ភ្នំពេញៈ យ៉ាងហោចណាស់​មនុស្ស​ចំនួន​ ៧៥៦​ នាក់ បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ច​រា​​ចរណ៍​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល​ ៦ ខែ ដើមឆ្នាំ​ ២០២៣ ​ដែល​ចំនួន​នេះ​មានការ​ថយចុះ​ចំនួន ​១៨៦ ​នាក់​ឬ​ស្មើនឹង​ ២០%​ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ​ដែលមាន​អ្នក​​ស្លាប់​រហូតដល់​ ៩៤២​ នាក់​។​


​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃទី​ ១១ ខែកក្កដា បានឱ្យដឹងថា រយៈពេល ​៦ ​ខែ ដើមឆ្នាំ​ ២០២៣ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​ ១ ៥៤៨​ ករណី ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ចំនួន ៧៥៦ នាក់​ស្លាប់ និង​ចំនួន ២ ០៧២​ នាក់ រងរបួស​។ បើ​ធៀប​ជាមួយនឹង​រយៈពេល​ ៦​ ខែ ឆ្នាំ ​២០២២ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១ ៦០៩ ​លើក ថយចុះ ៦១​ លើក ស្មើ​ ៤% និង​បណ្តាលឱ្យ​មនុស្ស​ស្លាប់បាត់​បង់ជីវិត​ចំនួន ៩៤២​ នាក់ ថយចុះ ១៨៦ ​នាក់ ស្មើ ២០% និង​ ២ ២៣៥​នាក់​ទៀត​រងរបួស​ដែលមាន​ការថយចុះ ១៦៣ ​នាក់ ឬ​ស្មើ​ ៧%​។​

​លោក ​ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ថ្លែងថា កត្តា​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ច​រា​ចរណ៍ គឺ​បណ្តាលមកពី​កត្តា​មនុស្ស ដែល​បើកបរ​លើស​ល្បឿន​មាន ​៣៩%, មិន​គោរព​សិទ្ធិ​ ២៥%, បត់​មិន​ប្រយ័ត្ន ១០%, បើកបរ​មិន​ប្រកាន់​ស្តាំ ៩%, វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​៧%, ស្រវឹង​ ៣% និង​ងងុយដេក​ ១%​។ កត្តា​យានយន្ត​មាន​ចំនួន ​៤% និង​កត្តា​អាកាសធាតុ​មាន​ ១%​។​


​លោក ​គឹម បញ្ញា នាយក​​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជាថ្លែងថា ចំពោះ​ទិន្នន័យ​នៃ​ការធ្លាក់ចុះ​នៃ​ការស្លាប់​របួស និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក​នេះ​តម្រូវឱ្យ​ភាគី​ពាក់ព័ន្ធ​មាន​វិធាន​ការ​កាន់តែខ្លាំង​ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​នេះ​។​

​លោក​ថ្លែងថា​៖ «​បើទោះបី​មានការ​ថយចុះ​ក្នុង​រយៈពេល​ ៦​ ខែ​មកនេះ​ក្តី ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​មិនអាច​ធ្វេសប្រហែស​បានទេ​លើ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ ព្រោះ​មិន​ប្រាកដថា ក្នុង​រយៈពេល​ ៦​ ខែ​ទៅមុខទៀត​មានការ​ថយចុះ​ទៀត ឬ​កើន​​ឡើងវិញ​ឡើយ​»​។​


​លោក​ថា​៖ «​យើង​កំពុង​ជោគជ័យ តែ​យើង​សូមឱ្យ​មានការ​រឹតបន្តឹង​វិធានការ​កាន់តែ​តឹងរ៉ឹង​ជាង​មុន​ទៀត ដើម្បីឱ្យ​ចំនួន​នេះ​ទាប​ជាង ឬ​ចុះ​ជាងនេះទៀត​»៕