ភ្នំពេញៈ ស្ថាន​បេសកកម្ម​​អចិ​ន្រៃ្ត​យ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​បោះជំហាន​ជា​បន្តបន្ទាប់​ក្នុង​កិច្ចការពារ​សុខុមាលភាព​សិទ្ធិមនុស្ស ពិសេស​ស្ត្រី និង​កុមារ ក្នុង​ទិស​ដៅ​ធានា​ឱ្យបាន​បរិយាកាស​ប្រកបដោយ​កិច្ច​គាំទ្រ និង​លូត​លាស់​សម្រាប់​ទាំងអស់គ្នា​។​ យោងតាម​សេចក្តី​ថ្លែង​​ការណ៍ នា​ថ្ងៃទី​ ១៧ ខែកក្កដា ស្តីពី​កិច្ចខិតខំ​ប្រឹងប្រែង និង​វឌ្ឍនភាព​របស់​កម្ពុជា​លើ​វិស័យ​សិទ្ធិមនុស្ស ត្រូវបាន​លើក​បង្ហាញ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​ស្ថាន​បេស​ក​កម្ម​អចិ​ន្រៃ្ត​យ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺ​ណែវ​។​


​សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា អំឡុង​កិច្ចប្រជុំ​រយៈពេល​ ៤ ​សប្តាហ៍ (​ពីថ្ងៃ​ទី​ ១៩ ខែមិថុនា ដល់​ថ្ងៃទី​ ១៤ ខែកក្កដា ឆ្នាំ​ ២០២៣) ស្ថាន​បេសកកម្ម​អចិ​ន្រៃ្ត​យ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ឡើង​ថ្លែង​បទ​អន្តរា​គម​ន៍​សរុប​ចំនួន​ ២០ ដោយ​ផ្តោត​សំខាន់​លើ​វឌ្ឍនភាព និង​សមិទ្ធផល​របស់​កម្ពុជា ពី​ទិដ្ឋភាព​ច្បាប់ គោ​លន​យោ​បាយ និង​ការអនុវត្ត​ជាក់ស្ដែង ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​គ្រប់​ប្រភេទ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា តាមរយៈ​បទ​អន្តរាគមន៍​របស់​កម្ពុ​ជា​នៅក្នុង​កិច្ចប្រជុំ​នោះ បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​រក្សាបាន​អត្រា​អ្នកមាន​ការងារ​ធ្វើ​ខ្ពស់ នៃ​កម្លាំង​ពលកម្ម​សរុប ខណៈ​ភាពជោគជ័យ​នៃ​ការបង្កើត​ទីផ្សារការងា​រ​នេះ គឺ​ផ្តោតលើ​ការពង្រឹង​សុខុមាល​ភាព​របស់​កម្មករនិយោជិត​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​។​


​ជាក់ស្តែង​គិត​ត្រឹម​ឆ្នាំ​ ២០២២ ជន​មាន​ពិការភាព​បំពេញការងារ​ក្នុង​ស្ថាប័នរដ្ឋ​មាន​ចំនួន​ ៣៧ បាន​កើនឡើង ​២% បើ​ធៀប​នឹង​ឆ្នាំ ២០២០ ខណៈដែល​សហគ្រាស​ឯក​ជន​ចំនួន​ជាង ​២០០ បានផ្ដល់​ការងារ​ដល់​ជន​មាន​ពិការភាព​។​

​ស្ថាន​បេសកកម្ម​អចិ​ន្រៃ្ត​យ៍​​កម្ពុជា បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​ជា​រដ្ឋ​ភាគី​ទៅនឹង​អនុ​សញ្ញា​ស្ដី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​ស្ត្រីភេទ កម្ពុជា​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​លុបបំបាត់​ការរើសអើង​គ្រប់​ទម្រង់​ប្រឆាំង​ស្ត្រី និង​កុមារី ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បោះជំហាន​ជា​បន្តបន្ទាប់​ក្នុង​កិច្ចការពារ​សុខុមាលភាព​សិទ្ធិ​ស្ត្រី និង​កុមារ ក្នុងទិសដៅ​ធានា​ឱ្យបាន​បរិយាកាស​ប្រកបដោយ​កិច្ច​​គាំទ្រ និង​លូតលាស់​សម្រាប់​ទាំងអស់គ្នា​»​។​


