ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានចូលរួមធ្វើជាសាក្សីដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានក្លាយជារដ្ឋភាគីទី៥១ ជាភាគីនៃសន្ធិសញ្ញាស្ដីពីមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ពីថ្ងៃទី ១២ ខែកក្កដា នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ សម័យប្រជុំចង្អៀត និងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្ដីពីមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ក្រសួងការបរទេសបានលើកឡើងថា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀតបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនេះ។ សេចក្តីប្រកាសបញ្ជាក់ថា៖ «ការចុះហត្ថលេខានេះ ធ្វើឡើងដោយព្រះអង្គម្ចាស់ ហ្វៃសាលប៊ីន ហ្វាហាន អាលសូដ (Faisal bin Farhan Al-Saud) រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតដែលធ្វើឱ្យអារ៉ាប៊ីសាអ៊ូឌីតក្លាយជារដ្ឋភាគីទី៥១ នៃ TAC ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតចំពោះតម្លៃអាស៊ាន និងគោលការណ៍សន្តិសហវិជ្ជមាន ដែលប្រកបដោយសន្តិភាព និងសហប្រតិបត្តិការដោយមិត្តភាពនៅអាស៊ីអាគ្នេយ៍»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ថ្ងៃទី ១៣ ខែកក្កដាថា សន្ធិសញ្ញា TAC គឺជាសន្ធិសញ្ញាដែលបើកឱ្យបណ្តាប្រទេសមួយចំនួនដែលមិនស្ថិតក្នុងអង្គការតំបន់ ដែលមានន័យថាស្ថិតនៅក្រៅតំបន់អាស៊ីអាគ្នេយ៍អាចចូលរួមក្នុងសន្ធិសញ្ញា TAC នេះបាន។
លោកបានថ្លែងថា កាលពីឆ្នាំ ២០២២ ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានក៏មានការចូលជារដ្ឋនៃសន្ធិសញ្ញានេះច្រើនដែរ ក្នុងនោះរួមមានទាំងប្រទេសអ៊ុយក្រែនក៏បានចូលរួមក្នុងសន្ធិសញ្ញា TAC នេះដែរ។
លោកបានបញ្ជាក់ថា៖ «ដូច្នេះ ការងារនេះ ចង់បង្ហាញថា ទី១ បានបញ្ជាក់ថាអង្គការតំបន់អាស៊ីអាគ្នេយ៍ដែលហៅកាត់ថា អាស៊ាននេះ គឺមានតួនាទីកាន់តែសំខាន់នៅក្នុងកិច្ចការពិភពលោកនិងកិច្ចការតំបន់របស់ខ្លួនដោយបានពង្រីកកិច្ចប្រតិបត្តិការកាន់តែទូលំទូលាយ ដែលពីមុនមកមហាអំណាច និងបណ្តាប្រទេសលើពិភពលោកពុំដែលយល់ពីគុណតម្លៃរបស់ស្ថាប័នអាស៊ីអាគ្នេយ៍ទេ»។
លោកបានបន្ថែមថា ទើបតែឥឡូវនេះអង្គការតំបន់អាស៊ាននេះ ក្លាយជាអង្គការតំបន់ដែលមានតួនាទីកាន់តែសំខាន់ទាំងភូមិសាស្ត្រនយោបាយ ទាំងសេដ្ឋកិច្ចពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។
លោកបានសង្កត់ធ្ងន់ថា៖ «ជាមួយគ្នានេះដែរ កម្ពុជាយើងទទួលបានគុណតម្លៃនៃស្ថាប័ននេះផងដែរ ពីព្រោះស្ថាប័នអាស៊ាននេះកាន់តែពង្រីកឥទ្ធិពល ហើយកម្ពុជាយើងកាន់តែចូលតាមច្រកនៃអង្គការតំបន់នេះពង្រីកខ្លួននៅក្នុងកិច្ចការតំបន់ និងពិភពលោកផងដែរ»។
លោកថា៖ «កម្ពុជាក៏ពង្រីកខ្លួនចូលក្នុងកិច្ចការនយោបាយការទូត ទាំងកិច្ចការដំណោះស្រាយនយោបាយជាអន្តរជាតិ ដោះស្រាយជម្លោះជាអន្តរជាតិ និងតំបន់ រួមនឹងការពង្រីកឥទ្ធិពលពង្រីកវិស័យពាណិជ្ជកម្មរបស់ខ្លួនផងដែរ...»។
ទន្ទឹមនឹងនេះដែរ ក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥណ្ឌូនេស៊ីដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចស្ដីពីមីយ៉ាន់ម៉ាផងដែរ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក ប្រាក់ សុខុន បញ្ជាក់ថា៖ «ការភ្ជាប់ទំនាក់ទំនងគឺជាគន្លឹះក្នុងការលើកកម្ពស់ការទុកចិត្ត និងភាពជឿជាក់លើគ្នាព្រមទាំងការកសាង បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយសន្តិភាព និងបរិយាប័ន្ន»។
លោកក៏បានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ជាពិសេសចំណុចស្តីពីការរិះរកវិធីសាស្ត្រផ្សេងៗដែលអាចគាំទ្រនិងបំពេញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុច។
លើសពីនេះ លោកបានកោតសរសើរលោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃចំពោះវិភាគទានដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច។សូមបញ្ជាក់ថា លោក ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសទទួលជួបលោកស្រី ផិននី វង់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីផងដែរដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនិងបានផ្លាស់ប្តូរទស្សនៈពីបញ្ហានានាដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម៕