ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «ការកសាងសមត្ថភាពនិងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា» ខណៈអង្គការ KOICA ប្ដេជ្ញាពង្រីកការកសាងជំនាញវិជ្ជាជីវៈក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យានៅកម្ពុជា។
ពិធីនេះត្រូវបានធ្វើឡើងនា ថ្ងៃទី១៩ ខែកក្កដា នៅទីស្ដីការក្រសួងការងារ ដោយមានការចូលរួមពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក Rho Hyun Jun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា។
តាមរយៈក្រសួងការងារ KOICA បានប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការកសាងជំនាញវិជ្ជាជីវៈក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យា ដល់យុវជនកម្ពុជា និងពាំនាំបទពិសោធន៍នៃការអភិវឌ្ឍជំនាញ នៅប្រទេសកូរ៉េមកបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា។
នាឱកាសនោះដែរលោក អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះអង្គការ KOICA ដែលកន្លងមកបានសហការ និងជួយគាំទ្រការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន TVET ដូចជា ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការគ្រូបច្ចេកទេស និងសិស្ស និស្សិតផ្តល់អ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបណ្តុះបណ្តាលជាដើម។
លោករដ្ឋមន្រ្តីក៏បានបង្ហាញពីការពេញចិត្តចំពោះការចូលរួមអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ពីសំណាក់ដៃគូ KOICA ខណៈសាធារណរដ្ឋកូរ៉េ ក៏មានការរីកចម្រើនលើវិស័យបច្ចេកវិទ្យានៅលើពិភពលោកផងដែរ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ភាគីសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ TVET នៅកម្ពុជាបន្ថែមទៀត ដើម្បីជួយអភិវឌ្ឍធនធានមនុស្សលើវិស័យ TVET ឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ»។
បើតាមលោក អ៊ិត សំហេង គម្រោងកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃ TVET នៅកម្ពុជានេះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យ TVET ជាពិសេសចូលរួមគាំទ្រផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១ លាន ៥ សែននាក់ ដែលរាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣នេះ។
ក្នុងនោះដែរ លោក Rho Hyun Jun បានថ្លែងអំណរគុណដល់ក្រសួងការងារ ដែលបានគាំទ្រលើបេសកកម្មរបស់ KOICA រយៈពេល២០ឆ្នាំមកនេះ ជាពិសេសលើបេសកកម្ម ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយ KOICA ក៏ប្តេជ្ញាចិត្តនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាបន្តទៀត។ លោកបានបញ្ជាក់ថា៖«រដ្ឋាភិបាលសាធារណរដ្ឋ កូរ៉េ បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសសំខាន់បំផុតទី២ នៅក្នុងតំបន់ក្នុងការជួយអភិវឌ្ឍជំនាញ TVET ហើយក៏បានប្ដេជ្ញាពាំនាំបទពិសោធន៍នៃការបណ្ដុះបណ្ដាលជំនាញនៅប្រទេសកូរ៉េ មកជួយបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជីវភាពប្រជាជន អភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ»។
សូមបញ្ជាក់ថា គម្រោង ICT នៃ TVET អនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣-២០២៧ ដែលមានគោលបំណង ដើម្បីរួមចំណែកលើកកម្ពស់គុណភាព TVET តាមរយៈការកែលម្អកម្មវិធីសិក្សា និងបរិយាកាសបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពគ្រូបច្ចេកទេសក្នុងវិស័យ ICT។ កាលពីថ្ងៃទី១៨ ខែកក្កដា អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន ៥ ក្នុងគោលបំណងរួមគ្នាលើកកម្ពស់គុណភាពនៃការអប់រំបណ្តុះបណ្តលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើងផងដែរ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស៕