ្ញា អ៊ឹ​ម រចនា ក្រសួងកសិកម្ម​រំពឹង​ថា គោល​​នយោបាយ​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ ១ ៦០០ នាក់ នៅ​ទូទាំងប្រទេស​នេះ​នឹងមាន​ប្រសិទ្ធភាព ហើយ​ឆ្លើយតប​នឹង​សេចក្តីត្រូវការ របស់​កសិករ​នៅ​ទូទាំងប្រទេស ជាពិសេស​ទាក់ទង​នឹង​បច្ចេក​ទេស​, ហិរញ្ញវត្ថុ​និង​ការប្រែប្រួល​អាកាសធាតុ​។​


​លោក វណ្ណ ឫទ្ធី ប្រធាន​ផ្នែក​នាំចេញ​កសិផល នៃ​ក្រុមហ៊ុន​អង្គរហ្រ្គីន យល់ឃើញថា វា​ជាការ​ប្រសើរ​ណាស់ នៅពេលដែល​ការធ្វើ​ស្រែចម្ការ​របស់​ក​សិ​ករ មាន​អ្នកជំនាញ​កសិកម្ម​នៅ​ជិត ដើម្បី​ចៀសវាង​ការធ្វើ​ហើយ​ចាល់​គ្មាន​ទីផ្សារ និង​ការប្រើ​​ប្រាស់​បច្ចេកទេស​មិនបាន​ត្រឹម​ត្រូវ​ជាដើម​។

លោករដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា​ក្នុងកិច្ចសំណេះសំណាលមួយ​ពីខែមិថុ​​នា។ រូប ក្រសួងកសិកម្ម

​លោក​បាន​បញ្ជាក់ថា​៖ «​កន្លងទៅ​យើង​ឃើញ​ហើយ​ថា បញ្ហា​ទីផ្សារ​ជា​បញ្ហា​មួយ​ដែល​តែងតែ​កើតមាន​នៅពេលរ​ដូ​វប្រ​មូល​ផល​។ ជាក់ស្តែង ស្វាយ នាពេល​កន្លង​ទៅបាន​ជួប​ហើយ ដែល​បានធ្វើឱ្យ​កសិករ​បោះបង់​របរ​ដាំ​ស្វាយ​នេះ​ច្រើន​ដែរ នៅ​ឆ្នាំនេះ​។ យើង​សង្ឃឹមថា មន្ត្រី​កសិកម្ម​ដែល​ក្រសួង​គ្រោង​នឹងដាក់​ពង្រាយ​នាពេល​ខាង​មុខ នឹង​ជួយ​ដោះស្រាយ​បញ្ហាលំបាក​របស់​កសិក​រ ដែល​បាន​ជួប​នាពេល​កន្លងមក​បាន​ច្រើន ដើម្បី​រុញ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​ឈានមុខ​គេ ក្នុងនាម​ជា​ប្រទេស​ធ្វើ​កសិកម្ម​»​។​

​ចំណែក​លោក កាន់ គ​ន្ធី នា​​យក​ក្រុមហ៊ុន​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា (CACC) ក៏​ថ្លែង​ដែរ​ថា វា​ជា​ការល្អ​ណាស់ ប្រសិនបើ​រឿងនេះ​វា​កើតឡើង​មែន ព្រោះ​អាចជួយ​សម្រាល​បន្ទុក​ក្រុមហ៊ុន​ក្នុងការ​ចំណាយ​លើ​បុគ្គលិក ហើយ​ជួយ​ឱ្យ​ក្រសួង​ធ្វើការ​ជាមួយ​កសិករ​ដោយផ្ទាល់​និង​តាមដាន​ការអនុវត្ត​ផ្សេងៗ​។

​លោក​ថ្លែងថា​៖ «​បើសិន​ជាមាន​មន្ត្រី​ជំនាញ​កសិកម្ម​គ្រប់​ឃុំ វា​ល្អ​។ ល្អ​ត្រង់ចំណុច​ថា ខាង​ក្រសួង​តាមរយៈ​មន្ត្រី​កសិកម្ម​ឃុំ អាច​តាមដាន​ការអនុវត្ត​នានា នូវ​អ្វីដែល​ក្រសួង​បាន​បង្រៀន​ដល់​កសិករ​កន្លងមក តើ​អនុវត្តបាន​កម្រិតណា ជួប​បញ្ហា​អី​ខ្លះ​កន្លងមក​ជាដើម​»​។ លោក​បន្តថា ៖ «​ម្យ៉ាងវិញទៀត កន្លង​ទៅខាង​វិស័យ​ឯកជន​យើង​បាន​វិនិយោគ​ច្រើន លើ​មន្ត្រី​កសិកម្ម​នេះ នៅពេលដែល​ចុះ​តាម​ឃុំ​ម្តងៗ ដូចនេះ​យើង​អាច​កាត់បន្ថយ​ការចំណាយ​របស់​យើង​បានដែរ​»​។​

​បើតាម​ក្រសួងកសិកម្ម គម្រោង​សាកល្បង ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​តាម​ឃុំ នាពេល​កន្លងមកនេះ​ក្រុមការងារ​មន្ត្រី​កសិកម្ម​ឃុំ​ទាំងនោះ បាន​ចុះជួយ​ណែនាំ​ពី​គម្រោង​បាន​នៅ​គ្រប់ ​១០ ​ឃុំ និង​មេភូមិ​ទាំង​ ៧៤ ​ភូមិ​នៃ​ស្រុក ជើងព្រៃ ខេត្តកំពង់ចាម​។​ក្រុមការងារ​នេះ​បាន​ចុះ​ជួប​ធ្វើការ​ផ្ទាល់​ជាមួយនឹង​កសិករ នៅ​គ្រប់​ភូមិ​ដោយមាន​ការចូលរួម​ជួយ​សហការ​ពី​មេភូមិ និង​បានរៀបចំ​ឱ្យមាន​សហគមន៍​កសិក​ម្ម​នៅ​គ្រប់​ឃុំ ដើម្បី​ងាយស្រួល​ផ្សា​ភ្ជាប់​កសិករ​មក​ទីផ្សារ​និង​ទទួលបាន​ទុន​បន្ថែម​ផងដែរ​៕