ភ្នំពេញ​: លោក​ ស្កុ​ត នី​សុន ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​ប្តេជ្ញា​ផ្លាស់​ប្តូរជីវិត​របស់​កុមារ​ជួប​ការលំបាក​នៅក្នុង​សហគមន៍​ស្ទឹងមានជ័យ​ឱ្យបាន​ប្រសើរឡើង​។​ ដោយ​ផ្តោតលើ​ការអប់រំ CCF ខិតខំ​ផ្តល់ឱកាស ដល់​កុមារ​ដើម្បី​រួចផុត​ពី​វដ្ត​នៃ​ភាពក្រីក្រ និង​កសាង​អនាគត​ថ្មី​ដល់​ពួកគេ​។ ការអប់រំ គឺជា​បេះដូង​នៃ​បេស​ក​កម្ម​របស់ CCF ដែលមាន​គោល​បំណង​ផ្តល់​អំណាច​ដល់​កុមារ​តាមរយៈ​ចំណេះដឹង​។


​លោក​ នី​សុន ដែលជា​អតីត​នាយក​ប្រតិបត្តិ​ហូលីវូដ បានឱ្យដឹងថា​៖ «​បច្ចុប្បន្ន​កម្មវិធី CCF គាំទ្រ​សិស្ស​សរុប​ចំនួន​ ១ ៨០៧ ​នាក់​ដែល​ក្នុងនោះ ៦៨៩ នាក់​ជា​ក្មេងប្រុស​។ ទោះយ៉ាងណា​ក៏ដោយ មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​អត្រា​បោះបង់​ការសិក្សា​ខ្ពស់​ក្នុងចំណោម​ក្មេងប្រុស បើ​ធៀប​នឹង​ក្មេងស្រី​នៅក្នុង​សហគមន៍​»​។​

​នៅ​ឆ្នាំ​ ២០២២ ​ក្មេងប្រុស​ ៩៩ ​នាក់ បាន​បោះបង់​ការសិក្សា​ក្នុង​កម្មវិធី CCF ដែល​ស្មើនឹង​អត្រា ១២,១៣ ​ភាគរយ​។ បើ​ប្រៀប​ធៀប​ក្មេងស្រី​មាន​អត្រា​បោះបង់​ការសិក្សា ៨,៥២ ​ភាគរយ​។​


​ភាពខុសគ្នា​នេះ​បង្ហាញ​ពី​តម្រូវ​​ការ​វិធានការ​បន្ទាន់ ដើម្បី​ដោះ​​ស្រាយ​បញ្ហា​មូលដ្ឋាន​ដែលនាំឱ្យ​អត្រា​បោះបង់​ការសិក្សា​ខ្ពស់​ក្នុងចំណោម​ក្មេងប្រុស​។​

​លោក ​នី​សុន ​ជា​អតីត​នាយក​ប្រតិបត្តិ​ហូលីវូដ​ដែល​បោះ​មូល​ដ្ឋា​ន​នៅ​ស្ទឹងមានជ័យ ដើម្បី​ជួយ​ដល់​កុមារ​នៅ​កម្ពុជា បាន​បង្កើត​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ជា​មួយ​កុមារ​នៅក្នុង​សាលា​សហគមន៍​របស់លោក​។ ទោះយ៉ាងណា​លោក​លើកឡើងថា មានការ​លំបាក​ក្នុង​ការរក្សា​ក្មេងប្រុស​ឱ្យចូល​រួម​ក្នុងការ​អប់រំ ដោយសារតែ​កង្វះ​និមិត្តរូប​ជា​បុរស​នៅក្នុង​សហគមន៍ ដោយ​ ៨៥ ​ភាគរយ​នៃ​គ្រួសារ ត្រូវបាន​ដឹកនាំ​ដោយ​តែ​ភាគី​ម្តាយ​។


​លោក​បាន​បន្ដថា​៖ «​ក្មេងស្រី​រក្សាបាន​នូវ​អត្រា​នៃ​ការសិក្សា​ខ្ពស់​។ ប៉ុន្ដែ​ក្មេងប្រុស​ទំនងជា​ចង់​នៅផ្ទះ ឬ​មាន​ទំនោរ​លេង​វីដេអូ​ហ្គេម​ច្រើន​»​។ លោក​ជឿថា ក្មេងប្រុស ត្រូវការ​បុគ្គល​គំរូ ដើម្បី​ណែនាំ និង​បំផុសគំនិត​ពួក​-​គេ ជួយ​ពួកគេ​រុករក​ផ្លូវ​ទៅកាន់​ភាព​ពេញវ័យ​ដោយ​ជោគជ័យ​។​

