លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បានអំពាវនាវ​ជាថ្មី​ដល់​បងប្អូនជន​រួមជាតិ អញ្ជើញ​ទៅ​បោះឆ្នោត ឱ្យបាន​គ្រប់ៗ​គ្នា នៅថ្ងៃ​អាទិត្យ ទី២៣ កក្កដា ខាងមុខ​នេះ ដើម្បី​ជ្រើសរើស គណបក្ស​នយោបាយ និង​មេដឹកនាំ​ប្រទេស ដែលខ្លួន​ស្រឡាញ់​ពេញចិត្ត។


ថ្លែងក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​វិមាន​រំឭក​ដល់​អ្នកទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​លើក​ទី១ ពី​ឆ្នាំ១៩១៤ ដល់​ឆ្នាំ១៩១៨ នៅថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានគូសបញ្ជាក់​ថា៖«សូម​បងប្អូន​បោះជូន​គណបក្ស​ណា ដែលបងប្អូន​ជឿជាក់​ថា ពិតជា​គណបក្ស​ដែល​ដឹកនាំ ធ្វើ​ឱ្យ​ប្រជាជន​រស់នៅ​ក្នុង​សុខសន្តិភាព ភាពសុខដុមរមនា​គ្រប់​ជាតិ​សាសន៍ មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាមួយ​នឹង​ភាព​សម្បូរ​សប្បាយ​រុងរឿង ជូន​ប្រទេស​ជាតិ និងប្រជាជន ទាំង​បច្ចុប្បន្ន និង​អនាគត»។

ក្នុងថ្ងៃដំណាលគ្នា​នេះដែរ សម្ព័ន្ធ​សហជីព​ជាតិ (NTUC) ក៏បានចេញ​លិខិត​អំពាវនាវ​ដល់​បងប្អូន សមាជិក-សមាជិកា កម្មករ និយោជិត និងប្រជាពលរដ្ឋ​ទាំងអស់ សូម​អញ្ជើញ​ទៅចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី៧ បានគ្រប់ៗ​គ្នា​ផងដែរ។


សម្ព័ន្ធ​សហជីព​ជាតិ បានបញ្ជាក់​ថា ក្រសួង​ការងារ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានអនុញ្ញាត​ឱ្យ​បងប្អូន​កម្មករ និយោជិត​យើង បានឈប់​សម្រាក​ដើម្បី​ទៅបោះឆ្នោត​ចំនួន ៣ ថ្ងៃ គឺចាប់​ពី​ថ្ងៃទី២២ ដល់ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយ​រក្សា​ប្រាក់​ឈ្នួល និងអត្ថប្រយោជន៍​ផ្សេងៗ ជូន​បងប្អូន​កម្មករ​និយោជិត​យើងនៅ​ដដែល។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បានបញ្ជាក់​តាមរយៈ​លិខិត​អំពាវនាវ​នេះ​ដែរ​ថា សន្លឹក​ឆ្នោត​របស់​បងប្អូន​មួយ​សន្លឹកៗ គឺពិតជា​មានតម្លៃ​បំផុត ក្នុងការពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ប្រព័ន្ធ​យុត្តិធម៌ នីតិរដ្ឋ និងយន្តការ​ចរចា​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​បងប្អូន កម្មករ និយោជិត ឆ្នាំ២០២៤ ខាងមុខនេះ​ និងដើម្បី​កែប្រែ​អនាគត​របស់​យើង និងប្រទេស​ជាតិ ឆ្ពោះទៅ​រក​ការអភិវឌ្ឍ​ស្មើមុខ​ស្មើមាត់​នឹងប្រទេស​ជិតខាង និងអន្ត​រជាតិ តាមរយៈ​ការបោះឆ្នោត​នេះហើយ»។


លោកបានបន្ត​ថា៖«គណបក្ស​នយោបាយ​ចូលរួម មាន​ចំនួន ១៨ ដែលមាន​ក្នុង​បញ្ជី​បោះឆ្នោត ដូចនេះ សូម​បងប្អូន​ទាំងអស់ សូម​ជ្រើសរើស និងគូស​យកបាន​តែមួយ​គត់ ក្នុង​ចំណោម ១៨ គណបក្ស​ឱ្យបាន​ត្រឹមត្រូវ​តាមការណែនាំ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​វត្តមាន​នៃការចូលរួម​បោះឆ្នោត​របស់​បងប្អូន គឺបាន​ឆ្លុះ​បញ្ចាំង ពី​មនសិការ ស្រលាញ់​ជាតិ មាតុភូមិ​របស់ខ្លួន ស្រលាញ់​សុខសន្តិភាព និងកិត្យានុភាព​ជាតិ»។

លើសពី​នេះ​ទៀត សម្ព័ន្ធ​សហជីព​ជាតិ ក៏បានបង្ហាញ​ការជឿជាក់​ថា កម្មករ និយោជិត និងបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹងអញ្ជើញ​ទៅចូលរួម​បោះឆ្នោត​បានគ្រប់ៗ​គ្នា។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត( គ.ជ.ប) បានជូនដំណឹង​ថា ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី៧ នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពី​ម៉ោង ៧៖០០ ព្រឹក រហូត​ដល់​ម៉ោង ៣៖០០ រសៀល។ ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ខ្មែរ ត្រូវមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និងត្រូវមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​សុពលភាព (អ.ខ) ឬឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឱ្យ​ការបោះឆ្នោត (ឯ.អ)៕