​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ឱ្យដឹងពី​គោល​​នយោបាយ​វិស័យ​សុខាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ពង្រឹង និង​ពង្រីក​វិស័យនេះ ដើម្បី​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា​រស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​។​


​លោកស្រី យក់ សម្បត្តិ រដ្ឋលេខា​ធិ​ការ​ប្រចាំការ​នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា គោលនយោបាយ​វិស័យ​សុខាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធានា​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់រូប​រស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​មាន​សុខភាព​ល្អ ដែល​ឈរលើ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​សន្តិភាព​ដោយ​ផ្តោតលើ​គោលដៅ​ធំៗ​ចំនួន ​២​។​

​លោកស្រី​ថ្លែង​បែបនេះ នៅក្នុង​កម្ម​​វិធី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​បក្សនយោបាយ (​កម្មវិធី​តុមូល​) សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣ ប្រធានបទ​ទី​៤ ​គោ​លន​យោ​បាយ​លើ​វិស័យ​សុខាភិបាល​»​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា គ​.​ជ​.​ប នា​ថ្ងៃទី​ ១៥ ខែកក្កដា ឆ្នាំ​ ២០២៣​។​


​ថ្លែង​ក្នុង​កម្មវិធី​តុមូល​នេះ លោកស្រី យក់ សម្បត្តិ បានលើកឡើង​ដែរ​ថា គោលដៅ​ទី១ គឺ​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ​ពី​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ ១៩ ឬ​ជំងឺឆ្លង​កាច​សាហាវ​ផ្សេងទៀត ឬ​គ្រោះអាសន្ន​សុខភាព​សាធារណៈ​ដែល​អាច​លេចឡើង​ជាយ​ថា​​ហេតុ​នៅក្នុង​ពេលខាងមុខ​។​

​ចំណែក​គោលដៅ​ទី​ ២ គឺ​លើក​​កម្ពស់​ស្ថានភាព​សុខភាព និង​សុ​ខុ​មាល​ភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែ​ប្រសើរឡើង​ថែមទៀត ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដូចជា ស្ដ្រី កុមារ វ័យ​ជំទង់ មនុស្ស​ចាស់ជរា ជន​មាន​ពិការភាព​ជាដើម តាមរយៈ​ការពង្រឹង​ភាព​ធន់​នៃ​ប្រព័ន្ធ​សុខាភិបាល និង​ការពង្រឹង​ការ​គាំពារ​សុខភាព​សង្គម ដើម្បី​ឆ្ពោះទៅ​ការ​គ្របដណ្ដប់​សុខ​ភាពជា​សកល​សម្រាប់​ទាំងអស់គ្នា​នៅ​កម្ពុ​ជានា​ដំណាច់ឆ្នាំ ២០៣០​។


​លោកស្រី​បន្តថា គណបក្ស​ប្រជា​​ជនកម្ពុជា ក៏មាន​អាទិភាព​សំខាន់ៗ​ចំនួន ៩ ​ចំណុច​ក្នុង​វិស័យ​សុខា​ភិ​បាល​ផងដែរ ដូចជា ការបន្ត​ចាក់​វ៉ា​ក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩, ផ្ដល់​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព សុវត្ថិភាព​ប្រសិទ្ធភាព និង​សមធម៌ ទាំង​សេវា​បង្ការ សេវា​ព្យាបាល សេវា​ស្ដារនី តិសម្បទា និង​សេវា​សង្គ្រោះ​បឋម ហើយ​ជាពិសេស​ផ្ដល់ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដោយ​ឥតគិតថ្លៃ​ជាដើម​។

​ទន្ទឹមនឹងនេះ ក្រសួង​ក៏​បន្ត​លើក​កម្ពស់​សុខភាព​បន្ត​ពូជ និង​កាត់​​បន្ថយ​អត្រា​មរណៈ​មាតា និង​ទារក កែលម្អ​កង្វះ​អាហារូបត្ថម្ភ កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដែល​បណ្ដាលមកពី​ជំងឺឆ្លង​ចម្បងៗ​ដូចជា ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ ហើយ​និង​ជំងឺមិនឆ្លង​ផ្សេងៗ​ដែល​រួមមាន ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង​សរសៃឈាម ជំងឺមហារីក ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ជំងឺ​សុខភាព​ផ្លូវចិត្ត និង​ព្រមទាំង​កាត់បន្ថយ​ហានិភ័យ​សុខភាព​សាធារណៈ​ចម្បងៗ​ផ្សេងៗ​ទៀត រួម​នឹង​អាទិភាព​មួយចំនួនទៀត​។​

​ជាមួយគ្នានេះដែរ តំណាង​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក នៀម លាង​ឈី​ម ប្រធាន​នាយកដ្ឋាន​សុខភាព និង​សង្គ្រោះ​បឋមបាន​ថ្លែងថា ការពង្រឹង​មន្ទីរពេទ្យ​ថ្នាក់​ខេត្ត​ឱ្យមាន​កម្រិត និង​មាន​សមត្ថភាព​ដូច​មន្ទីរពេទ្យ​ថ្នាក់ជាតិ គឺជា​ការចាំបាច់​ដែល​គណបក្ស​លោក​ត្រូវដាក់​ជា​អាទិភាព​។

លោក​បាន​ថ្លែងថា​៖ «​យើង​ក៏មាន​គោលការណ៍​ក្នុង​ការរៀបចំ​មន្ទីរពេទ្យ​រដ្ឋ​ណាមួយ​ជា​គោល​ក្នុងការ​ព្យាបាល​ជំងឺ​ទៅដល់​ជន​ចាស់ជរា និង​មនុស្សពេញវ័យ​ដោយ​មិន​គិតថ្លៃ​ដែលមាន​ស្តង់ដា​ការព្យាបាល​ដូចនឹង​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​»​។​

​លោក នៀម លាង​ឈី​ម ថ្លែងថា នៅតាម​មណ្ឌល​សុខភាព​នីមួយៗ​ក៏ត្រូវ​មាន​ពេទ្យ​ជំនាញ​ប្រចាំការ​, មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ដល់​កូនក្មេង និង​ទារក​, គ្រប់​មណ្ឌល​សុខ​​ភាព​ត្រូវមាន​ឡាន​សង្គ្រោះបន្ទាន់​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា​, គាំទ្រ​ឱ្យមាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱសថ​បុរាណ និង​ការវាយតម្លៃ​អាជីវកម្ម​ឱសថ​បុរាណ និង​មាន​គោល​ការណ៍​អាទិភាព​សំខាន់ៗ​មួយចំនួនទៀត​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​​ខ្មែរ​រួបរួម​ជាតិ បានលើកឡើង​ពី​គោល​នយោបាយ​របស់ខ្លួន​លើ​វិស័យ​សុខា​ភិ​បាល​នេះ​ផងដែរ​ថា កម្ពុជា​ពិតជា​ត្រូវការ​ប្រព័ន្ធ​សុខាភិបាល​មួយ​ដែលមាន​គុណ​ភាព និង​ប្រសិទ្ធភាព​ដើម្បី​បំពេញ​តួនាទី ផ្តល់​សេវា​ថែទាំ​សុខ​ភាពជា​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​៕