ភ្នំពេញៈ ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ ៣​ នាក់ ​ដែលជា​ភ្នាក់ងារ​ទារប្រាក់​កម្ចី​អន​ឡាញ​ខុសច្បាប់​ទៅ​តុលា​​ការ បន្ទាប់ពី​ឃាត់ខ្លួន​ករណី​គំរាម​កំហែង​ជនរងគ្រោះ​នៅ​ចំណុច​បុរី​ប៉េង​ហួត បឹង​ស្នោ សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​


​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ៣ ​នាក់​នេះ មាន​កិច្ចសហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ និង​មានការ​ឯកភាព​ពី​លោក សេង ហៀ​ង ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​។​

​លោក ​សុខ នី​ត្យា ប្រធាន​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​១១ កក្កដា​ថា ជនសង្ស័យ​ទាំង​ ៣​ នាក់​នោះ​ត្រូវបាន​ឃាត់ខ្លួន​ពីថ្ងៃ​ទី​ ៩ ខែកក្កដា ហើយ​បាន​នាំខ្លួន​មក​សួរ​នៅ​នាយកដ្ឋាន​។ លោក​បន្តថា ក្រោយ​សាក​សួរ នៅ​ព្រឹក​ថ្ងៃទី​ ១១ ខែកក្កដា ឆ្នាំ ​២០២៣ នាយកដ្ឋាន​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​ ៣ ​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់ និង​បន្ត​រក​មេខ្លោង និង​បក្ខពួក​ទៀត​។​


​លោក​ថា​៖ «​បន្ទាប់ពី​សាកសួរ ជនសង្ស័យ​ទាំង​ ៣​ បាន​សារភាពថា ខ្លួន​បាន​បម្រើការ​ជា​ភ្នា​ក់​ងារ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​កម្ចី​អន​​ឡាញ​មួយ មាន​តួនាទី​ជា​អ្នក​បញ្ចុះបញ្ចូល​រក​អ្នកត្រូវការ​ខ្ចីប្រាក់ និង​ជា​អ្នក​ចុះទៅ​ទារប្រាក់​ពី​អ្នក​ខ្ចី​ទាំងនោះ ដែលជា​រឿយៗ​តែង​គំរាម​ដល់​អ្នក​ដែល​មិនបាន​សង​ប្រាក់​ទាន់ ពេលវេលា​»​។

​បើតាម​របាយការណ៍​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​កម្ចី​ប្រាក់​ដែល​ជនសង្ស័យ​បម្រើការ​ គឺ​ពុំមាន​អាជ្ញាប័ណ្ណ និង​សុំច្បាប់​អនុញ្ញាត​ពី​ធនាគារជាតិ​កម្ពុជា​ឡើយ​។ លោក​សុខ នី​ត្យា បាន​អះអាងថា អត្តសញ្ញាណ​ជនសង្ស័យ និង​អ្នកពាក់ព័ន្ធ​នឹងត្រូវ​បង្ហាញ​ក្រោយ​ចប់​ប្រតិបត្តិការ​។


​តាម​ប្រកាស​រវាង​អគ្គស្នងការ​​ដ្ឋា​ន​នគរបាលជាតិ និង​ធនាគារ​ជាតិ​កម្ពុជា​ចុះ​ថ្ងៃទី​ ២៣ មករា ឆ្នាំនេះ​បញ្ជាក់ថា នឹង​ចាត់វិធានការ​ចំពោះ​ការផ្ដល់​ឥណទាន​ខុសច្បាប់ និង​ផ្សព្វផ្សាយ​នានា​តាម​គ្រប់​រូបភាព​ពាក់ព័ន្ធ​នឹង​ការផ្ដល់សេវា​ហិរញ្ញវត្ថុ​គ្មាន​ច្បាប់​។ សេចក្តីប្រកាស​រួម​នោះ​ក៏បាន​ណែ​នាំឱ្យ​ពលរដ្ឋ​ចៀសវាង​ការ​ខ្ចីប្រាក់​ពី​អ្នកផ្ដល់​សេវា​ហិរញ្ញ​វត្ថុ​ក្រៅផ្លូវការ និង​ឱ្យជួយ​រាយ​ការណ៍​មក​ធនាគារជាតិ​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បើ​មាន​ព័ត៌មាន​ពាក់ព័ន្ធ​ការផ្ដល់​ឥណទាន​ខុសច្បាប់​។​