​បុរស​បរទេស ដែល​មិន​យក​គ្រួសារ​ដើម្បី​គាំពារ​ដល់​កុមារ​ក្រីក្រ នៅ​ស្ទឹងមានជ័យ​រូបនេះ បានឱ្យដឹងថា​៖ «​ខ្ញុំ​មិនដឹងថា ក្មេងប្រុស​នៅទីណា​ទេ​។ ពួកគេ​មិន​ចាប់អារម្មណ៍ ហើយ​ដើរ​​លេង​តាមផ្លូវ​ខ្លួនឯង​។ ការ​​ដោះស្រាយ​បញ្ហា​ឱ្យ​ជោគជ័យ​ពិតប្រាកដ​វា​ជាការ​លំបាក​»​។​

​លោក​ នី​សុន​ បាន​និយាយ​ពេល​ព​កុមារី​ម្នាក់​ក្នុង​ដៃ​ថា លោក​មានបំណង​ប្រាថ្នា​ចង់​ក្លាយជា​គំរូ​ម្នាក់​សម្រាប់​សហគមន៍​ស្ទឹង​មានជ័យ តែដោយសារ​លោក​ជា​ជនបរទេស ការធ្វើជា​គំរូ​សម្រាប់​កុមា​រហាក់​គ្មាន​ប្រសិទ្ធភាព​ទេ​។

លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​ចង់​ជួយ ប៉ុន្តែ​ខ្ញុំ​ជា​បុរស​បស្ចិម​ប្រទេស​។ ពួកគេ​ត្រូវការ​គំរូ​ខ្មែរ​ដ៏​ល្អជា​ឪពុក​ខ្មែរ​ដែល​អាច​ពន្យល់​ពី​អត្ថន័យ​នៃ​ការធ្វើជា​ឪពុក​ដ៏​ល្អ និង​ជួយ​គ្រួសារ​។ ខ្ញុំ​មិនអាច​ធ្វើដូច្នេះបាន​ទេ​»​។ លោក​សង្កេតឃើញថា បច្ចុប្បន្ន​សិស្ស​ប្រមាណ ៩០ ​ភាគ​រយ នៅក្នុង​សាលា​សហគមន៍​មួយ​សុទ្ធតែជា​ក្មេងស្រី​ដែល​នេះ​ជា​អត្រា​ដ៏​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ក្មេងប្រុស​ក្នុង​សហគមន៍​។​

​លោក​បាន​រំឭកថា​៖ «​ការចាប់ផ្តើម​ថ្ងៃ​សិក្សា​ដំបូង មាន​ចំនួន​ក្មេងប្រុស និង​ក្មេងស្រី​ស្មើគ្នា​។ ដល់ពេល​ចូលរៀន​វិទ្យា​​ល័យ​គឺ​សិស្សស្រី​កើន​ដល់ ៨០ ភាគរយ​។ ខ្ញុំ​បារម្ភ​ពី​ក្មេងប្រុស តើ​អនាគត​របស់​ពួកគេ​នឹង​ទៅជា​យ៉ាងណា​។ ខ្ញុំ​មិនដឹង​ទេ​។ ខ្ញុំ​មានន័យថា ខ្ញុំ​មិនដឹងថា​ត្រូវធ្វើ​អ្វី​ទៀត​»​។ តាម​ទស្សនៈ​របស់លោក ម្តាយ​មាន​ឥទ្ធិពល​តិចតួច​លើ​កូនប្រុស​របស់​ពួកគេ​។ ប្រសិនបើ​អ្នក​ម្ដាយ​ប្រាប់​កូនស្រី​ឱ្យទៅ​សាលារៀន ពួកគេ​នឹងធ្វើ​វា​។ ប៉ុន្តែ​បើ​ម្ដាយ​ប្រាប់​កូនប្រុស​ពួកគេ​អាច​ទៅ​ឬ​មិន​ទៅ​។ ម្តាយ​មិន​ចង់​ប្រឈមមុខ​នឹង​ពួកគេ​ឬ​ធ្វើឱ្យ​ពួកគេ​ខឹង​។​

​ឧទាហរណ៍​ជាក់ស្ដែង​មួយ​ក្មេងស្រី​ជំទង់​ម្នាក់​ដែល​ទទួល​ស្គាល់​តម្លៃ​នៃ​ការអប់រំ​ក្នុងការ​កែប្រែ​ជីវិត​របស់ខ្លួន ទោះបីជា​ត្រូវការ​ប្រាក់​ចិញ្ចឹមជីវិត​យ៉ាង​ណាក៏ដោយ ក៏​ក្មេងស្រី​រូបនេះ​ស៊ូទ្រាំ​នឹង​ការសិក្សា​ដែរ​។​

