សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា សាកលវិទ្យាល័យ​ហាវ៉ៃ រួម​នឹង​សាកលវិទ្យាល័យ​កាលីហ្វ័រ​នីញ៉ា​នៃ​សហរដ្ឋ​អាមេរិក បាន​សហការ​ធ្វើ​កំណាយ​បុរាណវិទ្យា​ស្រាវជ្រាវ​រួមគ្នា​មួយ​នៅ​ទីទួល​វិហារ​បុរាណ​ស្ថិតនៅ​ទិសនិរតី​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​អង្គរវត្ត។


បើ​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា ការស្រាវជ្រាវ​នេះ ធ្វើឡើង​ដើម្បី​សិក្សា​អំពី​ទួល​មនុស្ស​រស់នៅ​ក្នុង​ទីក្រុង​អង្គរ​ផង ព្រមទាំង​ចង់ដឹង​ថា តើ​មាន​ការ​ផ្លាស់ប្ដូរ​អ្វីខ្លះ​នៅក្នុង​សហគមន៍​ទីក្រុង​នៅពេល​មានការ​ផ្លាស់ប្ដូរ​សាសនា និង​ការប្តូរ​ទីក្រុង​ពី​តំបន់​អង្គរ​ទៅ​ភាគ​ខាងត្បូង​ផង។

លោក ហេង ពិភាល់ បុរាណ​វិទូ​នៃ​សាកលវិទ្យាល័យ​ហា​វ៉ៃ និង​ជា​ប្រធាន​គម្រោង​ស្រាវជ្រាវ​បាន​ឱ្យដឹង​ថា ការធ្វើ​កំណាយ​ស្រាវជ្រាវ​ពេលនេះ គឺធ្វើ​ឡើង​នៅ​លើ​រចនាសម្ព័ន្ធ​នៃ​ខឿន​ព្រះវិហារ​បុរាណ។​


រចនាប័ទ្ម​សន្លឹក​សីមា​អាចឱ្យ​យើង​កំណត់​អាយុកាល​ទួល​វិហារ​នេះ​ទៅ​អំឡុង​សតវត្សរ៍ទី ១៤ ដល់ទី ១៦ ដូច្នេះ ព្រះវិហារ​ពុទ្ធសាសនា​ថេរវាទ​បុរាណ​នេះ គេ​កសាង​នៅក្នុង​បរិវេណ​ប្រាសាទ​ដែល​ឧទ្ទិស​ទៅដល់​អាទិទេព​ធំ​នៃ​ព្រហ្មញ្ញ​សាសនា គឺ​ព្រះវិស្ណុ ឬ​ព្រះនរាយណ៍។​

លោក​បញ្ជាក់ទៀតថា តាម​ការស្រាវជ្រាវ​ពីមុន​បង្ហាញថា នៅក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត គឺជា​កូន​ក្រុង​មួយ​របស់​រាជធានី​អង្គរ ដូច្នេះ​ហើយ​ទើប​ខ្មែរ​យើង​អ្នក​សៀមរាប​ហៅថា «អង្គរតូច»។​


កូន​ក្រុង​នេះ មាន​ប្រព័ន្ធ​ទួល ស្រះ និង​ផ្លូវ​ខ្វាត់ខ្វែង​ជា​ក្រឡាចត្រង្គ​នៅក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត។

ប្រសិនជា​មើល​តាម​ស្នាម​ក្រឡាចត្រង្គ​របស់​ក្រុង​នេះ យើង​ឃើញថា ទួល​ព្រះវិហារ​ធ្វើ​នៅលើ​ទួល​ដែល​ធ្លាប់ជា​ទួល​ផ្ទះ​មាន​មនុស្ស​រស់នៅ​តាំងពី​សតវត្សរ៍​ទី ១២ មកម្ល៉េះ។

ដូច្នេះហើយ អ្នកស្រាវជ្រាវ​ចម្រុះ​ស្ថាប័ន​ចង់ដឹងថា តើ​ទីតាំង​មនុស្ស​រស់នៅ​កន្លែង​នេះ អាច​បន្សល់​នូវ​ភ័ស្តុតាង​អ្វីខ្លះ​ទាក់ទង​ជាមួយ​នឹងការ​ផ្លាស់ប្តូរ​សាសនា​ពី​ព្រហ្មញ្ញ និង​ពុទ្ធសាសនា​មហាយាន​ទៅជា​ពុទ្ធសាសនា​ថេរវាទ​នៅ​ចុង​សម័យអង្គរ ដែល​ស្រុកខ្មែរ​កំពុងតែ​ប្រតិបត្តិ​រហូត​មកដល់​សព្វថ្ងៃនេះ កើត​មាន​តាំងពី​ជំនាន់​ណា?

ក្រុម​អ្នកស្រាវជ្រាវ ឱ្យដឹងថា នៅ​បរិវេណ​នៃ​ប្រាសាទអង្គរវត្ត គេ​ឃើញ​មាន​ស្លាកស្នាម​ខឿន​ព្រះវិហារ​នៃ​ពុទ្ធសាសនា​ថេរវាទ​សម័យ​បុរាណ​ចំនួន ២ គឺទី ១ នៅ​ទិសនិរតី និង​មួយទៀត​នៅ​ទិសពាយ័ព្យ ដែល​បច្ចុប្បន្ន​នៅមាន​សំណង់​បុស្បុក​តម្កល់​ព្រះពុទ្ធ​មួយអង្គ៕​