ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជា​​ជនកម្ពុជា លោក ស ខេង បានចាត់ទុក​ការខិតខំ​ប្រឹងប្រែង​រប​ស់​សហជីព​ថា បានរួម​ចំណែក​ដោះ​​ស្រាយ និង​សម្រាល​បន្ទុក​បញ្ហា​ផ្សេងៗ​របស់​កម្មករ កម្មការិនី​។​


​លោក​បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​នៃ​សហភាព​​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ (CWPUC)​ នា​ថ្ងៃទី​ ១៨ ខែកក្កដា ដែលមាន​អ្នកចូលរួម​ប្រមាណជា ​១ ០០០​ នាក់​។

​លោ​ក ស ខេង បាន​ថ្លែង​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់ដឹកនាំ​សហជីព នាពេល​កន្លងមក ខណៈ​លោក​ថា សកម្មភាព​នេះ​ពិតជា​បានរួម​ចំណែក​ដោះស្រាយ និង​សម្រាល​បន្ទុក​បញ្ហា​ផ្សេងៗ​របស់​កម្មករ កម្មការិនី ស្របតាម​នយោបាយ​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​។​


​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​​ប៊ុ​ក លោ​ក ស ខេង លើកឡើងថា ៖ «​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្ម​ករ​កម្ពុជា បានរួម​ចំណែក​ពង្រឹង និង​បង្កើន​កម្លាំង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ពី​ក្នុងចំណោម​កម្មករ កម្មការិនី និង​ក្រុម​អ្នក​ប្រកបរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​បន្ត​បុព្វហេតុ​នៃ​ការរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​»​។​

​លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី ​១៨ ខែកក្កដា​ថា បើ​ពិនិត្យមើល​ទៅលើ​ទិដ្ឋភាព​ច្បាប់​ដូចជា​ច្បាប់​ការងារ ច្បាប់រដ្ឋធម្មនុញ្ញ អនុសញ្ញា​អន្តរជាតិ សុទ្ធតែ​បាន​ផ្តល់ឱកាស​ឱ្យមាន​ការបង្កើត​សហជីព សមាគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ដើម្បី​លើក​​កម្ពស់​សិទ្ធិ​កម្មករ និង​សិទ្ធិ​ពលរដ្ឋ​ទូទៅ​។


លោក​បន្តថា ប៉ុន្តែ​កន្លងមក​ឃើញថា នៅមាន​បញ្ហា​ជា​ច្រើន​នៅក្នុង​វិស័យ​ការងារ ព្រោះ​មាន​សហជីព​ជាច្រើន​ដែល​ធ្វើ​កា​រលើ​កម្ពស់​សិទ្ធិ​កម្ម​ករ តែង​ទទួលរង​បញ្ហា​ប្រឈម​ពី​សំណាក់​និយោជក អាជ្ញាធរ និង​ពេលខ្លះ​ពី​តុលាការ​ជាដើម​។

​លោក​ថា​៖ «​ផ្ទុយទៅវិញ​មាន​សហជីព​មួយ​ចំនួន​គាត់​ធ្វើ​មិនត្រូវ​តាម​គោល​​ការណ៍​ច្បាប់​ទេ ពួកគាត់​ស្ថិតនៅក្រោម​ឥទ្ធិពល​និយោជក ឥទ្ធិពល​សាសនា និង​គណបក្ស​ផ្សេងៗ តែ​គាត់​បែរជា​ធ្វើ​សកម្មភាព​ការ​ងារ​បាន​ងាយស្រួល​»​។

លោក​បន្តថា​៖ «​ប៉ុន្តែ​ជាក់ស្តែង​ពួកគាត់​មិនសូវ​បាន​ចូលរួម​ជួយ​កម្មករ​ទេ​ហើយ​មានរឿង​ជាច្រើន​គាត់​កាន់ជើង​ថៅកែ អ៊ីចឹង​ជាការ​ស្នើសុំ​របស់ខ្ញុំ ចង់ឱ្យមាន​ការពិនិត្យ​មើល​ឡើងវិញ​ពី​សកម្មភាព​របស់​សហ​ជីព​ទាំងនោះ តើ​ជា​ការជួយ​កម្មករ​បាន​ពិតប្រាកដ​មែន​ឬទេ​?»៕