លោក គួច ចំរើន អភិបាល​ព្រះ​ខេត្ត​ព្រះសីហនុ បាន​ចេញ​វីដេអូ នៅ​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៣ ដោយ​បាន​អំពាវនាវ​ដល់​សាធារណជន ជាពិសេស ប្រជានេសាទ ត្រូវ​ផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ ជា​បណ្តោះ​អាសន្ន ក្រោយ​ពី​ក្រសួង​ធនធាន​ទឹក និង ឧតុនិយម បានព្យាករណ៍​ថា កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ខ្យល់​ព្យុះ អាច​មាន​ភ្លៀង​ ខ្យល់​បក់បោក និង​រលក​សមុទ្រ​ខ្ពស់ៗ។


លោក គួច ចំរើន បាន​អំពាវនាវ​ដូច្នេះ​ថា៖ «ដោយសារ​តែ​ក្រសួង​ធនធាន​ទឹក បាន​ព្យាករណ៍​ថា ចាប់​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ទៅ អាកាសាធាតុ​មិន​អំណោយ​ផល​នោះ​ទេ គឺ​មាន​ភ្លៀង​ខ្យល់​ខ្លាំង មាន​រលក​ធំៗ ដែល​អាច​បង្ក​ហានិភ័យ ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក ដូច្នេះ យើង​ខ្ញុំ​ក៏សម្រេច​ចិត្ត​សូម​ឱ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ជា​បណ្តោះ​អាសន្ន រង់ចាំ​ដល់​ស្ថានភាព​អាកាសធាតុ​ល្អ​ប្រសើរ​ឡើងវិញ»។

លោក​ក៏​បាន​ជំរុញ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ សហការ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន រៀបចំ​ការ​ផ្អាក​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ និង​ត្រូវ​ទំនាក់ទំនង​ទៅកាន់​ប្រជានេសាទ ដើម្បី​ផ្តល់​ព័ត៌មាន​នេះ និង​ត្រូវ​រិះរក​មធ្យោបាយ​ទាក់ទង​ទៅ​កាន់​ប្រជានេសាទ ដែល​បាន​និង​កំពុង​នេសាទ​នៅ​លើ​សមុទ្រ ហើយ​ផ្តល់​ព័ត៌មាន​នេះ​ដល់​គាត់ ឱ្យ​រក​កោះ​ក្បែរ​នោះ ដើម្បី​ស្នាក់នៅ​បណ្តោះ​អាសន្នសិន ទម្រាំ​អាកាសធាតុ​អំណោយផល​ឡើងវិញ។


លោក​បន្ត​ថា៖ «សូម​កងកម្លាំង​ទាំងអស់ ខិតខំ​ប្រមូល​ស្ថិតិ​ប្រជានេសាទ ដែល​បាន​ចេញ​ទូក​ទៅ​ហើយ ដើម្បី​មាន​លទ្ធភាព​គ្រប់គ្រង​និងត្រៀម​ក្នុង​ការ​ដោះស្រាយ ក្នុង​ករណី​ដែល​មាន​ហានិភ័យ​កើតឡើង និង​ត្រូវ​រាយការណ៍​ឱ្យ​បាន​ទាន់​ពេលវេលា​មក​កាន់​អាជ្ញាធរ​ក្នុង​ករណី​ដែលមាន​បញ្ហា​កើតឡើង​ជាយថាហេតុ»។

គួររំឭកថា ក្រសួង​ធនធានទឹក និង​ឧតុនិយម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​បន្ថែម ស្តីពី​ស្ថានភាព​ធាតុ​អាកាស ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ ២០២៣។ នោះ​គឺ​ក្នុង​មហាសមុទ្រ​ភាគ​ខាងជើង​ប្រទេស ហ្វីលីពីន សម្ពាធ​ទាប​សកម្ម​មួយ កំពុង​នឹង​វិវត្ត​ខ្លួន​ជា​បន្ត​បន្ទាប់ ដែល​នឹង​អាច​ក្លាយ​ទៅ​ជា​ព្យុះទី​៤។ នៅ​ថ្ងៃទី​១៥ ខែ​កក្កដា ព្យុះនេះ​នឹង​ចូលមក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង រួច​បន្តដំណើរ​ឆ្ពោះ​ទៅ​ខាងជើង​ប្រទេស​វៀតណាម អំឡុង​ថ្ងៃទី​១៩ ខែ​កក្កដា។


ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ស្ថានភាព​បែបនេះ នឹង​ធ្វើ​ឱ្យ​តំបន់​វាលទំនាប ( សណ្ដូកពី​ទិសពាយ័ព្យ ទៅ​ទិស​អាគ្នេយ៍ រហូត​ដល់​ព្រំដែន​វៀតណាម ពោល​គឺ​តំបន់​ទំនាប​ជុំវិញ​បឹង​ទន្លេសាប និង​ទំនាប​ទន្លេ​បួន​មុខ ស្ថិត​នៅ​អម​សង​ខាង​ទន្លេ​ទាំងបួន ) នឹង​អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម។

ដោយឡែក នៅ​តំបន់​ខ្ពង់រាប (លាត​សន្ធឹង​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ ) ក៏​ត្រូវ​បានក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាស​ថា នឹង​អាច​មាន​ភ្លៀងធ្លាក់ និង​ខ្យល់​ប្រែប្រួល​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ។

ចំណែក​នៅ​តំបន់​មាត់​សមុទ្រ ដែល​ស្ថិត​នៅ​ប៉ែក​និរតី​នៃ​ប្រទស គឺ​ខេត្ត​កោះកុង ព្រះសីហនុ ខេត្តកែប និង​ខេត្តកំពត ចាប់​ពី​ថ្ងៃទី ១៦-២០ ខែ​កក្កដា ត្រូវ​បាន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ប្រកាស​ថា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន។ នៅ​លើ​ផ្ទៃ​សមុទ្រ អាចមាន​ភ្លៀង​ខ្យល់​បក់បោក និង​រលក​សមុទ្រ​ខ្ពស់ៗ។

ក្នុងសេចក្តី​ជូន​ដំណឹង​បន្ថែម​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​ប្រកាស​អំពាវនាវ​ដល់​សាធារណជន ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ធម្មជាតិ ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ៕