ភ្នំពេញៈ សមាគម​អតីត​អ្នកបួស​ខ្មែរ ដែលជា​សមាគម​ផ្នែក​អ្នកបួស​ដំបូង​គេ​នៅ​កម្ពុជា ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ ដោយ​សមាគម​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ពង្រីក​ទំនាក់ទំនង បង្កើត​ការចែករំលែក​ចំណេះដឹង បទពិសោធន៍ បំ​ណិ​ន​ជីវិត ទ្រទ្រង់​ព្រះពុទ្ធសាសនា និង​មាន​ចក្ខុវិស័យ​ចង់ឃើញ​អ្នកបួស​ខ្មែរ មាន​សាមគ្គីភាព​គ្នា មានលទ្ធភាព​រស់នៅ​ថ្លៃថ្នូរ និង​ជា​គំរូ​ល្អ​ក្នុងសង្គម​។​


​សមាគម​អតីត​អ្នកបួស​ខ្មែរ​ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​សមាគម នៅ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៨ ខែកក្កដា ដែលមាន​អាសយដ្ឋាន ទីស្នាក់ការ​កណ្តាល​នៅ​បុរី​ប៉េង​ហួត​ស្ទឹងមានជ័យ ផ្ទះ​លេខ​៤០ ផ្លូវ​លេខ​៨ ក្រុមទី​៩ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាមរយៈ​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា​៖«​សមាគម​អតីត​អ្នកបួស​ខ្មែរ ត្រូវធ្វើ​សកម្មភាព និង​បំពេញ​កាតព្វកិច្ច​ស្របតាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន និង​លក្ខន្តិកៈ​របស់ខ្លួន​ដូច​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ដោយ​មិនមាន​ការរើសអើង ការប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ឬ​សាសនា​ណាមួយ​ឡើយ​»​។​


​ក្រោយ​ចុះបញ្ជី​ស្របច្បាប់​ជា​ផ្លូវការ​សមាគម​អតីត​អ្នកបួស​ខ្មែរ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ​១៩ ខែកក្កដា​ថា ការប្រឹងប្រែង​ជា​បន្តបន្ទាប់​ពេលនេះ​សម្រេច​បានជា​ផ្លូវការ ហើយ​នេះ​ជា​សមិទ្ធផល​ទី​១ របស់​ទាំងអស់គ្នា ដែល​បាន​ចូលរួម​នាពេល​កន្លងមក និង​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​ការចាប់ផ្តើម​សមាគម​ទាំងអស់គ្នា​ផងដែរ​។​

​សមាគម​អតីត​អ្នកបួស​ខ្មែរ​បាន​បន្តថា​៖«​សង្ឃឹមថា តាមរយៈ​សមាគម​នេះ​នឹង​ប្រមូលផ្តុំ​លោក​បង លោក​ប្អូន អតីត​អ្នកបួស​ខ្មែរ​ទាំងអស់ ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​ធ្លាប់​ជ្រក​ក្រោម​ដំបូល​វត្ត​អារាម ម្លប់​ព្រះពុទ្ធសាសនា​ដូចគ្នា ស្រាក់​ដៃ​គ្នា បំពេញបេសកកម្ម កសាង​សាម​គ្ភី​ភាព ចែករំលែក​បទពិសោធ​ន៍ ឱកាស​ការងារ និង​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​រួមគ្នា​ទ្រទ្រង់​សាសនា និង​សង្គមជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​»​។​


​សមាគមន​ក៏​សង្ឃឹមថា សមាគម​អតីត​អ្នកបួស​ខ្មែរ នឹង​ទទួលបាន​ការគាំទ្រ​បន្ថែមទៀត​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ តាមរយៈ​ការរួបរួម​សាមគ្គី​គ្នា ការដឹកនាំ និង​ចង្អុលបង្ហាញ​ពី​ក្រុមប្រឹក្សាភិបាល និង​ទីប្រឹក្សា​ជាន់ខ្ពស់ ដែល​ធ្លាប់​បួស​រៀន​ច្រើន​វស្សា មានចំណេះដឹង​ជ្រៅជ្រះ និង​បទពិសោធន៍​ការងារ ទាំង​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​។​

