​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ដល់​សមាជិក​អង្គការ​ណា​តូ ​(NATO) និង​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក ជួយ​ទប់ស្កាត់​កុំឱ្យ​មានការ​ប្រើ​ប្រាស់​គ្រាប់បែក​ចង្កោម ក្នុង​សមរភូមិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន បន្ទាប់ពី​អ៊ុយ​ក្រែ​ន​បានទទួល​ជំនួយ​គ្រាប់បែក​នេះ​រាប់សិប​ម៉ឺន​ក្នុង​កញ្ចប់​ជំនួយ​យោធា​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ផ្តល់ឱ្យ​កាលពី​ចុង​សប្តាហ៍​មុន​។​


​លោក​ ហ៊ុន សែន បាន​អំពាវ​​នាវ​បែបនេះ តាមរយៈ​សារ​នៅលើ​បណ្តាញ​សង្គម Twitter ផ្លូវ​​ការ​របស់លោក នា​យប់​ថ្ងៃទី ​១០ ខែកក្កដា ដោយ​លោក​បាន​ទទូច​ឱ្យមាន​ការហាមឃាត់​លើ​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ពី​វ​ង្វ​ង់​សម្ព័ន្ធមិត្ត​អាមេរិក ពិសេស​ពី​សមាជិក​អង្គការ​ណា​តូ​ផ្ទាល់ ដែល​ប្រទេស​ខ្លះ​ជា​សមាជិក​នៃ​អនុសញ្ញា​ទីក្រុង​អូ​ស្លូ ដែល​ហាម​​ប្រាម​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​នេះ​ក្នុង​សឹកសង្គ្រាម​តទៅទៀត​។

​លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​បន្ត​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​អង្គការ NATO និង​ជា​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​មួយចំនួន ដូចជា​ចក្រភព​អង់គ្លេស អេ​ស្ប៉ា​ញ អាល្លឺម៉ង់ កាណាដា ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ហត្ថ​​លេ​ខី នៃ​អនុសញ្ញា​ហាមឃាត់​គ្រាប់បែក​ចង្កោម សូម​មាន​ភាព​ទទួលខុសត្រូវ និង​ចូលរួម​ទប់ស្កាត់​ឱ្យខាងតែបាន ទៅដល់​ប្រ​ធានា​ធិបតី​អាមេរិក ចូ បៃ​ដិ​ន និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កុំឱ្យ​ប្រើ​ប្រាស់​អាវុធ​ដ៏​កាច​សាហាវ​នេះ​»​។​


​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​ ៩ ខែកក្កដា លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ចូ បៃ​ឌិន ​(Joe Biden) និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelensky) ពិចារណា​មិន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​នេះដែរ ដែល​លោក​សង្កត់ធ្ងន់ថា ដើម្បី​បង្ការ​ហានិភ័យ​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​ក្នុង​រយៈពេល​វែង ខណៈ​កម្ពុជា​បាននិងកំពុង​រងគ្រោះ​ពី​ឥទ្ធិពល​គ្រាប់បែក​នេះ អស់​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​ទៅហើយ ដែល​ប​ន្យ​ល់ពី​សង្គ្រាមត្រជាក់​កាលពីដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ ១ ​រូប​ក៏បាន​លើកឡើង​ដែរ​ថា ការបន្ត​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត​របស់​កម្ពុជា ដោយសារ​ប្រទេស​កម្ពុជា​ធ្លា​ប់រង​គ្រោះ និង​កំពុង​រងគ្រោះ​ពី​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ គ្រាប់បែក​ចង្កោម គ្រាប់មីន ដែល​ផលិត​ដោយ​ប្រទេស​មហាអំណាច​។​


​លោក​បាន​បន្តថា នេះ​ជា​សារ​នយោបាយ​មួយ​ដល់​អន្តរជាតិ និង​ជាពិសេស​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ការសម្រេចចិត្ត​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​នឹង​បំផ្លាញ​ភាពសុខសាន្ត​របស់​ប្រទេស​យូរអង្វែង​។​