​កាលពី​ខែមិថុនា ឆ្នាំ​ ២០២៣ មាន​នារី​រងគ្រោះ​ម្នាក់​បានដាក់​ពាក្យបណ្ដឹង​ប្តឹង​ម្ចាស់​ប្រាក់កម្ចី​តាម​អន​ឡាញ ក្រោយពី​បង្ហោះ​រូបគាត់​ជា​សាធារណៈ​នៅលើ​ហ្វេ​ស​ប៊ុ​ក​។ នារី​រងគ្រោះ​ដែលមាន​ឈ្មោះ ធាន សាមួន អាយុ​ ២៣​ ឆ្នាំ រស់នៅ​ភូមិ​ផ្គាំ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​​មានជ័យ បាន​រង​ការគំរាមកំហែង​បន្ទាប់ពី​ទទួល​កម្ចី​តាម​អន​ឡាញ​ត្រឹម​លុយ ​៥០​ ដុល្លារ​។​

​ជនរងគ្រោះ​ប្រាប់​សមត្ថកិច្ច​ថា​៖ «​នៅ​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០២៣ ខ្លួន​បាន​ខ្ចីប្រាក់​តាម​អន​ឡាញ​ដែលមាន​ឈ្មោះថា ​«​ត្រូវការ​លុយ​បង្វិល Online» ចំនួន ​៥០​ ដុល្លារ តែ​ខាង​កម្ចី​ឱ្យតែ​ ៣២​ ដុល្លារ​ប៉ុណ្ណោះ ហើយ​ក្នុង​រយៈពេល​ ១​ សប្តាហ៍​ត្រូវ​សង​ចំនួន​ ៥០ ​ដុល្លារ​។ លុះដល់​ថ្ងៃ​ត្រូវ​សង​ខ្លួន​គ្មាន​លទ្ធភាព​សង​ឡើយ ពេលនោះ​ក៏​ស្រាប់​តែ​ខាង​កម្ចី​អន​ឡាញ​ម្នាក់ទៀត​បាន​ទូរស័ព្ទ​មក​ផ្តល់​កម្ចី​ ៥០​ ដុល្លារ ហើយ​លក្ខខណ្ឌ​ត្រូវ​សង​ដូច​កម្ចី​លើក​មុន​ដែរ​។ ព្រោះតែ​គ្មាន​លទ្ធភាព​សង​គាត់​ក៏បាន​ខ្ចី​តាម​អន​ឡាញ​ផ្សេងៗ​បន្ថែម​រហូតដល់​ទៅ​ ១៤​ លើក សរុប​ប្រាក់​ដើម​ដល់​ ៣ ០០០​ ដុល្លារ​»​។​

​ក្រៅពី​នារី​ម្នាក់នេះ នៅ​ដើមខែ​កក្កដា​នេះ ក៏មាន​អ្នកលក់​តាម​អន​ឡាញ​ម្នាក់​ឈ្មោះ​ហៅ​ក្រៅ​ថា ចែ​ផ្ទះសំណាក់ បាន​បង្ហោះ​សារ​ពី​ការ​លង់ខ្លួន​ពាក់​​ព័ន្ធ​នឹង​កម្ចី​តាម​អន​ឡាញ​នេះ រហូត​ចង់​សម្លាប់ខ្លួន​ជាច្រើនលើក ប៉ុន្តែ​មិនបាន​សម្រេច​។​

​ជនរងគ្រោះ​រូបនេះ​ថា គាត់​បានទទួល​កម្ចី​អន​ឡាញ​នេះ​ក្នុង​អត្រា​ការប្រាក់​ខ្ពស់ ហើយ​ទោះ​ព្យាយាម​សង​ការប្រាក់​យ៉ាង​ណា​ក៏​មិនអាច​សង​អស់​រហូត​ទទួលរង​ការគំរាមកំហែង​ជា​បន្តបន្ទាប់​។ តាមរយៈ​បទ​ពិ​​សោធន៍​ស្ត្រី​រូបនេះ​បាន​សុំឱ្យ​ពលរដ្ឋ​កុំ​ស្វែងរក​កម្ចី​តាម​អន​​ឡាញ​។​«​ខ្ញុំ​បកស្រាយ​នេះ​គឺ​ចង់ឱ្យ​បងប្អូន​ដឹង​កម្ចី​មួយ​នេះ​មាន​គ្រោះថ្នាក់​ណាស់​»៕