ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា តាម​​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ បាន​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ជូន​បងប្អូន​កម្មករ​និយោជិត សរុប​ចំនួន ១០ ៩០០ មកពី​រោងចក្រ​ចំនួន​ ២៩​ ក្នុង​វិស័យ​កាត់ដេរ ដែល​ត្រូវបាន​ព្យួរ​កិច្ច​​សន្យា​ការងារ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។ នេះ​បើតាម​សេចក្តីជូនដំណឹង ស្តីពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ លើក​ទី ​៣ និង​លើក​ទី ​៤ ជូន​បងប្អូន​កម្មករ​និយោជិត ចុះ​ថ្ងៃទី​ ១២ ខែកក្កដា ឆ្នាំ​ ២០២៣​។​


​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​បាន​បញ្ជាក់ដែរថា ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត ជាង​ ១​ ម៉ឺន​នាក់​នេះ ​នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ច​សន្យា​ការងារ​។ ក្នុងនោះ​ចំនួន ថវិកា​ចំនួន ៨១ ០០០​ រៀល (២០ ​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ៧ ​ថ្ងៃ ដល់ ១៤ ថ្ងៃ និង​ថវិកា​ចំនួន ១៦២ ០០០​ រៀល (៤០ ​ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ១៥ ​ថ្ងៃ ដល់​ ១ ​ខែ​។​

​បើតាម​ក្រសួង​ការងារ​៖ «​កម្ម​​ករ​និយោជិត​ជាង ១ ម៉ឺន​នាក់ មកពី​វិស័យ​វាយ​ន​ភណ្ឌ កាត់​ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប ដែល​ទទួលបាន​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​ចុះ​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២៣ ស្តីពី​ការព្យួរ​កិច្ចសន្យាការងារ​កម្មក​រ​និយោជិត ដែល​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ សេដ្ឋកិច្ច​សកល​»​។​


​ក្រសួងក៏បាន​រំឭក​ដែរ​ថា ធនាគារ​វី​ង នឹង​បង្វិលប្រាក់​ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខក​ខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ២១​ ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​។ ហេតុនេះ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បង​ប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួលបាន​សារ​នោះ ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​បំផុត​។

​ក្នុងករណី​បងប្អូន​កម្មករ​-​និយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ទាំង​ ២៩ នេះ មិនបាន​ទទួល​សារ​ទូរស័ព្ទ​ពី​ធនា​គារ​វី​ង នោះទេ ក្រសួង​សូម​ស្នើឱ្យ​បងប្អូន​ទំនាក់ទំនង​សួរ​ព័​ត៌​មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​របស់ខ្លួន​ទៅ​រដ្ឋបាល រោងចក្រ​របស់ខ្លួន ខណៈ​ក្រសួង​នឹង​បន្ត​ជូនដំណឹង​ដល់​បងប្អូន​កម្មករនិយោជិត​រោង​ចក្រ​ដទៃ​ផ្សេងទៀត ដែល​ទទួលបាន​ការអនុញ្ញាត ព្យួរ​កិច្ចសន្យាការងារ​អំពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​នេះ​។ ជាថ្មី​ម្តងទៀត ក្រសួង​ការងារ ក៏បានប្រកាស​សូមឱ្យ​កម្មករ​និ​យោ​ជិត​ជ្រាប​ជា​ព័ត៌មាន និង​សូម​រួសរាន់​ទំនាក់ទំនង​បើកប្រាក់​ឧបត្ថម្ភ​នេះ​នៅតាម​ភ្នាក់ងារ​វី​ង​នានា​ដែល​នៅ​ជិត​បំផុត​ឱ្យបាន​ទាន់ពេលវេលា​។​


​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៣ ខែកក្កដា​នេះ​ថា ការព្យួរ​ការងារ​នៅតាម​បណ្តា​រោងចក្រ​នាពេល​ប​ច្ចុ​ប្បន្ន​ គឺមាន​ចំនួន​ច្រើនជាង​ការ​ប្រកាស​របស់​ក្រសួង​ទៅទៀត ព្រោះ​មាន​ក្រុមហ៊ុន​ខ្លះ​គេច​វេះ​មិនបាន​ផ្តល់ព័ត៌មាន​មក​កាន់​ក្រសួង​ពី​បញ្ហា​ព្យួរការងារ​នៅ​កន្លែង​របស់ខ្លួន​នោះឡើយ​។ លោក​ក៏បាន​សំណូមពរ​ឱ្យ​ក្រុម​អធិការកិច្ច​ចុះ​ពិនិត្យ​នៅតាម​ក្រុមហ៊ុន រោងចក្រ ដែល​មិន​ព្រម​បញ្ជូន​របាយការណ៍​មកកាន់​ក្រសួង ឬ​ចង់​គេចវេះ​ការ​បង់ប្រាក់​ឧបត្ថម្ភ​ដល់ក​ម្មករ​។​

​លោក​ថ្លែងថា​៖ «​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​និ​យោ​ជិត​នេះ គឺមាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហេតុនេះ​អ្វីដែល​ខ្ញុំ​ចង់ឃើញ គឺ​រដ្ឋ​គួរ​រិះរក​វិធី​បង្កើត​ការងារ ឬ​ការវិនិយោគ​ឱ្យបាន​ច្រើន ឬ​ការរក្សា និង​កិច្ច​ព្រម​ព្រៀង​នានា ដើម្បី​ជំរុញ និង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ឱ្យបាន​ច្រើន ដើម្បី​ធានា​និរន្តរ​ភាព​ការងារ​ដល់​ពួកគាត់​»​។​

​លោក​ក៏​សុំឱ្យ​រដ្ឋាភិបាល គិតគូរ​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករ​ដែល​ស្ថិតក្នុង​វិស័យ​ផ្សេងទៀត​៕