កណ្ដាល: កុមារា អ៊ុង ខាន់ មឿ អាយុ ២ឆ្នាំ មកពីប្រទេសមីយ៉ាន់ម៉ា បានទទួលការវះកាត់សង្គ្រោះជីវិតពីជំងឺពោះវៀនក្រៅពោះដ៏កម្រ(Omphalocele)នៅមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្នុងប្រទេសកម្ពុជា ដោយកើតចេញពីជំនាញវេជ្ជសាស្ត្រ និងការអាណិតអាសូរដល់កុមារតូចរូបនេះ។
បើតាមការប្រកាសនៅលើទំព័រហ្វេសប៊ុក របស់ Japan Heart បានបង្ហាញថា ការវះកាត់ដោយជោគជ័យនេះ ធ្វើឡើងដោយក្រុមគ្រូពេទ្យជំនាញកម្ពុជា និងជប៉ុន ដែលបានខិតខំប្រឹងប្រែងកាលពីថ្ងៃអាទិត្យ ទី៨ ខែកក្កដា នៅមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្នុងស្រុកឧដុង្គ ខេត្តកណ្តាល។
ប្រភពពីមន្ទីរពេទ្យបេះដូងជប៉ុន បានឱ្យដឹងថា៖ «ការវះកាត់មួយនេះត្រូវបានចំណាយអស់រយៈពេល៥ម៉ោង ក្រោមកិច្ចសហការរវាងក្រុមវេជ្ជបណ្ឌិតឯកទេសកម្ពុជានិងជប៉ុន»។
កុមារាដ៏តូចមឿ បានឆ្លងកាត់ការវះកាត់អស់ជាច្រើនម៉ោងដែលធ្វើឱ្យរាងកាយរបស់គេមានសភាពខ្សោះខ្សោយនិងកំពុងសម្រាកនៅក្នុងបន្ទប់ថែទាំក្រោយវះកាត់(ICU)។ រហូតមកដល់ពេលនេះ មឿ បានធូរស្បើយបន្ថិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។គេកំពុងទទួលបានការថែទាំយ៉ាងល្អពីក្រុមគ្រូពេទ្យ និងម្តាយរបស់គេទាំងយប់ទាំងថ្ងៃ។
ជាមួយក្ដីរំភើបរីករាយដែលរសាយអស់ក្ដីបារម្ភ អ្នកម្ដាយរបស់ មឿ ត្រូវបានស្រង់សម្ដីដោយបាននិយាយថា៖ «សូមអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់ដែលបានជួយកូនប្រុសខ្ញុំ។ពួកយើងបារម្ភណាស់ក្នុងការធ្វើដំណើរមកឆ្ងាយពីផ្ទះ។នៅពេលដែលពួកយើងបានមកដល់ប្រទេសកម្ពុជាមិនថា តែបុគ្គលិកសុខាភិបាលទេគ្រប់គ្នាដែលបម្រើការតាមផ្នែកនីមួយៗបានមើលថែនិងយកអាសាពួកយើងណាស់»។
អ្នកស្រី បានបន្ដថា៖ «ទោះបីជាពួកយើងមិនចេះនិយាយភាសារខ្មែរក៏ដោយតែពួកយើងទទួលបានអារម្មណ៍កក់ក្តៅពីប្រជាជនកម្ពុជាពិតមែន។ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ាមានកុមារជាច្រើនដែលមានជំងឺនិងកំពុងរងទុក្ខដូចកូនប្រុសខ្ញុំអ៊ីចឹងដែរ។សូមអរគុណណាស់ដែលបានខ្វល់ខ្វាយអំពីប្រជាជនភូមា វាមានន័យខ្លាំងណាស់សម្រាប់ពួកយើង»។
ចំពេលមានភាពចលាចលផ្នែកនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាកុមារា មឿ ទទួលបានក្តីសង្ឃឹមជីវិតថ្មីតាមរយៈការគាំទ្រពីអង្គការវេជ្ជសាស្ត្រជប៉ុន នៃមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន។
ដោយសារភាពតានតឹងលើប្រព័ន្ធថែទាំសុខភាពរបស់មីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ការផ្តល់កិច្ចអន្តរាគមន៍វះកាត់ចាំបាច់សម្រាប់ស្ថានភាពដ៏កម្រនេះបានក្លាយជាការលំបាកកាន់តែខ្លាំងឡើង។
ប្រភពពីអង្គការបាននិយាយថា៖«ដោយក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅទូទាំងប្រទេសមីយ៉ាន់ម៉ា ប្រកាសចូលរួមក្នុងការធ្វើកូដកម្មប្រឆាំងនឹងរដ្ឋប្រហារ ស្ថានភាពជំងឺរបស់កុមារា ខាន់មឿ មិនអាចរង់ចាំបានយូរទៀតទេ ដែលត្រូវទាមទារការវះកាត់ព្យាបាលជាបន្ទាន់»។
កាលពីខែមិថុនា អង្គការបេះដូង ជប៉ុន បានធ្វើការរៃអង្គាសប្រាក់ដើម្បីគាំទ្រការវះកាត់របស់កុមារា មឿ ពីប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសកម្ពុជា៕