​លោក ហឿន សំនៀង ក្នុងនាម​អតីត​អ្នកបួស​ខ្មែរ​មួយរូប និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អតីត​អ្នកបួស​ខ្មែរ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែកក្កដា​ថា លោក​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​មោទនភាព​មួយ​សម្រាប់​អតីត​អ្នកបួស​ខ្មែរ​ទាំងអស់​។​

​លោក​ថា​៖«​នេះ​គឺជា​សមាគម​ផ្លូវការ​ដំបូង​គេ​បំផុត​របស់​អតីត​អ្នកបួស​គ្រប់រូប​និង​គ្រប់​ជំនាន់​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ទេ យើង​ធ្លាប់​តែមាន​ពុទ្ធិក​សមាគម​កម្ពុជរ​ដ្ឋ និង​សមាគម​ពុទ្ធសាសនា និង​អង្គការ​សមាគម​ជាច្រើន​។ ប៉ុន្តែ​សមាគម​ដែល​តំណាងឱ្យ​អតីត​អ្នកបួស​មិន​ធ្លាប់មាន​ទេ​»​។

​លោក ហឿន សំនៀង គឺជា​អតីត​អ្នកបួស​រៀនសូត្រ​អស់​រយៈពេល​ប្រមាណ​១៩ វស្សា ឬ​១៩​ឆ្នាំ​នៅ​វត្ត​មួយ​ក្នុង​ខេត្តសៀមរាប ដោយ​លោក​បួស​ជា​ព្រះសង្ឃ​នៅ​អាយុ​១៧ និង​សឹក​ជា​គ្រហស្ថ​នៅពេលដែល​លោក​អាយុ​៣៥​ឆ្នាំ​។​

​លោក​បាន​រំលេច​ថា សមាគម​អតីត​អ្នកបួស​ខ្មែរ បង្កើតឡើង​ដោយមាន​ចក្ខុវិស័យ​ចង់ឃើញ​អតីត​អ្នកបួស​ខ្មែរ​គ្រប់​ជំនាន់​ដែល​កំពុងតែ​រស់នៅ​គ្រប់​ទីកន្លែង និង​បំពេញ​តួនាទី​ភារកិច្ច​ប្រកប​អាជីវកម្ម​នៅក្នុង​គ្រប់​វិស័យ​ទាំង​រដ្ឋ និង​ឯកជន គឺមាន​ការរួបរួម​សាមគ្គី​គ្នា ហើយ​អាចមាន​ការចែករំលែក​ចំណេះដឹង​បទពិសោធន៍ ក្នុង​ស្មារតី​គាំទ្រ​និង​ជ្រោមជ្រែង​ដល់​គ្នា​រវាង​ដល់​អតីត​អ្នកបួស​នៅ​កម្ពុជា​។

​លោក​បាន​ប្រាប់ថា​៖«​សមាគម​នេះ​ក៏​នឹង​ធ្វើការ​ផ្នែក​មនុស្សធម៌ និង​ការងារ​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែ​លើកកម្ពស់​ព្រះពុទ្ធសាសនា​»​។​

​លោក​បាន​ឱ្យដឹងទៀតថា សមាគម​នេះ​មាន​លក្ខណពិសេស​ត្រង់​ថា​អ្នក​ដែល​ចូលរួម​ជា​សមាជិក​បាន ទាល់តែ​ជា​អ្នក​ធ្លាប់បាន​បួស​ក្នុង​សំណាក់​ព្រះពុទ្ធសាសនា​។ ដូច្នេះ​ដើម្បី​បានក្លាយ​ទៅជា​សមាជិក​គឺ​ទាល់តែ​ធ្លាប់បាន​បួស​ក្នុង​សំណាក់​ព្រះពុទ្ធសាសនា ដូចជា​សមាគម​អ្នកឧកញ៉ា​ដែរ ទាល់តែ​មាន​ងារ​ជា​ឧកញ៉ា​ទើប​ចូល​សមាគម​នេះ​បាន​។

