ភ្នំពេញៈ លោក លី ធុជ ទេសរដ្ឋមន្ត្រី និង​អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន បានឱ្យដឹងថា រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ ដែល​ត្រូវ​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​សេសសល់​នៅលើ​ផ្ទៃដី​ឱ្យអស់​។​


​លោក លី ធុជ បានលើកឡើង​ដែរ​ថា មាន​ផ្ទៃដី​សរុប ១ ៨១៧ គីឡូម៉ែត្រ​ក្រឡា​ដែល​ស្មើនឹង ១២ ០៧២ ចម្ការមីន​/​គ្រាប់​, ផ្ទៃដី​មាន​មីន​ ៥៣៨ គីឡូម៉ែត្រ​ក្រឡា​ស្មើនឹង ៦ ៥៤៣ ចម្ការមីន​, ផ្ទៃដី​មាន​គ្រាប់បែក​ចង្កោម​៦៩០ គីឡូម៉ែត្រ​ក្រឡា​ស្មើនឹង ២ ៣៦៣ ចម្ការ​គ្រាប់​និង​ផ្ទៃដី​មាន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដទៃទៀត ចំនួន​៥៩០ គីឡូម៉ែត្រ​ក្រឡា ស្មើនឹង ៣ ១៦៦ ចម្ការ​គ្រាប់​។​

​លោក លី ធុជ បាន​ថ្លែង​ដូចនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​លទ្ធផល​ការងារ បោសសម្អាត​មីន​កន្លងមក ដោយ​ប្រើប្រាស់​ថវិកា​មូល​និ​ធិ​សម្តេច​តេ​ជោ សម្រាប់​ការងារ​បោសសម្អាត​មីន កាលពី​ថ្ងៃទី​១៨ ខែកក្កដា​។​


​លោក​បាន​បញ្ជាក់ដែរថា រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយនេះ ពី ២០២០-២០២២ កម្ពុជា​បាន​រំដោះ​ផ្ទៃដី​មាន​មីន​ចំនួន ៤២០ គីឡូម៉ែត្រ​ក្រឡា ស្មើនឹង​ពាក់កណ្តាល​នៃ​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​របស់​រដ្ឋ​ភាគី​ចំនួន ៣៣ ប្រទេស​នៃ​អនុ​ញ្ញា​អូ​តា​វ៉ា ដែល​កំពុងតែ​ប្រឈម និង​ប្រតិបត្តិការ​បោសសម្អាត​មីន​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាសថា កម្ពុជា​គ្មាន​គ្រាប់មីន ការផ្តល់​ដី​ដោយ​សុវត្ថិភាព និង​ដោយ​ស្នាមញញឹម​ដែល​យក​ឆ្នាំ​២០២៥​ឱ្យ​ក្លាយជា​ឆ្នាំ​គ្មាន​មនុស្ស​ស្លាប់ និង​របួស ហើយ​ជា​ឆ្នាំ​ប្រកបដោយ​ស្នាមញញឹម​បន្ទាប់ពី​រងគ្រោះ​ដោយសារ​គ្រាប់មីន​រយៈពេល​៥៥​ឆ្នាំ (១៩៧០-២០២៥)​។​


​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ខែមិថុនា ឆ្នាំ​២០២៣ ផ្ទៃដី​បោសសម្អាត​រួច​មាន​ចំនួន​២ ៧៩៥ គីឡូម៉ែត្រ​ក្រឡា ដោយ​ក្នុង​នោះបាន​រកឃើញ​មីន​ប្រឆាំង​មនុស្ស​ចំនួន​១ ១៦៧ ៧១៥​គ្រាប់​, មីន​ប្រឆាំង​រថក្រោះ​ចំនួន​២៦ ២២២​គ្រាប់ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៣ ០៧០ ៥២៦​គ្រាប់​។​

​លោក លី ធុជ ថ្លែងថា ចំនួន​ជនរងគ្រោះ​បាន​ថយចុះ​ពី​៤ ៣២០​នាក់​ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម​៤១​នាក់​ក្នុង​ឆ្នាំ​២០២២ និង​មក​នៅក្រោម​ចំនួន​១០០​នាក់​ក្នុង​១​ឆ្នាំ​ជា​មធ្យម​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក ថ្លែងថា​៖ «​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បាន​ទម្លាក់​ថវិកា​ជាង​៣០​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​កម្ពុជា​អស់​មីន នៅ​ឆ្នាំ​២០២៥ ដែល​ក្នុងនោះ​យើង​នឹង​ធ្វើការ​បោសសម្អាត​ដី​ដែលមាន​គ្រាប់មីន​ឱ្យអស់​ប្រមាណ​ជា​១០ ៦៨០​គីឡូម៉ែត្រ​ក្រឡា​»​។

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​មីន បានឱ្យដឹងថា ជនរងគ្រោះ​នីតិកាល​ទី​៦ ឆ្នាំ២០១៨ ដល់​ខែមិថុនា ឆ្នាំ​២០២៣) មាន​ចំនួន ២៧៥​នាក់ តួលេខ​នេះ​មានការ​ថយចុះ ៤៣% បើ​ប្រៀបធៀប​នីតិកាល​ទី​៥ (​ឆ្នាំ​២០១៣ ដល់​ខែមិថុនា ឆ្នាំ​២០១៨) ដែលមាន​ជនរងគ្រោះ​ចំនួន ៤៨៣​នាក់​។​

​ប្រភព​ដដែល​បាន​បន្តថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២៣ ផ្ទៃដី​បោសសម្អាត​រួច​សរុប​ចំនួន​២១៥ គីឡូម៉ែត្រ​ក្រឡា ក្នុងនោះ​ផ្ទៃដី​មាន​មីន​បោសសម្អាត​រួច មាន ១១៣​គីឡូម៉ែត្រ​ក្រឡា ដោយបាន​រកឃើញ​មីន​ប្រឆាំង​មនុស្ស​ចំនួន​១២ ២៩៦​គ្រាប់​, មីន​ប្រឆាំង​រថក្រោះ​ចំនួន​៨៧​គ្រាប់​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៣១ ៣០៧​គ្រាប់​។ ប្រជាពលរដ្ឋ​ទទួលផល​ចំនួន​១៥៣ ៧៥០​គ្រួសារ ស្មើនឹង ៥៥២ ០០៧​នាក់​។​

​បើតាម​អាជ្ញាធរ​មីន​រាជធានី​/​ខេត្ត​អស់​មីន សរុប​ចំនួន​១២ ក្នុងនោះ​មាន ខេត្តស្ទឹងត្រែង ខេត្ត​កែប ខេត្តព្រៃវែង ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ ខេត្តកណ្តាល ​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និង​ខេត្តកំពត​។​

​រីឯ​ខេត្ត​ដែល​គ្រោង​ប្រកាស​អស់​មីន ក្នុង​ឆ្នាំ​២០២៣ មាន​ចំនួន ៦​ខេត្ត ក្នុងនោះ​មាន​ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី​។​

​លោក លី ធុជ ក៏បាន​បញ្ជាក់ដែរថា សម្រាប់​ផែនការ​បោសសម្អាត​មីន​ឆ្នាំ​២០២៤-២០២៥ មាន​ផ្ទៃដី​ចំនួន ៣៥៨​គីឡូម៉ែត្រ​ការ៉េ ដែល​ត្រូវការ​ថវិកា​ប្រមាណ ៧៨​លាន​ដុល្លារ​៕