ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​រំឭក​ពី​សេចក្តីណែនាំ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ស្តីពី​គោលការណ៍ និង​នីតិវិធី​នៃ​ការអនុវត្ត​អត្រា​ថ្លៃ​អនុគ្រោះ​ពិសេស ៤៨០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង​សម្រាប់​ការប្រើ​ពេលយប់​ចាប់ពី​ម៉ោង ៩:០០ យប់ ដល់​ម៉ោង ៧:០០ ព្រឹក សម្រាប់​អ្នកប្រើប្រាស់​គ្រប់​ប្រភេទ​ក្នុង​វិស័យ​កសិកម្ម ក្នុង​តំបន់ ផ្គត់ផ្គង់​អគ្គិសនី ដែល​ទទួល​ប្រភពពី​បណ្តាញ​ជាតិ។​


នីតិវិធី​ស្នើសុំ​ថ្លៃ​អនុគ្រោះ​រួមមាន​៖​ទី​១.ចំពោះ​ទីតាំង​ប្រើប្រាស់​ជា​សហគមន៍​៖ សហគមន៍​ត្រូវ​ចាត់​បុគ្គល​មួយរូប​តំណាង​សហគមន៍ ហើយ​បុគ្គល​នោះ ត្រូវដាក់​ពាក្យស្នើសុំ​ប្រើប្រាស់​អគ្គិសនី/ស្នើសុំ​ប្ដូរ​ប្រភេទ​អ្នកប្រើប្រាស់ ទៅ​អ្នកផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​នោះ (អគ្គិសនី​កម្ពុជា​/​អ្នកផ្គត់ផ្គង់​នៅ​តំបន់​នោះ) តាមរយៈ​អាជ្ញាធរ​ឃុំ/សង្កាត់។​

ទី​២. ចំពោះ​ទីតាំង​ប្រើប្រាស់​ជា​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​៖ អ្នកស្នើសុំ ត្រូវដាក់​ពាក្យស្នើសុំ​ប្រើប្រាស់​អគ្គិសនី ស្នើសុំ​ប្ដូរ​ប្រភេទ​អ្នកប្រើប្រាស់ ទៅ​អ្នកផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​នោះ (អគ្គិសនី​កម្ពុជា ឬ​អ្នកផ្គត់ផ្គង់​ឯកជន) សូមបញ្ជាក់ថា ក្នុង​ករណី​ទីតាំង​ស្នើសុំ​នោះ ស្ថិតនៅ​ក្នុង​តំបន់​របស់​អ្នកផ្គត់ផ្គង់​ឯកជន អ្នកផ្គត់ផ្គង់​ឯកជន​ត្រូវ​ស្នើសុំ​បន្តទៅ​មូលនិធិ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ( ម.អ.ជ) របស់​អគ្គិសនី​កម្ពុជា ដើម្បី​សុំការ​ឯកភាព។​


ក្រុមការងារ​ចម្រុះ EAC-EDC សម្រាប់​ពន្យល់ និង​បំភ្លឺ ដែលមាន​ទូរស័ព្ទ​ទំនាក់ទំនង លេខ 077 222 012 /090 903 311 សម្រាប់​ជួយ​ពន្យល់ និង​បំភ្លឺ​បន្ថែម អំពី​គោលការណ៍ និង​និតិវិធី​នៃការ​អនុវត្ត​អត្រា​ថ្លៃ​អនុគ្រោះ​ពិសេស​សម្រាប់​វិស័យ​កសិកម្ម​នេះ៕​