​លោក​បាន​បន្ថែមថា ៖ «​ទោះបី​បុគ្គល​នោះ​មានបុណ្យ​ស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់​លុយកាក់​ច្រើន​ប៉ុនណា​ក៏ដោយ​ក៏​មិនអាច​ចូល​ជា​សមាជិកសមាគម​អតីត​អ្នកបួស​ខ្មែរ​បានទេ បើសិនជា​មិន​ធ្លាប់​បួស​។ មួយវិញទៀត បើទោះបីជា​គាត់​ធ្លាប់​រស់នៅក្នុង​ស្ថានភាព​បែបណា មាន​ជីវភាព​បែបណា នៅ​ឆ្ងាយ​ប៉ុនណា និង​បួស​នៅក្នុង​សម័យកាល​ណាក៏ដោយ ក៏​គាត់​អាច​ក្លាយជា​សមាជិកសមាគម​នេះ​បានដែរ ដោយ​មិនមាន​ការរើសអើង ប្រវត្តិ ជីវភាព និង​ឋានៈ​ក្នុងសង្គម​ឡើយ​»​។​

​យោងតាម​ស្មារតី​អង្គសន្និបាត​ផ្លូវ​ការលើក​ទី​១ របស់​អតីត​អ្នកបួស​ខ្មែរ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៣ នា​រាជធានី​ភ្នំពេញ បានសម្រេច​ជ្រើសតាំង​សមាជិក​ក្នុង​អង្គសន្និបាត ចំនួន ៩​រូប ជា​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាភិបាល​សមាគម​អតីត​អ្នកបួស​ខ្មែរ​។​

​សមាសភាព​៩​រូបនោះ​រួមមាន​៖ លោក ហឿន សំនៀង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​,​លោក អឿន សំអាន​, លោក នឹម ឈុ​ន្នី និង​លោក ថន វ​ណ្តុ​ង ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​។​ចំណែក​លោក​មេធាវី វាត់ គីម​លី​,​លោក ធឿន វុ​ឌ្ឍី​, លោក ហ៊ួ សុខ​រ័ត្ន​, លោក ពុន ហ​ង្សេ​ន និង​លោក បៀ​ន យឹម ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​។

​ក្នុងនោះដែរ​ក្រុមប្រឹក្សាភិបាល​បានសម្រេច​ជ្រើសតាំង​លោក ហេង លី​ស៊ិន​ហួន ជា​អគ្គលេខាធិការ សមាគម​អតីត​អ្នកបួស​ខ្មែរ​។​

​បើតាម​លោក ហឿន សំនៀង ក្រៅពី​សមាជិក​ក្រុមប្រឹក្សាភិបាល សមាគម​អតីត​អ្នកបួស​ខ្មែរ នឹងធ្វើ​ការតែងតាំង​ទី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​សមាគម​នេះ​នៅពេល​ដ៏​ខ្លី​ខាងមុខ ដោយ​ក្នុងនោះ​ក៏មាន​លោកគ្រូ សាន សុជា អតីត​អ្នកបួស​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប​ផងដែរ​។

​លោក​ថា​៖«​ថ្នាក់ដឹកនាំ​ដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​សុទ្ធតែជា​អតីត​អ្នកបួសរ​ទាំងអស់ ដែលមាន​តួនាទី និង​បទពិសោធន៍​ការងារ​ផ្សេងៗ​ក្នុងសង្គម ក៏បាន​ស្ម័គ្រចិត្ត​ធ្វើជា​ទីប្រឹក្សា​។ អ៊ីចឹង​!​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ក៏​នឹងមាន​សេចក្តីសម្រេច​ជា​ផ្លូវការ​ចំពោះ​ការតែងតាំង​ជាទី​ប្រឹក្សា ក្នុងនោះ​ក៏​រួមមាន​លោកគ្រូ សាន សុជា និង​មាន​ថ្នាក់ដឹកនាំ​អតីត​អ្នកបួស​ជាច្រើនរូប​ទៀត​ទាំង​ផ្នែក​ខាង​រដ្ឋ និង​ឯកជន​»៕