ភ្នំពេញៈ របាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២៣ នេះមានកម្មករសំណង់ប្រមាណជាង ៦០០ នាក់បានមកចុះបញ្ជិកាដើម្បីទទួលបានបណ្ណ ប.ស.ស ដែលចំនួននេះមានការកើនឡើងប្រមាណ ២៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានប្រាប់ឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣ នេះ មានសហគ្រាសវិស័យសំណង់ចំនួន ៤៣៦ និងកម្មករសំណង់សរុបចំនួន ២៨ ៣៣០ នាក់ ក្នុងនោះស្រីចំនួន ៥ ១៧២ នាក់ បានមកចុះបញ្ជីក្នុងប្រព័ន្ធបេឡាជាតិរបបសន្តិសុខសង្គម។
លោកបន្តថា ដោយឡែកក្នុងរយៈពេល ៦ ខែ ចាប់ពីខែមករា រហូតដល់ខែមិថុនា ក្នុងឆ្នាំ ២០២៣ នេះ មានកម្មករវិស័យសំណង់ចំនួន ៣៣ សហគ្រាស ស្មើនឹង ៦៧១ នាក់ ក្នុងនោះស្រីចំនួន ១៤៥ នាក់ បានមកចុះបញ្ជិកាដើម្បីទទួលបានបណ្ណ ប.ស.ស បើប្រៀប-ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ សហគ្រាសមានការកើនឡើង ៤៣% និងកម្មករ-និយោជិតក្នុងវិស័យនេះមានកើនឡើង ២៣% ប៉ុណ្ណោះ។
លោកថ្លែងថា៖ «ករណីនេះបង្ហាញពីភាពលំបាកគ្រប់គ្រង ជាពិសេសការធ្វើការមិនទៀងទាត់នៃកម្មករនិយោជិតវិស័យមួយនេះដូច្នេះហើយ ប.ស.ស ក៏ជួបបញ្ហាប្រឈមក្នុងការចុះបញ្ជីកម្មករ-និយោជិតវិស័យសំណង់នេះផងដែរព្រោះកម្មករមានចលនាចេញចូលធ្វើការមិនទៀងទាត់ និងមិនមានអត្តសញ្ញាណប័ណ្ណជាដើម»។
លោក ហេង សុផាន់ណារិទ្ធ បន្តថា ខណៈដែលមានបញ្ហាប្រឈមទាំងនេះជាដំណោះស្រាយ ប.ស.សក៏បានសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ធ្វើការផ្សព្វផ្សាយទៅដល់កម្មករនិយោជិតទាំងនោះ ឱ្យយល់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គមចៀសវាងការផ្លាស់ប្តូរចេញ-ចូល មិនច្បាស់លាស់»។
ឆ្លៀតក្នុងឱកាសនេះ លោកក៏សំណូមពរទៅដល់ម្ចាស់ក្រុមហ៊ុនសំណង់ អ្នកម៉ៅការត្រូវមានឆន្ទៈ មកចុះបញ្ជី រាយការណ៍ចំនួនកម្មករឱ្យបានត្រឹមត្រូវ និងចូលរួមបង់ភាគទានជូនកម្មករ ដែលបម្រើការងារក្នុងវិស័យនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រោះនេះជាការចូលរួមចំណែកដ៏សំខាន់បំផុត និងជាគុណធម៌ក្នុងនាមជានិយោជកមិនថា ក្រុមហ៊ុន ឬអ្នកម៉ៅការនោះទេ។
លោក យ៉ាន់ ធី អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) ថ្លែងថា យោងតាមរបាយការណ៍របស់ក្រសួងដែនដី បានបង្ហាញកន្លងមកថា ចំនួនកម្មករសំណង់សរុបក្នុងប្រទេសកម្ពុជាមានចន្លោះពី ២០ ម៉ឺន ទៅ ២៥ ម៉ឺននាក់ដែលកំពុងស្ថិតក្នុងស្ថានភាពបម្រើការងារមិនជាប់លាប់មិនមានការកំណត់ប្រាក់ឈ្នួលពេលខ្លះត្រូវបានអ្នកម៉ៅការរត់ចោលមិនបើកប្រាក់ឈ្នួលឱ្យកម្មករក៏មាន។
លោកបន្តថា ប៉ុន្តែសម្រាប់កម្មករសំណង់ដែលជាសមាជិករបស់សហ័ន្ធ BWTUC មកដល់ពេលនេះគឺបានកត់ត្រាមានចំនួនសរុប ១១ ៣៦៤ នាក់ ហើយក្នុងនោះមានតែសមាជិក ៨ ១១៧ នាក់ប៉ុណ្ណោះ ដែលត្រូវនិយោជក ចុះបញ្ជីពួកគាត់ក្នុងការទទួលបណ្ណប.ស.ស។
ហេតុនេះហើយ លោក យ៉ាន់ ធី ថា ចំនួនកម្មករសំណង់ទាំងនេះ នៅមានតិចតួចខ្លាំងណាស់ដែលទទួលបានបណ្ណ ប.ស.ស ខណៈដែលពួកគាត់បច្ចុប្បន្ននេះ កំពុងប្រឈមនឹងបញ្ហាដូចជាពេលមានគ្រោះថ្នាក់ត្រូវចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ការព្យាបាលហើយក៏អាចនឹងប៉ះពាល់ដល់ការចំណាយផ្សេងៗទៀតនៅក្នុងគ្រួសារពិសេសពួកគាត់អាចនឹងងាយធ្លាក់ចូលក្នុងស្ថានភាពក្រីក្របើមានករណីគ្រោះថ្នាក់ណាមួយកើតឡើងចំពោះពួកគាត់។
លោក យ៉ាន់ ធី បានលើកឡើងថា៖ «ចំពោះឧបសគ្គដែលរារាំងកម្មករសំណង់ មិនអាចទទួលបានបណ្ណ ប.ស.ស ហ្នឹង គឺកើតឡើងដោយសារតែមានក្រុមហ៊ុន ឬការដ្ឋានសំណង់មួយចំនួន នៅមិនទាន់បានចុះបញ្ជីជាមួយ ប.ស.ស នៅឡើយទេ ហើយក៏មានក្រុមហ៊ុនមួយចំនួនទៀតបានចុះបញ្ជីតែបង់ភាគទានសម្រាប់តែបុគ្គលិកធំៗប៉ុណ្ណោះ»។
លោកបន្ថែមទៀតថា ក្រៅពីនេះក្នុងវិស័យសំណង់ក៏មានអ្នកម៉ៅការបន្តច្រើនពេក ដែលជាបញ្ហាពិបាកក្នុងការរកអ្នកទទួលខុសត្រូវលើបញ្ហារបស់កម្មករ ហើយក្រុមអ្នកម៉ៅការទាំងនោះភាគច្រើនមិនបានចុះបញ្ជីអាជីវកម្មរបស់ខ្លួនឡើយ។យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក មានកម្មករនិយោជិតប្រមាណជាង ៣ លាននាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងវិជ្ជាជីវៈ និងកម្មករ-និយោជិតចំនួន ៣៧៤ លាននាក់បន្ថែមទៀត ទទួលរងពីគ្រោះថ្នាក់ការងាររបស់ពួកគេ ប៉ុន្តែមិនបណ្តាលឱ្យបាត់បង់ជីវិតទេ៕