​លោក យង់ ពៅ បន្តថា​៖ «​ខ្ញុំ​យល់ថា ការ​អំពាវនាវ​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា តិច​ឬ​ច្រើន​មាន​ឥទ្ធិពល​ជា​សារ​នយោបាយ​ក្នុង​កម្រិត​អន្តរជាតិ ទោះបីជា​មហាអំណាច និង​អ៊ុយ​ក្រែ​ន​ផ្ទាល់​មិន​ស្តាប់​ក៏ដោយចុះ ក៏ប៉ុន្តែ​ជា​សារ​ប្រាប់​ពិភពលោក​ថា កម្ពុជា​កំពុងតែ​ឈឺចាប់ និង​រងគ្រោះ ហើយ​មិន​ចង់ឱ្យ​ប្រទេស​ដទៃទៀត​រងគ្រោះ​ដូច​កម្ពុជា ហើយ​ឱ្យ​អន្តរ​​ជាតិ​ពិចារណា​ជាមួយគ្នា​»​។​

​លោក​បន្ថែមទៀតថា ខណៈពេល​នេះ ប្រទេស​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​ប្រើប្រាស់​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​ភាគច្រើន​មាន​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​ហើយ​បើ​អ៊ុយ​ក្រែ​នស​ម្រេច​ប្រើប្រាស់​គ្រាប់បែកចង្កោម​ទៀត​នោះ​នឹង​ធ្វើឱ្យ​អ៊ុយ​ក្រែ​ន​ជួប​ផល​លំបាក​រយៈពេល​វែង​ពិសេស​នៅ​ដំណាក់កាល​រាវរក​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោយ​ចប់​សង្គ្រាម ដែលជា​ផល​លំបាក​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​ក្នុងការ​ប្រើប្រាស់​ដីធ្លី​។​

​ទាក់ទង​នឹង​គ្រាប់បែក​ចង្កោម​នេះដែរ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី១ នៃ​អាជ្ញាធរ​មីន​កម្ពុជា កាលពី​ថ្ងៃទី​ ១០ ខែកក្កដា ក៏បាន​ប្រកាស​គាំទ្រ​លើ​សេចក្តីអំពាវនាវ​របស់​លោក ​ហ៊ុន សែន ក្នុងនាម​ជា​សហគមន៍​សកម្មភាព​មីន និង​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​គ្រាប់បែក​ចង្កោម​នេះ​ផងដែរ​។​

​លោក​បាន​សរសេ​រលើប​ណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក​ថា ការសម្រេចចិត្ត​ក្នុងការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ក្នុង​សង្គ្រាម នឹង​បង្ក​ការបំផ្លិចបំផ្លាញ និង​បង្ក​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់ និង​ជន​ស៊ី​វិល​ទាំង​ក្នុង​សង្គ្រាម និង​ក្រោយ​សង្គ្រាម​។

​លោក លី ធុជ បាន​បញ្ជាក់ថា​៖ «​ការ​​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ក្នុងការ​កម្ចាត់​គ្នា​ទៅវិញទៅមក គ្រាន់តែ​រយៈពេល​ខ្លី ប៉ុន្តែ​ការ​ដោះស្រាយ​គឺ​ប្រើប្រាស់​រយៈពេល​វែង ចំណាយធនធាន​ច្រើន និង​តែងតែ​បង្ក​ការគ្រោះថ្នាក់​ជាប្រចាំ ជាពិសេស​កុមារា​-​កុមារី ក៏ដូចជា​បង្កឱ្យមាន​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​ផងដែរ​»​។​

​សូមជម្រាបថា អនុសញ្ញា​ទីក្រុង​អូ​ស្លូ ជា​អនុសញ្ញា​អន្តរជាតិ​មួយ ដែល​ហាមប្រាម​មិនឱ្យ​មានការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​នេះ​តទៅទៀត នៅក្នុង​សមរភូមិ​សង្គ្រាម​ដែលមាន​ប្រទេស​ចំនួន ​១២៣ ​ប្រទេស​បាន​ចូលរួម ក្នុងនោះ​ប្រទេស​ចំនួន​ ១១១ ជា​សមាជិក និង​ប្រទេស​ជា​រដ្ឋ​ហត្ថលេខី​ចំនួន ១២​។ ទោះជា​យ៉ាងណា ប្រទេស​មហា​អំណាច​មួយចំនួន ក្នុងនោះ​រួមមាន​រុស្ស៊ី និង​សហរដ្ឋអាមេរិក​មិនបាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​អន្តរជាតិ​មួយ​នេះឡើយ​៕