​លើសពីនេះ​ទៀត សេចក្តីថ្លែងការណ៍​ក៏បាន​អះអាង​ដែរ​ថា កម្ពុជាជា​ប្រទេស​ជយ​លា​ភី​ក្នុងការ​អនុវត្ត​កតិកា​សញ្ញា​ពិភពលោក​ស្តីពី​ទេ​សន្តរ​ប្រវេសន៍ និង​ជា​រដ្ឋ​ភាគី​ទៅនឹង​ពិធីសារ​ស្តីពី​ការបង្ការ បង្ក្រាប និង​ដាក់ទណ្ឌកម្ម​អំពើ​ជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ កម្ពុជា​ខិតខំ​ដោះស្រាយ​ករណី​ជួញដូរ​មនុស្ស​ដោយ​ផ្តោតលើ​សសរស្ដម្ភ «​បង្ការ និង​ប្រយុទ្ធប្រឆាំង គាំពារ និង​ការ​ផ្តល់ជំនួយ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​»​។

​ដោយឡែក ពាក់ព័ន្ធ​នឹង​លម្ហ​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុ​ជាមាន​ភាពសេរី និង​បើកចំហ​ស្ថាន​បេសកកម្ម​អចិ​ន្រៃ្ត​យ៍ ក៏បាន​បញ្ជាក់​ពី​តួនាទី​ដ៏​រស់​រវើក​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ៦ ០០០ និង​អង្គភាព​ព័ត៌មាន​ជាង​ ២ ០០០ ប្រតិបត្តិ​ការ​ដោយ​សេរី ដោយ​គ្មាន​ការ​​ត្រួតពិនិត្យ​ឬ​រឹតត្បិត ដែល​បានរួម​ចំណែក​ក្នុងការ​លើកកម្ពស់​និង​កិច្ចការពារ​សិទ្ធិមនុស្ស អភិបាលកិច្ច​ល្អ និង​ការ​តាក់​តែង​គោលនយោបាយ​។

​ជាងនេះទៅទៀត គណបក្សនយោបាយ​ចំនួន​ ១៨ បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោតជាតិ នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ ​២០២៣ ដែល​នេះ​ជា​សក្ខីភាព​យ៉ាង​ជាក់ច្បាស់​នៃ​បរិយាកាស​ពហុបក្ស និង​ប្រជាធិបតេយ្យ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​

​ជុំវិញ​រឿងនេះ លោក អំ​ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​នៅ​ថ្ងៃទី​ ១៧ ខែកក្កដា ថ្លែងថា ក្នុងនាម​ជា​អង្គ​ការដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស គឺ​លោក​មិន​បដិសេធ​ទេ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​លើ​សិទ្ធិមនុស្ស​ទូទៅ​។​

​លោក​បន្តថា ប៉ុន្តែ​បើ​មើលទៅ​លម្ហ​សេរីភាព​សិទ្ធិមនុស្ស​,​លម្ហ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល សហគមន៍ និង​សហ​ជីព​,​លម្ហ​សេរីភាព​នយោបាយ​, លម្ហ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា នៅមានកម្រិត និង​នៅមាន​ស្ថានភាព​ធ្លាក់ចុះ​នៅឡើយ ដែល​ទាមទារ​ឱ្យមាន​ការគិតគូរ​បន្ថែ​ម​។​

​លោក អំ សំអាត ថ្លែងថា​៖ «​ខ្ញុំ​យល់ថា កម្ពុជា​គួរតែ​ពិនិត្យមើល​ចំណុច​ខ្វះខាត​បន្ថែម ជុំវិញ​អនុសាសន៍​នានា​ពី​ម​ជ្ឈ​ដ្ឋា​ន​អន្តរជាតិ​លើ​បញ្ហា​ប្រឈម​នានា ដើម្បី​ជំរុញ​កម្ពុជា​ឱ្យ​ទទួលបាន​ផលចំណេញ​ច្រើន កែលម្អ​ពី​បញ្ហា​សិទ្ធិមនុស្ស និង​លើកកម្ពស់​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យបាន​ប្រសើរឡើង​»​។​

​បើតាម​សេចក្តីថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​អចិ​ន្រៃ្ត​យ៍​កម្ពុជា ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ ក៏បាន​លើកឡើង​ដែរ​ថា ក្នុងអំឡុង​សម័យប្រជុំ​លើក​ទី៥៣ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ កម្ពុជា​ក៏បាន​ចូល​ឈ្មោះ​ជា​ប្រទេស​គាំទ្រ​សេចក្តី​ថ្លែង​ការណ៍​រួម​ចំនួន​ ១៣ ដែល​ស្នើ​ដោយ​អាស៊ាន ក្រុម​មិត្ត​ការពារ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ និង​ប្រទេស​នៃ​ក្រុម​ដែលមាន​គំនិត​ដូចគ្នា លើ​ប្រធាន​បទ គ្រួសារ និង​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី ការកាត់បន្ថយ​ភាព​​ក្រីក្រ ថាមពល​ស្អាតស្អំ ការ​ប្រែប្រួល​អាកាសធាតុ សាមគ្គី​ភាព​អន្តរជាតិ និង​ជំនួយ​បច្ចេក​​ទេស និង​ការកសាង​សមត្ថ​ភាព​ផងដែរ​៕