​យុវតី ​ស្រី​និ​ច អាយុ ១៩​ ឆ្នាំ មកពី​ខេត្តព្រៃវែង បានសម្រេច​ចិត្ត​ផ្អាក​ការសិក្សា​បន្ទាប់ពី​រៀន​ចប់​ថ្នាក់​ទី​ ៦ ដើម្បី​ធ្វើ​ការងារ​រកប្រាក់​ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ​។​

​បច្ចុប្បន្ននេះ ស្រី​និ​ច រៀន​ថ្នាក់​ទី​ ១១ នៅ Neeson Cripps Academy (NCA)​ ជា​វិទ្យាល័យ​កម្រិតស្ដង់ដា​អន្ដរជាតិ​មួយ​របស់លោក ស្កុ​ត​។ ស្រី​និ​ច​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ថ្វីដ្បិតតែ​ខ្ញុំ​បាន​ផ្អាក​ការសិក្សា ២ ​ឆ្នាំ ដើម្បី​ធ្វើការ​រកប្រាក់​ជួយ​សង់ផ្ទះ​សម​រម្យ​សម្រាប់​ជ្រកកោន​យ៉ាង​ណាក៏ដោយ ក៏​ខ្ញុំ​មិនដែល​នឹក​ឃើញ​បោះបង់​ការសិក្សា​ឡើយ ពីព្រោះ​ខ្ញុំ​យល់ថា មានតែ​ការ​​សិក្សា​ប៉ុណ្ណោះ​អាច​កែប្រែ​ជីវិត​ខ្ញុំ​និង​កូនចៅ​ខ្ញុំ​ជំនាន់​ក្រោយ​បាន​»​។ ស្រី​និ​ច ស្ថិត​ក្នុងចំណោម​ក្មេងស្រី និង​កុមារី​រាប់ពាន់នាក់​ទៀត ដែល​កំពុង​សិក្សា​នៅ​សាលារៀន​មួយ​តាមរយៈ​គម្រោង​អប់រំ​របស់​អង្គ​ការ​មូលនិធិ​កុមារ​កម្ពុជា​។

​មិន​មែនមាន​បញ្ហា​មិន​សមតុល្យ​រវាង​សិស្ស​ប្រុស និង​ស្រី​នៅ​មូល​និ​ធិ​កុមារ​កម្ពុជា (CCF) និ​ន្នា​ការ​នេះ​កំពុង​រីក​រាលដាល​ទូទាំងប្រទេស និង​ពិភពលោក​។​

​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការធ្លាក់ចុះ​នៃ​ការសិក្សា​របស់​សិស្ស​ប្រុស ហើយ​បាន​បញ្ជា​ឱ្យ​ក្រសួង​អប់រំ​ធ្វើការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​។ លោកនាយក​​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូចនេះ ក្នុងជំនួប​ជាមួយ​និស្សិត​និទ្ទេស A ក្នុង​ឆ្នាំ​សិក្សា ​២០២១-២០២២​ នៅ​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។​

​លោក​ថ្លែងថា ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​នាពេល​ថ្មីៗ​នេះ​បេក្ខជន​បានដាក់​ពាក្យ​ប្រឡង​សរុប​ចំនួន ១២៥ ៧៣៩​ នាក់ ក្នុងនោះ​សិស្ស​ប្រឡង​ជាប់​ចំនួន ៩០ ៩៥០ ​នាក់ ស្មើនឹង ៧២,៣៧ ភាគរយ​។ ក្នុងនោះ​សិស្សស្រី​ប្រឡង​ជាប់​ចំនួន ៥ ៥១២ ​នាក់ ស្មើ ៧៧,៥២​ ភាគរយ​។

​ខណៈ​លោកនាយក​រដ្ឋមន្ត្រី​សាទរ​ចំពោះ​ការកើនឡើង​នៃ​បេក្ខជន​ជា​ស្ត្រី​ដែល​ទទួលបាន​ជោគជ័យ​នោះ លោក​នៅតែ​ព្រួយបារម្ភ​អំពី​ការថយចុះ​សមត្ថភាព​សិស្ស​ប្រុស​។ លោក​ហ៊ុន សែន បាន​ថ្លែងថា ចាប់ពី​ថ្នាក់មធ្យមសិក្សា​ដល់​កម្រិត​បរិញ្ញាបត្រ សិស្សស្រី​មាន​ចំនួន​ច្រើនជាង​សិស្ស​ប្រុស​ខណៈ​នៅ​ម្រិ​ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​ចំនួន​និស្សិត​ស្រិ​តិច ហើយ​ថ្នាក់បណ្ឌិត និស្សិត​ស្រី​កាន់តែ​តិច​។ លោក​បានដាក់​ការសង្ស័យថា តើ​វា​អាចមកពី​សិស្ស ឬ​និស្សិត​ប្រុស​ចូល​ចិ​ត្ដ​ដើរលេង​ស្របពេល​សិស្ស និង​និស្សិត​ស្រី​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​នៅផ្ទះ​។​

