“វិមាន​រំឭក​ដល់​អ្នក​ដែល​ទទួលអនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​លើកទី ១ ពី​ឆ្នាំ ១៩១៤ ដល់​ឆ្នាំ ១៩១៨” ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា-បារាំង សម្ពោធ​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ ​កក្កដា ឆ្នាំ ២០២៣ ក្រោម​អធិបតីភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​លោក ហ្សាក់ ប៉ឺឡេ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងជាតិ និង​អន្តរជាតិ។


នា​ពិធី​នោះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើងថា ការសម្ពោធ “​វិមាន​រំឭក​ដល់​អ្នក​ដែល​ទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​លើកទី ១ ពី​ឆ្នាំ ១៩១៤ ដល់​ឆ្នាំ ១៩១៨” គឺ​ចំ​ថ្ងៃ​នៃ​បុណ្យជាតិ​របស់​ប្រទេស​បារាំង ដែល​នេះ​គឺ​រឿង​ដ៏សាទរ​មួយ​របស់​ប្រទេស​បារាំង។​

ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ដឹកនាំ​លើ​ដំណើរការ​សាងសង់ ខណៈ​វិមាន​នេះ ត្រូវបាន​សាងសង់​ឡើងវិញ​ដោយ​រក្សា​តាម​លំនាំ​ដើម​ទាំងស្រុង ដើម្បី​អភិរក្ស​សំណង់​បេតិកភណ្ឌ ប្រវត្តិសាស្ត្រ​នេះ​ឱ្យបាន​ល្អប្រសើរ។


លោក​បន្តថា៖ «​ការសម្ពោធ​វិមាន​រវាង​កម្ពុជា​-​បារាំង គឺជា​ការដាក់ឱ្យ​ស្គា​ល់ពី​តម្លៃ​នៃ​សន្តិភាព​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​ស្ថិតស្ថេរ​យូរអង្វែង​តរៀង​ទៅ ដើម្បី​រួមគ្នា​ថែរក្សា និង​រួម​សាមគី្គភាព​ពិសេស​ជួយ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​កម្ពុជា-បារាំង កាន់​រឹងមាំ​ស៊ីជម្រៅ​ថែមទៀត»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស និង​ប្រគល់​សមិទ្ធផល​ថ្មី​នេះ ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាអ្នក​គ្រប់គ្រង់ និង​ថែរក្សា​ចាប់​ពេលនេះ​តទៅ ហើយ​លោក​ក៏បាន​ប្រគល់ជូន​ស្ថានទូត​បារាំង ដើម្បី​រៀបចំ​ពិធី​រំឭក​ដល់​អ្នក​ដែល​ទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​លើកទី ១ និង​ពិធី​អនុស្សាវរីយ៍​នានា​ផងដែរ។


លោក​ហ៊ុន សែន បានបញ្ជាក់​ទៀតថា​៖ «​ការសម្ពោធ​នៅ​វិមាន​នេះ ខ្ញុំ​រំពឹងថា នឹង​ជួយ​លើក​កម្ពស់​ទេសភាព​នគរូបនីយកម្ម​ក្រុង​ភ្នំពេញ​ឱ្យ​កាន់​តែមាន​សោភ័ណភាព បង្កើត​ទីកន្លែង​លម្ហែ​កម្សាន្ត ទាក់ទាញ​ទេសចរណ៍ និង​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​ទទួល​បាន​ត្រឡប់​មកវិញ​នូវផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដែលជា​ទស្សនីយភាព​ថ្មីមួយ​នៃ​សិល្បៈ​ដ៏ល្អ​ត្រកាល​ពី​អតីតកាល​ឱ្យ​រស់​ឡើងវិញ»។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា លោក ហ្សា​ក់ ប៉ឺ​ឡេ បានលើក​ឡើង​ដែរ​ថា វិមាន​រំឭក​ដល់​អ្នក​ដែល​ទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​លើកទី ១ នេះ​ត្រូវបាន​សាងសង់​រួចរាល់​នៅ​ឆ្នាំ ១៩២៥ និង​ត្រូវបាន​របប​កម្ពុជា​ប្រជាធិបតេយ្យ​បំផ្លាញ​ចោល​នៅ​ឆ្នាំ ១៩៧៥​។ លោក​បញ្ជាក់​បន្តថា វិមាន​នេះ ត្រូវបាន​ស្ថាបនា​ឡើងវិញ​ជា​និម្មិត​រូប​នៃ​មិត្តភាព​កម្ពុជា-បារាំង និង​ជាពិសេស​រំឭក​ដល់​ពលិកម្ម​របស់​កម្ពុជា​ក្នុងការ​បញ្ជូន​កងទ័ព​ទៅ​ជួយ​ច្បាំង​បារាំង និង​ទទួល​បាន​ជ័យជម្នះ​ក្នុង​សង្គ្រាម​លោក​លើកទី ១ នាពេល​នោះ។

លោក ហ្សា​ក់ ប៉ឺ​ឡេ បាន​អះអាង​ដែរ​ថា៖ «​តាមរយៈ​វិមាន​នេះ នឹង​ក្លាយជា​កន្លែង​រំឭក​ដល់​វិញ្ញាណក្ខន្ធ​របស់​ប្រជាជន​កម្ពុជា និង​បារាំង ដែល​បាន​ទទួល​មរណភាព​ក្នុង​បុព្វហេតុ​នៃ​ប្រទេស​បារាំង ដែល​ភាពក្លាហាន និង​ការលះបង់​របស់​ពួកគេ បាន​ធ្វើឱ្យ​មាន​ជ័យជម្នះ​នៅ​ឆ្នាំ ១៩១៨ នៅ​ប្រទេស​បារាំង និង​ជា​និមិត្តរូប​នៃ​ចំណង​មិត្តភាព​កម្ពុជា-បារាំង​ថែមទៀត​ផង»។

វិមាន​នេះ បាន​ប្រើពេល​សាងសង់ ១៦៣ ថ្ងៃ និង មាន​កម្ពស់​សរុប ១២,៣ ម៉ែត្រ ក្នុងនោះ​ខឿន​កម្ពស់ ១,៧០ ម៉ែត្រ​, ខឿន​តម្កល់​កម្ពស់ ៣,២០ ម៉ែត្រ​,​តួកណ្តឹង​ធ្វើ​ពីស្ពាន់​កម្ពស់ ៤,៦០ ម៉ែត្រ និង​រូប​បដិមា​ទាហាន​ខ្មែរ និង​បារាំង​កម្ពស់ ២,៨ ម៉ែត្រ។

ការសាងសង់​វិមាន​នេះដែរ គឺ​ក្រុម​ការងារ​បាន​យក​បំណែក​លោហធាតុ​ដែល​នៅ​សេសសល់​ពីការ​បែកបាក់ ផ្គុំគ្នា​ជាមួយ​នឹងរូប​ដែល​ធ្វើ​បំពេញ​ថ្មី ដើម្បី​រក្សាបាន​នូវ​តម្លៃ​អភិរក្ស និង​ភាពជា​ប្រវត្តិសាស្ត្រ៕​