ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជាបានកំណត់គោលនយោបាយការបរទេសនៅអាណត្តិបន្ទាប់ ដោយយកប្រយោជន៍ជាតិជាធំ និងសន្តិភាពនិយម ហើយប្រើឥរិយាបថទន់ភ្លន់តែម៉ឺងម៉ាត់ដែលបត់បែនក្នុងលម្ហទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិនិងអាស៊ាន។
លោកគង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងឱ្យគណបក្សប្រជាជនកម្ពុជាបានផ្សព្វផ្សាយគោលនយោបាយគណបក្សនេះលើប្រធានបទ «គោលនយោបាយការបរទេស» សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៣។
លោកគង់ ភោគ បានថ្លែងថា ដោយមើលឃើញពីគ្រោះថ្នាក់នៃការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាច និងការប្រែប្រួលភូមិសាស្ត្រនយោបាយពិបាកស្មាន សម្រាប់អាណត្តិទី៧ គណបក្សប្រជាជនកម្ពុជានឹងបន្តប្រកាន់យកប្រយោជន៍ស្នូលរបស់កម្ពុជាដោយគោរពគោលការណ៍រដ្ឋធម្មនុញ្ញជាតិ អធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យជាតិ ដោយមានជំហរមិនចូលបក្សសម្ព័ន្ធយកសន្តិភាពជាធំ។
លោកថា៖«កម្ពុជានឹងមិនយកអធិបតេយ្យកម្ពុជាទៅដោះដូរនឹងប្រយោជន៍ពាណិជ្ជកម្មឬជំនួយណាមួយឡើយ»។
សម្រាប់បញ្ហាបន្ទាត់ព្រំដែន កម្ពុជានឹងគោរពច្បាប់អន្តរជាតិ មានជំហរកែប្រែខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ សម្រាប់ទំនាក់ទំនងនឹងប្រទេសនានា កម្ពុជានឹងបន្តនយោបាយឯករាជ្យ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ នេះបើតាមការលើកឡើងបន្ថែមរបស់លោក គង់ ភោគ។
លោកបានបញ្ជាក់ថា ៖ «កម្ពុជានៅបន្តរក្សាគោលការណ៍ ៧មិន គឺមិនគាំទ្រការប្រើប្រាស់កម្លាំង, មិនគាំទ្រការឈ្លានពានរដ្ឋឯករាជ្យ, មិនគាំទ្រដល់ចលនាបំបែករដ្ឋ, មិនគាំទ្រដល់ការកាត់យកដីពីរដ្ឋអធិបតេយ្យ, មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ,មិនឱ្យមានមូលដ្ឋានយោធាបរទេសនៅកម្ពុជា និងមិនចូលរួមជាមួយប្រទេសណាមូយ ឬក្រុមណាមួយប្រឆាំងប្រទេស ឬក្រុមណាមួយ»។
លោកគង់ ភោគ សង្កត់ធ្ងន់ថា៖ «ធ្វើការពង្រឹងឡើងវិញនូវទំនាក់ទំនងជាប្រពៃណីជាមួយប្រទេសមិត្តចាស់ និងកសាងមិត្តភាព សហប្រតិបត្តិការជាមួយមិត្តថ្មី និងថែទាំ ពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយមិត្តជិតខាងនិងក្នុងតំបន់»។
លោកបានបញ្ជាក់ដែរថា រដ្ឋាភិបាលគណបក្សនេះនឹងស្វែងរកការពង្រឹងតួនាទីកម្ពុជាលើឆាក និងវេទិកាអន្តរជាតិ តាមរយៈពង្រឹងយន្តការពហុភាគីនិយមនិងប្រើប្រាស់សមិទ្ធផលពីជោគជ័យជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមដើម្បីស្មើមុខស្មើមាត់នឹងប្រទេសនានាក្នុងសកលលោក។
សម្រាប់ការទូតសេដ្ឋកិច្ច កម្ពុជានឹងខិតខំជំរុញការទាក់ទាញវិនិយោគ ស្វែងរកទីផ្សារសម្រាប់ផលិតផល គាំទ្រឧស្សាហកម្មនាំចេញ ជាមួយការលើកស្ទួយវប្បធម៌ និងទេសចរណ៍ជាតិ។ កម្ពុជានឹងយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគីដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។
លោកបានលើកឡើងដែរថា សម្រាប់ធនធានមនុស្សផ្នែកការទូត គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបណ្តុះនិងអភិវឌ្ឍសមត្ថភាពមន្ត្រីការទូតជាតិប្រកបដោយវិជ្ជាជីវៈ ស្នេហាជាតិ ដែលមានសក្តានុពល ព្រមទាំងធ្វើកំណែទម្រង់ស្ថាប័នផ្ទៃក្នុងផ្នែកការទូតដើម្បីទទួលបានកាលានុវត្តភាព ពិសេសពង្រីកដែនទំនាក់ទំនងការទូតតាមរយៈការបន្ថែមស្ថានអគ្គរាជទូតទៅតាមតំបន់សំខាន់ៗក្នុងលោក។
ជុំវិញនយោបាយការបរទេសរបស់គណបក្សប្រជាជនកម្ពុជានេះលោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការកំណត់នេះស្របតាមរដ្ឋធម្មនុញ្ញកម្ពុជានៅឆ្នាំ១៩៩៣ ត្រង់មាត្រា៥៣ ពាក់ព័ន្ធនយោបាយការបរទេសដែលលើកឡើងថា កម្ពុជាជាប្រទេសអព្យាក្រឹតអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក។
លោកបានចាប់អារម្មណ៍ត្រង់ការប្រើពាក្យពេចន៍ការបរទេសតួយ៉ាង នយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់និងគោលការណ៍«៧មិន» ដែលលោកថា ជាការឆ្លើយតបសមស្របដល់បរិបទប្រណាំងប្រជែងភូមិសាស្ត្រនយោបាយ ហើយមានការប្រែប្រួលរហ័សពិបាកប៉ាន់ស្មាន។
លោកគិន ភា ថ្លែងថា៖ «កម្ពុជាជាប្រទេសតូច យើងត្រូវតែផ្អែកលើច្បាប់ ហើយឈរលើគោលការណ៍ពហុភាគីនិយម ហើយត្រូវតែធានាបាននូវឯករាជភាពរបស់កម្ពុជា។ កន្លងមកយើងឃើញហើយថា សម្តេចហ៊ុន សែន តែងលើកឡើងថា កម្ពុជាមិនលក់អធិបតេយ្យខ្លួនជាថ្នូរនឹងប្រយោជន៍ពាណិជ្ជកម្មណាមួយទេ»។
លោកបន្ថែមថា កម្ពុជាក្នុងនាមជារដ្ឋតូច ត្រូវតែប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយមនៅចន្លោះការប្រណាំងប្រជែងឥទ្ធិពលមហាអំណាច២ ហើយចូលរួមពង្រឹងតួនាទីរបស់អាស៊ានព្រោះអង្គការតំបន់នេះជាច្រកការទូតដ៏សំខាន់និងច្រកសេដ្ឋកិច្ច-ពាណិជ្ជកម្មធំរបស់កម្ពុជាផងដែរ៕