​លោក​បានឱ្យដឹងថា​៖ «​វា​ក៏​អាច​ផ្ដើមចេញពី​បញ្ហា​ប្រពៃណី​ដែរ ដែល​ស្ដ្រី​ក្រោយ​បញ្ចប់​ការសិក្សា​កម្រិត​បរិញ្ញាបត្រ​ត្រូវ​យកប្ដី និង​មានកូន​។ មានតែ​មួយចំនួន​ណា​នោះទេ​ដែល​ប្ដូរផ្ដាច់​មក​រៀន​។ អ៊ីចឹង​យើង​ពិនិត្យ​មើលថា ត្រឹម​កម្រិត​បរិ​ញ្ញា​ចុះក្រោម ស្ដ្រី​មាន​ចំនួន​លើស ៥០ ​ភាគរយ តែ​នៅ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ស្ដ្រី​នៅត្រឹម​កម្រិត ៣៣ ​ភាគរយ​ហើយ​នៅ​ថ្នាក់បណ្ឌិត​ពេលខ្លះ​ស្ដ្រី​មាន​តិច​តួច​ណាស់​»​។​ 

​លោក​បញ្ជាក់ថា ថ្វីដ្បិតតែ​វា​ជា​និន្នាការ​យ៉ាងណាក៏ដោយ ក៏​គួរ​ខិតខំ​ជំរុញ​យុវជន​ឱ្យទទួល​បានការ​សិក្សា​ដោយសារតែ​អត្រា​នៃ​គម្លាត​នេះ​ខុសគ្នា​ឆ្ងាយ​ពេក​។

​សំដៅលើ​ការបញ្ជាក់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការលើកឡើង​នេះ​។ លោក​ រស់ សុ​វាចា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​សម្រាប់​ពេលនេះ សូម​យោង​ប្រសាសន៍​ដើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាននិងកំពុង​សិក្សា​ស្រាវជ្រាវ​ករណីនេះ​។ ក្រសួង​នឹង​ជម្រាបជូន​ព័ត៌មាន​បច្ចុប្បន្ន​ភាព​នាពេលខាងមុខ​»​។​

​នៅ​សហគមន៍​ស្ទឹងមានជ័យ​អង្គការ​មូលនិធិ CCF​ ធានាបាន​នូវ​គុណភាព​អប់រំ​របស់​កុមារ​ដោយ​ផ្តល់​ការគាំទ្រ​ទាំង​ផ្នែក​រាងកាយ និង​អាហារូបត្ថម្ភ​។​

​លោក ​នី​គី វើដ ប្រធាន​ផ្នែក​ទីផ្សារ និង​ជំនួយការ​នៅ CCF បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​យើង​បាន​សាងសង់​ផ្ទះ​ជាង​ ៥០០​ ខ្នង​ នៅក្នុង​សហគមន៍​ជាពិសេស​សម្រាប់​ឪពុកម្តាយ​របស់​កុមារ​ទាំងនេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការទទួលបាន​ការអប់រំ​របស់​ពួក​​គេ​»​។

​លោក​ វើដ​ បាន​និយាយថា កង្វះ​លំនៅឋាន​សុវត្ថិភាព​ដើរតួ​ជា​ឧបសគ្គ​ក្នុងការ​រក្សា​កុមារ​ទាំង​នេះ​ឱ្យ​ចុះឈ្មោះ​ចូលរៀន​។ ដោយ​គ្មាន​កន្លែង​ស្នាក់នៅ​សមរម្យ ពួក​គេ​ក៏​ប្រឈមមុខ​បញ្ហា​ទទួលបាន​អាហារ និង​ការទទួលបាន​ទឹក​ស្អាត​ផងដែរ​។ យោងតាម​លោក​វើដ កម្មវិធី​របស់​មូលនិធិ​ផ្តោតលើ​ការផ្តល់​ការអប់រំ​ដែលមាន​គុណភាព​ខ្ពស់ ខណៈ​បង្កើត​សហគមន៍​គាំទ្រ និង​រចនាសម្ព័ន្ធ​គ្រួសារ​ដើម្បី​ធានា​ដល់​ភាព​​ជោគជ័យ​របស់​កុមារ​៕